កីឡាជាតិ
ជាតិ
AFF Mitsubishi៖ ព្រុយណេ ត្រូវប៉ះ ឥណ្ឌូណេស៊ី ឯ ថៃស្វាគមន៍ ហ្វីលីពីន
26, Dec 2022 , 1:59 pm        
រូបភាព
ជម្រើសជាតិហ្វីលីពីន ក្នុងជំនួបជាមួយព្រុយណេ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 រូបពី The Philipine Football Federation
ជម្រើសជាតិហ្វីលីពីន ក្នុងជំនួបជាមួយព្រុយណេ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 រូបពី The Philipine Football Federation
ការប្រកួតក្នុងពូល A នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ជម្រើសជាតិព្រុយណេ ត្រូវប៉ះ ឥណ្ឌូណេស៊ី នៅថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង ៥:០០ល្ងាច នៅកីឡដ្ឋាន Kuala Lumpur ។ ចំណែក ជម្រើសជាតិថៃ ត្រូវប្រកួតជាមួយ ហ្វីលីពីន វេលាម៉ោង ៧:៣០ យប់ នៅកីឡដ្ឋាន Thammasat ។



ពូល A មានការប្រកួតប្រជែងខ្លាំង ដោយ៤ក្រុម ក្នុងចំណោម ៥ក្រុមមាន ៣ពិន្ទុស្មើគ្នា ក្នុងនោះ មានថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងកម្ពុជា ដោយឡែក ព្រុយណេ មិនមានពិន្ទុទេ។ ចំណែក ពូល B ដែលមាន ម៉ាឡេស៊ី វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ គឺមានតែម៉ាឡេស៊ី ប៉ុណ្ណោះមាន៦ពិន្ទុ ។ ប៉ុន្តែមិនប្រាកដថាអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ ព្រោះ វៀតណាម និងសិង្ហបុរី សុទ្ធតែមាន៣ពិន្ទុ និងសល់៣ប្រកួតទៀត។
 
ព្រុយណេ បានចាញ់ ២លើក ក្នុងពូល A ក្នុងជំនួបជាមួយថៃ ក្នុងលទ្ធផល ៥-០ និងចាញ់ហ្វីលីពីន ក្នុងលទ្ធផល ៥-១។ ប្រសិនជាជំនួបជាមួយឥណ្ឌូណេស៊ី ជម្រើសជាតិព្រុយណេ មិនអាចឈ្នះទេ នោះ មានន័យថាជម្រើសជាតិនេះ បាត់បង់ឱកាសទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 
 
ដោយឡែក ប្រសិនជាឥណ្ឌូណេស៊ី ម្ចាស់ជើងឯករង ៦សម័យកាល ឈ្នះក្នុងប្រកួតនេះ នោះ កាន់តែមានភាពកក់ក្ដៅបន្ថែមទៀត ក្នុងការទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្ដែក៏ត្រូវចាំមើលការប្រកួតរបស់ជម្រើសជាតិកម្ពុជាផងដែរ ព្រោះក្រុមគោព្រៃនេះ នៅមាន២ប្រកួត និងមាន៣ពិន្ទុ រួចជាស្រេចបន្ទាប់ពីឈ្នះ ហ្វីលីពីន។ 
 
ចំពោះការប្រកួតព្រឹត្តិការណ៍ AFF Championshipនេះ ជម្រើសជាតិព្រុយណេ គឺជាក្រុម ដែលចូលរួមប្រកួតបានតិចជាងគេបំផុត ដោយគិតពីឆ្នាំ១៩៩៦ ដល់ ២០២២ ទើបបាន២លើកប៉ុណ្ណោះ។
 
ក្នុងថ្ងៃជាមួយគ្នានេះ វេលាម៉ោង ៧:៣០យប់ ជម្រើសជាតិថៃ ក្រុមការពារដំណែងជើងឯក ឆ្នាំ២០២០ ត្រូវប្រកួតជាមួយហ្វីលីពីន នៅកីឡដ្ឋាន Thammasat ។ សម្រាប់ជម្រើសជាតិហ្វីលីពីន នេះ គឺជាការប្រកួតទី៣ ក្នុងពូល។ ប្រសិនជាចាញ់ក្នុងប្រកួតនេះ ការសម្លឹងមើលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ របស់ហ្វីលីពីន កាន់តែខិតទៅឆ្ងាយហើយ ។ ប៉ុន្ដែប្រសិនជាស្មើ ក្រុមទាំងពីរនៅតែ សង្ឃឹមទៅវគ្គបន្ទាប់ ជាពិសេសជម្រើសជាតិថៃ ដោយនៅសល់២ប្រកួតទៀត។ ក្រុមទាំងពីរធ្លាប់ជួបគ្នា ក្នុងព្រឹត្តិការណ៍នេះ ១១លើក ដោយក្នុងនោះហ្វីលីពីន មិនធ្លាប់ឈ្នះថៃនោះទេ ប៉ុន្ដែធ្លាប់ស្មើចំនួនពីរលើក។ ចំពោះបទពិសោធន៍ប្រកួតក្នុងព្រឹត្តិការណ៍ ដែលធ្វើជារៀងរាល់ពីរឆ្នាំម្ដងនេះ ជម្រើសជាតិថៃ បានចូលរួម១៤លើក ខណៈ ហ្វីលីពីន ១៣លើក។
 
គួរបញ្ជាក់ថា ការប្រកួតក្នុងពូល A ជម្រើសជាតិព្រុយណេ ត្រូវជួបជាមួយកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ រីឯថៃ ត្រូវប្រកួតជាមួយ ឥណ្ឌូណេស៊ី។ លុះចូលដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ជម្រើសជាតិថៃ ត្រូវស្វាគមន៍ កម្ពុជា។ ចំណែក ហ្វីលីពីន ត្រូវទទួល ឥណ្ឌូណេស៊ី៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com