អន្តរជាតិ
NGO មួយចំនួនផ្អាកផ្ដល់ជំនួយឱ្យអាហ្វហ្កានីស្ថាន ក្រោយតាលីបង់បញ្ជាឱ្យបញ្ឈប់បុគ្គលិកស្រី
26, Dec 2022 , 4:59 pm        
រូបភាព
ទីភ្នាក់ងារជំនួយអន្តរជាតិមួយចំនួនមានទាំងអង្គការសង្គ្រោះកុមារ (Save the Children) ផង នៅថ្ងៃទី២៥ ខែធ្នូ បានលើកឡើងថា ពួកគេបានផ្អាកកម្មវិធីមនុស្សធម៌ទាំងអស់របស់ខ្លួននៅអាហ្វហ្កានីស្ថាន។ នេះជាការឆ្លើយតបទៅនឹងបទបញ្ជារបស់រដ្ឋបាលគ្រប់គ្រងដោយពួកតាលីបង់ដែលឱ្យបញ្ឈប់ការងារបុគ្គលិកស្រីរបស់អង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងស្រុក និងអន្តរជាតិ។



ពួកតាលីបង់ នៅថ្ងៃទី២៤បានបញ្ជាឱ្យ NGO ក្នុងស្រុក និងរបស់បរទេសបញ្ឈប់បុគ្គលិកស្ត្រីរបស់ខ្លួនទាំងអស់ រហូតដល់មានការជូនដំណឹងបន្ថែមនៅពេលក្រោយ។ ការប្រកាសឱ្យបញ្ឈប់ការងារស្ត្រីក្នុង NGOs ត្រូវបានធ្វើឡើងក្រោយហេតុផលថា ស្ត្រី​ខ្លះ​មិន​បាន​ប្រកាន់​ខ្ជាប់ ​និងគោរពតាម​​ការណែនាំរបស់ពួកតាលីបង់អំពី​ច្បាប់​សម្លៀក​បំពាក់​ឥស្លាម​សម្រាប់​ស្ត្រី។ 
 
ជាការឆ្លើយតប NGOs ជាច្រើនប្រកាសផ្អាកផ្ដល់ជំនួមនុស្សធម៌ដល់អាហ្វហ្កានីស្ថាន។ អង្គការក្រៅរដ្ឋាភិបាលចំនួនបីមាន Save the Children, ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស និងអង្គការអន្តរជាតិ CARE បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាថា ពួកគេបានផ្អាកកម្មវិធីមនុស្សធម៌របស់ពួកគេ ខណៈរង់ចាំភាពច្បាស់លាស់បន្ថែមអំពីបទបញ្ជារបស់រដ្ឋបាលតាលីបង់។
 
«យើងមិនអាចទាក់ទងកុមារ ស្ត្រី និងបុរសដែលកំពុងត្រូវការជំនួយនៅអាហ្វហ្កានីស្ថាន ប្រកបដោយប្រសិទ្ធភាពឡើយ បើគ្មានបុគ្គលិកស្រីរបស់យើងទេនោះ»។ អង្គការទាំង៣លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ ដោយបន្ថែមថា ប្រសិនបើគ្មានស្ត្រីជំរុញកិច្ចប្រឹងប្រែងទេ ពួកគេមិនអាចជួយប្រជាជនអាហ្វហ្កានីស្ថានរាប់លាននាក់ដែលត្រូវការជំនួយខ្លាំងចាប់តាំងពីខែសីហា ឆ្នាំ២០២១ មកបានឡើយ។ ក្រុម NGOs ទាំង៣ ក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់នៃការបញ្ឈប់បុគ្គលិកស្រីរាប់ពាន់នាក់ ខណៈប្រទេសកំពុងពេលមានវិបត្តិសេដ្ឋកិច្ច។
 
ដោយឡែក គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) បានចេញសេចក្តីថ្លែងការណ៍មួយដែរថា ខ្លួនបានផ្អាកការផ្ដល់សេវាកម្មមនុស្សធម៌របស់ខ្លួនក្នុងប្រទេស ដោយលើកឡើងពីហេតុផលស្រដៀងគ្នានេះនឹងអង្គការទាំង៣ខាងលើ។ IRC អះអាងថាខ្លួនមានបុគ្គលិកជាង ៨ពាន់នាក់នៅអាហ្វហ្កានីស្ថាន ដែលក្នុងនោះមានស្រី ៣ពាន់នាក់ឯណោះ។
 
ក្រៅពីនេះ ទីភ្នាក់ងារជំនួយអន្តរជាតិ AfghanAid ក៏បានប្រកាសផ្អាកប្រតិបត្តិការផ្ដល់ជំនួយឱ្យអាហ្វហ្កានីស្ថានភ្លាមៗ ខណៈបានពិគ្រោះជាមួយអង្គការផ្សេងទៀតដែរពីរឿងនេះ។ អង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតកំពុងចាត់វិធានការស្រដៀងគ្នា។
 
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅអាហ្វហ្កានីស្ថាន នៅថ្ងៃទី២៥ ខែធ្នូ បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចរបស់តាលីបង់ ដែលជាការរឹតបន្តឹងសិទ្ធិសេរីភាពស្ត្រីមួយកម្រិតទៀតបន្ថែមលើការបិទសាកលវិទ្យាល័យស្ត្រីនាពេលថ្មីៗនេះ។ ស្ថាប័ននេះបានព្រមានអំពីផលវិបាកមនុស្សធម៌ដែលនឹងអាចកើតមានកាន់តែយូរបន្ដទៀត។
 
យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋបាលតាលីបង់ លោក Zabihullah Mujahid បានឆ្លើយតបចំពោះការរិះគន់ទាំងឡាយថា ស្ថាប័នទាំងអស់ដែលចង់ប្រតិបត្តិការនៅអាហ្វហ្គានីស្ថាន មានកាតព្វកិច្ចគោរពតាមច្បាប់ប្រទេស ហើយមិនអនុញ្ញាតឱ្យគំរាមកំហែងដល់ការសម្រេចចិត្តរបស់មេដឹកនាំប្រទេសក្រោមហេតុផលមនុស្សធម៌ឡើយ។
 
គួរបញ្ជាក់ថា ការផ្អាកកម្មវិធីជំនួយមួយចំនួនសម្រាប់ប្រជាជនអាហ្វហ្កានីស្ថានរាប់លាននាក់នឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេស ព្រោះប្រជាជនជាងពាក់កណ្តាលប្រទេសកំពុងពឹងផ្អែកលើជំនួយមនុស្សធម៌៕ 
 

Tag:
 តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com