ជាតិ
និទ្ទេស A ពីស្រុកត្រពាំងប្រាសាទ ចាយ វារៈ ស្រឡាញ់ជំនាញវិស្វកម្ម ឯឪពុកចង់ឲ្យរៀន​គ្រូ
27, Dec 2022 , 8:59 am        
រូបភាព
វិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ មានទីតាំងស្ថិតនៅ ភូមិទួលតាសេក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រូបភាព៖ លោក ម៉ម សុខា
វិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ មានទីតាំងស្ថិតនៅ ភូមិទួលតាសេក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រូបភាព៖ លោក ម៉ម សុខា
ចាយ វារៈ ជាបេក្ខជនដែល​ប្រឡងជាប់និទ្ទេស A ពីការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ក្នុងចំណោម​ជ័យលាភី​៦នាក់នៅ​ខេត្តឧត្តរមានជ័យ។ និទ្ទេស A ៥នាក់ទៀតសុទ្ធតែជាសិស្សស្រីនៅ​វិទ្យាល័យ​អន្លង់វែង ក្នុងស្រុកអន្លង់វែង រី​ឯ វារៈ ជាបេក្ខជន​តែម្នាក់គត់​ដែលបាននិទ្ទេស A នៅ​វិទ្យាល័យ ហ៊ុន សែន ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ។

 
មាន​ឪពុក​ជាអ្នក​រត់កង់បី និងម្តាយជាអ្នក​លក់ទឹកអំពៅ យុវជន ចាយ វារៈ បាន​ក្លាយជាបេក្ខជន​ទីពីរ ពីវិទ្យាល័យ​ ហ៊ុន សែន ស្រុកត្រពាំង​ប្រាសាទ ដែល​ជាប់បាក់ឌុបនិទ្ទេស A បន្ទាប់យុវជន កែវ ពន្លឺ ដែល​សម្រេច​បាន​កាលពីឆ្នាំ២០១៩។
 

យុវសិស្ស ចាយ វារៈ ម្ចាស់ជ័យលាភីជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ។ រូបភាព៖ ចាយ វារៈ
 
សម្រាប់​ក្រុម​គ្រួសារ​សិស្ស​នៅ​តំបន់ព្រំដែន​ខ្មែរ-ថៃ រូបនេះ ជីវភាព​មិនសូវធូរធារ ប៉ុន្តែក៏មិនយ៉ាប់យ៉ឺន​ពេកនោះដែរ ដោយ​គេមានមធ្យោបាយ​ម៉ូតូធ្វើ​ដំណើរ​ទៅមក​សាលា​ លើ​ចម្ងាយ​ផ្លូវ​ប្រមាណ៣គីឡូម៉ែត្រប៉ុណ្ណោះ។
 
ទទួលបាននិទ្ទេស A មិនមែនជារឿងចៃដន្យនោះឡើយ​សម្រាប់​វារៈ ព្រោះគេ​ក៏ជាអតីត​សិស្សពូកែលេខ២ ថ្នាក់ទី​៩ ផ្នែកគណិតវិទ្យា ទូទាំង​ខេត្តឧត្តរមានជ័យ​ផងដែរ។ ឧស្សាហ៍ព្យាយាម និងយក​ចិត្តទុក​ដាក់​លើ​ការរៀនសូត្រ នេះហើយ​ជា​រូបមន្តគន្លឹះដែលនាំឲ្យគេទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្របាក់ឌុប។
 
វារៈ ​បាន​រៀបរាប់ប្រាប់សារព័ត៌មាន​ថ្មីៗតាមទូរសព្ទ​​ថា ​រយៈពេល​ពេញមួយឆ្នាំកន្លងមក គេមាន​ការ​បែងចែក​ការសិក្សា​ច្បាស់លាស់ ជាពិសេស​ការយក​ចិត្តទុក​ដាក់លើគន្លឹះ​សំខាន់។ ចំពោះ​លទ្ធផល​ក្នុងថ្នាក់ គេហាក់ដូចជាខ្សោយ​មុខវិជ្ជាគីមីបន្តិច ប៉ុន្តែ​ក៏មិនដល់​បាតថ្នាក់នោះដែរ។
 
ជោគជ័យ​ដោយសារ​តែខ្លួនឯង? វារៈ បាន​ឆ្លើយ​ថា មិនមែន​១០០ភាគរយនោះឡើយ អ្វីៗទាំងអស់​សុទ្ធតែមាន​កត្តារួមផ្សំ ជាពិសេស​ការលើកទឹក​ចិត្តពី​ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងមិត្តរួម​ថ្នាក់។ គេ​ក៏មិន​លាក់បាំងនោះដែរ ចំពោះ​ការ​តាំងចិត្ត​យកនិទ្ទេស A នៅមុនពេល​ប្រឡង ហើយ​វា​ក៏បានក្លាយជាសម្ពាធ​ដ៏ធំមួយ។ ក្រោយ​ប្រឡង យុវជន​រូបនេះ គិត​ថា លទ្ធផល​អាច​បាន​ត្រឹមនិទ្ទេស B ព្រោះ​មាន​ការ​ភ្លាត់ស្នៀតមួយចំនួន​ លើ​មុខ​វិជ្ជាគណិត​វិទ្យា ប៉ុន្តែមិនជា​បញ្ហា។
 
«គ្រាន់តែឃើញឈ្មោះថាបាន A ភ្លាម​! ខ្ញុំក៏រត់មកស្រែកប្រាប់ ប៉ា ពូមីង ម៉ែ ពីក្រៅផ្ទះ។ ពួកគាត់ស្មានតែកើតរឿងអី។ ខ្ញុំស្រែកផង យំផង ហើយរត់ទៅឱបប៉ាប្រាប់ថា ខ្ញុំបាន A ហើយ ពេលហ្នឹងប៉ាក៏យំ។» យុវជន ចាយ វារៈ បាន​រំលឹកពីអារម្មណ៍​រំភើប​របស់ខ្លួន។
 
ចំពោះលទ្ធផលវិញ វារៈ​បាននិទ្ទេស A លើ​មុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិ​វិទ្យា ឯអក្សរសាស្រ្តខ្មែរ បាននិទ្ទេស B ចំណែក មុខវិជ្ជាភាសាបរទេស ទទួលបាននិទ្ទេស D។ វាជាមោទកភាព របស់គ្រួសារ ចាយ វារៈ និងមុខមាត់ទាំងមូលនៃវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ។
 
លោក ចាយ សៅឌី បានបញ្ជាក់​ប្រាប់ ThmeyThmey ថា លោក​តែងតែមានទំនុក​ចិត្ត​លើកូនជានិច្ច ពោល​គឺ​តាំងពី​គេនៅកុមារភាព ដោយ​សារតែកូន​ម្នាក់​នេះ ជាសិស្សពូកែ​ប្រចាំថ្នាក់ ហើយ​លោក​តែងតែ​ដាស់​តឿនឲ្យគេ​ខំ​ប្រឹង​ប្រែង ទោះជាស្ថានភាពគ្រួសារបែបណាក៏ដោយ។ «ពេល​ឮកូនស្រែក​ថា បាននិទ្ទេស A ខ្ញុំ​ក៏បាន​តបទៅវិញថា បំណង​បាន​សម្រេច​ហើយ»។
 

 លោក ចាយ សៅឌី ជាឪពុករបស់យុវសិស្ស ចាយវារៈ។ រូបភាព៖ ចាយ វារៈ

បន្ទាប់ពីកូនប្រុសទទួលបានលទ្ធផលតាមបំណង លោកឪពុក​វ័យ៤២ឆ្នាំរូបនេះ គ្រោង​បញ្ចូនកូនសិក្សានៅភ្នំពេញបន្តទៀត ដោយ​លោកចង់ឲ្យ​ក្លាយជាគ្រូបង្រៀន​នាពេលអនាគត។ បើទោះបី​គ្រួសារជួបផលលំបាកបែបណាក្តី គ្រួសារនៅជនបទមួយនេះក៏មិនបោះបង់ឡើង ពោលនឹងស្វះស្វែងរកប្រាក់ដើម្បីផ្គត់ផ្គង់កូនៗ។
 
មិនខុសពី ឪពុករបស់ ចាយ វារៈឡើយ លោក ម៉ម សុខា នាយកវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ ក៏បានអបអរពីលទ្ធផលមួយនេះផងដែរ។ លោកបាន​បញ្ជាក់ថា នេះជាឆ្នាំទី២ សម្រាប់វិទ្យាល័យមួយនេះ ដែលមានសិស្សជាប់និទ្ទេស A។ បើទោះជាសិស្សនិទ្ទេស A មានតែមួយ​រូប ក៏ជាមុខមាត់សម្រាប់សាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ។


  លោក ម៉ម សុខា ជានាយកសាលានៃវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ។ រូបភាព៖ លោក ម៉ម សុខា

លោកនាយកបាន​លើក​ឡើងថា៖ «បើនិយាយទៅឆ្នាំនេះ ខ្ញុំមិនសូវរំពឹងពេកនោះទេ ដោយសារសន្ទុះនៃការសិក្សារបស់សិស្ស ហាក់ដូចជាមិនខ្ពស់នោះទេ។ ប៉ុន្តែនៅពេល​ចេញលទ្ធផលមកថា វិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ មានសិស្សជាប់និទ្ទេស A គឺនិយាយមិនចេញមានតែត្រេក​អរ»។

បើតាមបញ្ជីឈ្មោះអាហារូបករណ៍ដែលប្រកាសដោយក្រសួងអប់រំ វារៈ ជាប់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ​មិន​បង់ថ្លៃ នៅដេប៉ាតឺម៉ង់ វិស្វកម្ម​ទូរគមនាគមន៍ និងអេឡិចត្រូនិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វារៈ អះអាងប្រាប់ថ្មីៗថា គាត់ស្រឡាញ់ជំនាញនេះ ប៉ុន្តែឪពុកចង់ឲ្យធ្វើគ្រូ ដូច្នេះក្រុមគ្រួសារនឹងមានការពិភាក្សាគ្នា​សិន​ មុន​នឹងឈាន​ដល់ការសម្រេចចិត្តជាផ្លូវការ។
 
នៅឆ្នាំនេះ ខេត្តឧត្តរមានជ័យ មានសិស្សចំនួន៦នាក់ ដែលប្រឡងបាក់ឌុប​ជាប់និទ្ទេស A ដោយសិស្សស្រីមានចំនួន ៥នាក់ មកនៅវិទ្យាល័យអន្លង់វែង។ ចំណែកមួយរូបទៀត គឺមកពីវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ។ សិស្សស្រី ពីវិទ្យាល័យអន្លង់វែងទាំង៥នាក់ ដែលទទួលបាននិទ្ទេស A រួមមាន គ្រី កក្កដា, ជួង រូស្សា, ប៉ែត នីមល, ស៊ន សុម៉ាវត្តី និងរតនៈ សុខនាង៕
 
 

Tag:
 ThmeyThmey
 ​ អប់រំ
  បាក់ឌុប
 ​ និទ្ទេសA
 ​ ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com