ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ «ខ្ញុំក៏មិនយល់ដែរថា សុន្ទរកថារបស់ខ្ញុំ ធ្លាក់ទៅក្នុងដៃ អ្នកសារព័ត៌មានលឿនម្ល៉េះ»
27, Dec 2022 , 4:16 pm        
រូបភាព
សម្ដេច ហ៊ុន សែន ហាមស្ថាប័នផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន យកសុន្ទរកថារបស់ខ្លួន ទៅផ្សាយនៅលើវេបសាយ និងតាមបណ្ដា Channel អង្គភាពនោះ មុនពេលដែលសម្ដេច ឡើងថ្លែងនៅក្នុងវិធីនានា។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ធ្នូ។


 
«ខ្ញុំគួរតែត្រូវរំឭកចំពោះអ្នកសារព័ត៌មាន និងខុទ្ធកាល័យរបស់ខ្ញុំ មុនពេលដែលខ្ញុំថ្លែង។ ដោយសារតែមួយរយៈពេលកន្លងទៅនេះ ខ្ញុំចេះតែឆ្ងល់ថា នៅពេលដែលខ្ញុំថ្លែងចប់ គឺអត្ថបទ និងសុន្ទរកថារបស់ខ្ញុំទាំងស្រុង ផ្សាយទៅលើគេហទំព័របណ្ដាស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងអនឡាញមុនស្រេចបាត់ទៅហើយ។ អ៊ីចឹងខ្ញុំ សូមឱ្យបញ្ចប់បញ្ហានេះ ជាពិសេសខុទ្ធកាល័យរបស់ខ្ញុំ ក៏ដូចជាស្ថាប័នដែលមានការទទួលខុសត្រូវ»។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
មូលហេតុដែលសម្ដេច ហ៊ុន សែន ហាមមិនឱ្យផ្សព្វផ្សាយសន្ទរកថាទាំងស្រុង មុនពេលសម្ដេចឡើងថ្លែងជាសាធារណៈនេះ ដោយសារតែសម្ដេច មិនបាននិយាយតាមសុន្ទរកថាដើម ១០០ភាគរយនោះទេ ។ បានន័យថា សម្ដេចអាចនិយាយ និងបកស្រាយលើសពីក្នុងសុន្ទរកថាដើមទាំងស្រុងនេះ។ ហេតុផលនេះហើយ ទើបលោកនាយករដ្ឋមន្រ្តី មិនចង់ឱ្យមានការផ្សព្វផ្សាយខ្លឹមសារក្នុងសុន្ទរកថាសម្ដេចមុន។
 
«អ៊ីចឹងទេ ខ្ញុំក៏មិនយល់ដែរថា សុន្ទរកថារបស់ខ្ញុំនេះ វាធ្លាក់ទៅក្នុងដៃ អ្នកសារព័ត៌មានលឿនម្ល៉េះ។ តើខុទ្ធកាល័យ ឬអ្នកធ្វើការឱ្យខ្ញុំនេះ គឺវាយ៉ាងម៉េច? បើខ្ជិលណាស់គួរតែនាំគ្នាឈប់ទៅ។ ហើយអ្នកសារព័ត៌មានទាំងអស់ គ្មានសិទ្ធិយកសុន្ទរកថារបស់ខ្ញុំ ដែលខ្ញុំត្រូវអាននៅទីនេះ ឬទីណាក៏ដោយ យកទៅបន្តផ្សាយទៀតឡើយ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលឱ្យយកតែសារនយោបាយសម្ដេច ផ្សាយនៅលើតាមអង្គភាពផ្សព្វផ្សាយបានហើយ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com