អន្តរជាតិ
ជប៉ុន តម្រូវឱ្យអ្នកដំណើរមកពីចិនធ្វើតេស្តរកជំងឺកូវីដ-១៩
28, Dec 2022 , 8:29 am        
រូបភាព
នាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ ប្រកាសថា ជប៉ុននឹងតម្រូវឱ្យអ្នកដំណើរមកពីចិនដីគោកទាំងអស់ធ្វើតេស្តរកវីរុសបង្កជំងឺកូវីដ-១៩ នៅពេលមកដល់ព្រលានយន្តហោះនៅជប៉ុនចាប់ពីថ្ងៃទី៣០ ខែធ្នូ។ សេចក្ដីប្រកាសរបស់រដ្ឋាភិបាលទីក្រុងតូក្យូធ្វើឡើង ស្របពេលស្ថានភាពជំងឺកូវីដ-១៩ នៅទីក្រុងប៉េកាំងធ្ងន់ធ្ងរមិនធ្លាប់មាន។



ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ទីក្រុងតូក្យូបានបន្ធូរបន្ថយវិធានការរឹតបន្តឹងរបស់ខ្លួនលើភ្ញៀវទេសចរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ យ៉ាងណាមិញ នៅថ្ងៃទី២៧ ខែធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក គូស៊ីដា ហ្វូមីអូ បានប្រកាសថាជប៉ុននឹងតម្រូវឱ្យអ្នកដំណើរទាំងអស់ដែលមកពីចិនធ្វើតេស្តជំងឺកូវីដ-១៩ រួមទាំងអ្នកដំណើរដទៃដែលមានរោគសញ្ញាជំងឺ។ វិធានការថ្មី នឹងចូលជាធរមានចាប់ពីថ្ងៃទី៣០ ខែធ្នូ។
 
ការសម្រេចចិត្តនេះបណ្ដាលមកពី ស្ថានភាពជំងឺកូវីដ-១៩ នៅចិនកំពុងផ្ទុះឡើងខ្លាំងមិនធ្លាប់មាន ចាប់តាំងពីបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងប្រទេស។ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានប្រកាសលុបចោលការធ្វើចត្តាឡីស័កចំពោះភ្ញៀវទេសចរដែលទៅដល់ចិនចាប់ពីថ្ងៃទី៨ ខែមករាតទៅ ថែមទៀត។
 
លោក​ គីស៊ីដា ​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា ស្ថានភាពនៅចិនបង្ករការព្រួយបារម្ភយ៉ាងខ្លាំងដល់ជប៉ុន ព្រោះវា​​ពិបាក​​បញ្ជាក់​ពី​ស្ថានភាព​ច្បាស់លាស់​ដោយសារវាមានរបាយការណ៍អ្នកជំងឺកូវីដ-១៩ ខុសគ្នា​រវាង​អាជ្ញាធរថ្នាក់កណ្តាល និង​នៅតាមតំបន់ ក៏ដូចជា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។
 
លើសពីនេះ នាយករដ្ឋមន្ត្រីជប៉ុនបន្ថែមថាអ្នកដំណើរមកពីចិនដែលធ្វើតេស្តជំងឺកូវីដ-១៩ ឃើញលទ្ធផលវិជ្ជមាននឹងត្រូវធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋាភិបាលទីក្រុងតូក្យូ​ក៏​នឹងកាត់បន្ថយ​ជើង​ហោះ​ហើរ​ពី​ចិនផងដែរ។ 
 
ជប៉ុនបានបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរតាំងពីខែតុលា បន្ទាប់ពីបិទអស់រយៈពេលជាងពីរឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តែក៏នៅតែតម្រូវឱ្យអ្នកដំណើរបង្ហាញភស្តុតាងថាបានចាក់ថ្នាំបង្ការជំងឺរួចរាល់ ឬបង្ហាញលទ្ធផលអវិជ្ជមានមុនពេលចេញដំណើរមកជប៉ុន។
 
គួរបញ្ជាក់ថា ទោះចិនកំពុងផ្ទុះការរាលដាលជំងឺកូវីដ-១៩ ជាថ្មីដែលធ្ងន់ធ្ងរលើសពីមុនក៏ដោយ ប្រជាជននៅតែសម្រុកទៅកន្លែងទេសចរ និងទៅក្រៅប្រទេស។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ជប៉ុន​ទទួលបានភ្ញៀវទេសចរមកពីចិនជាង២ម៉ឺននាក់ ស្មើប្រហែល២ភាគរយនៃភ្ញៀវបរទេសទាំងអស់របស់ជប៉ុន៕ 
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com