ជាតិ
សេដ្ឋកិច្ច
៩ខែ កម្ពុជា បានចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលវត្ថុ ​ជាង៤៤លានដុល្លារ
28, Dec 2022 , 8:59 am        
រូបភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រមូលចំណូលចូលថវិកាជាតិ​បានចំនួន ២៧៤ ៨០៥ លានរៀល(ប្រមាណ៦៦លានដុល្លារ)។ ក្នុងនោះចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ មានជាង៤៤លានដុល្លារ។ នេះជាចំណូលរយៈពេល៩ខែ ឆ្នាំ២០២២។​

 
របាយការណ៍សមិទ្ធផលសង្ខេបរយៈពេល៥ឆ្នាំរបស់ក្រសួងដែនដីដែលផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ  បានបង្ហាញថា ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី ប្រមូលចំណូលពីសេវាសុរិយាដី​បាន៥២ ៦៣៨​ ៨២០​ ៧០០រៀល(ប្រ​មាណ១៣លានដុល្លារ) និងសេវាសំណង់បានចំនួន ៤១ ២០៣ ០៤៨ ៥៨០(ជាង១០លានដុល្លារ)។ 
 
ក្រៅពីនេះ​ ក្រសួងក៏ប្រមូលចំណូលពីការផ្ទេរអចលនវត្ថុ​បាន ១៨០ ៩៤៥ ០១០ ៥០០រៀល (ប្រមាណ៤៤លានដុល្លារ) និងចំណូលពីការជួលទីតាំងរោងចក្រនានា និង សេវាព័ត៌មានសុរិយាដីតាមប្រព័ន្ធអេឡិចត្រូនិកបានជិត ៤ពាន់ដុល្លារ ផងដែរ។ 
 
របាយការណ៍ដដែលបានបញ្ជាក់ថា កាលឆ្នាំ២០១៨ កម្ពុជាប្រមូលចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនវត្ថុបានចំនួន៥៣៣ ៨៣៧ ៧៧៤ ៥១៣រៀល(ជាង១៣០លានដុល្លារ)។ ឆ្នាំ២០១៩ កម្ពុជាប្រមូលបាន ៣៦២​ ៧៥៨ ៦៨៦ ៤០៥រៀល(ជាង៨៨,១៥លានដុល្លារ), ឆ្នាំ២០២០ កម្ពុជាទទួលបាន ៣៦១ ៥៩៥ ១០៦ ៨៤១រៀល(ជិត៨៧,៨៧លានដុល្លារ) និងឆ្នាំ២០២១ កម្ពុជាទទួលបាន៣៦៥  ៩៤៥ ០១០ ៥០០រៀល(ជាង៨៨,៨៨លានដុល្លារ)។

គិតចាប់ពីឆ្នាំ១៩៩៩ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដីប្រមូលចំណូលចូលថវិកាជាតិ​បាន ៤ ៤៧៦ ៤៤៦ លានរៀល(ប្រមាណ ១ ១០០លានដុល្លារអាម៉េរិក)។ ក្នុងនោះ ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនវត្ថុគឺ​មាន​ជាង៩០០លានដុល្លារ។
 

Tag:
 ពន្ធប្រថាប់ត្រា
  អចលទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com