អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយ​ក្រែ​ន ចង់បាន​កិច្ចប្រជុំ​បញ្ចប់សង្គ្រាម ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ​
27, Dec 2022 , 7:33 pm        
រូបភាព
លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP នៅក្រុងកៀវ។ រូបភាព៖ AP
លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP នៅក្រុងកៀវ។ រូបភាព៖ AP
​ប្រមុខ​ការទូត​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​អះអាងថា រដ្ឋាភិបាល​ក្រុង​កៀវ ចង់បាន​កិច្ចប្រជុំ​មួយ ដើម្បី​បញ្ចប់សង្គ្រាម​ក្នុង​រយៈពេល ២​ខែ​ខាង​មុន​។ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​នេះ ក៏បាន​រំពឹង​ផងដែរ​ថា រុស្ស៊ី​ទំនង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះឡើយ​។

 
 
​លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​AP ដែល​ចុះផ្សាយ​ក្នុង​ថ្ងៃទី​២៧ ខែធ្នូ បាន​អះអាងថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ចង់បាន​កិច្ចប្រជុំ​សន្តិភាព​មួយ នៅក្នុង​រយៈពេល ពីរ​ខែ ដោយ​ជំនួប​ដ៏​សំខាន់​នោះ ត្រូវ​រៀបចំ​នៅ​អង្គការសហប្រជាជាតិ និង​មាន លោក​អគ្គលេខាធិការ អាន់​តូ​នី​ញូ ហ្គូ​តេ​រ៉េ​ស ជា​សន្ធាន​ការី​។ 
 
​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រង​អង្គការសហប្រជាជាតិ លោកស្រី Florencia Soto Nino-Martinez នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា បាន​បញ្ជាក់ថា លោក​អគ្គលេខាធិការ មានប្រសាសន៍​ជាច្រើន​ដង​រួចមកហើយ​នាពេល​កន្លងមក ដោយ​លោក​អាច​ធ្វើជា​សន្ធាន​ការី​បាន ប្រសិនបើ​ភាគី​នៃ​ជម្លោះ​ទាំងអស់ ចង់បាន​លោក​។ ក្នុងន័យនេះ លោក ហ្គូ​តេ​រ៉េ​ស អាច​ធ្វើជា​អ្នកសម្របសម្រួល​បាន លុះត្រាតែ​រុស្ស៊ី​គាំទ្រ​។ 
 
​ក្នុង​កិច្ច​សម្ភាស​នៅ​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​នេះ លោក Kuleba បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​កៀវ នឹងធ្វើ​គ្រប់យ៉ាង ដើម្បី​ឈ្នះ​សង្គ្រាម​នៅក្នុង​ឆ្នាំ​២០២៣​។ បើតាម​លោក Kuleba អ៊ុយ​ក្រែ​ន ចង់​មាន​កិច្ចប្រជុំ​សន្តិភាព​មួយ ត្រឹម​ដំណាច់​ខែកុម្ភៈ​។ 
 
​យ៉ាងណាមិញ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន RIA ថា រុស្ស៊ី នឹងមិន​គោរព​តាម​លក្ខខណ្ឌ ដែល​ដាក់​ដោយ​ប្រទេស​ណា​ឡើយ ហើយ​រុស្ស៊ី ជ្រើស​យក​លក្ខខណ្ឌ ដែល​ខ្លួន​ដាក់ និង​សមស្រប​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បាន​ឈានដល់​ខែ​ទី​១០ ហើយ ដោយ​រុស្ស៊ី​បន្ត​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​។ ជំនួយ​ពី​សំណាក់​ប្រទេស​លោកខាងលិច រាប់លាន​ដុល្លារ បាន​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំងនឹង​រុស្ស៊ី​៕ 

Tag:
 អ៊ុយ​ក្រែ​ន​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com