អន្តរជាតិ
ចិន បារម្ភពីការបង្កើនការចំណាយលើវិស័យការពារជាតិដ៏ច្រើនរបស់ជប៉ុន
28, Dec 2022 , 9:59 am        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី២៧ ខែធ្នូ បានបង្ហាញពីក្តីបារម្ភ ក្រោយជប៉ុន បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដល់ជាង ៥១,២ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣។ តាមទិន្នន័យនេះ ជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដល់ ២៦,៣ភាគរយ បើធៀបនឹងឆ្នាំ២០២២។



 
 
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែធ្នូ កន្លងទៅបានអនុម័តកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិក្នុងទំហំ ៥១,២ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។ នៅក្នុងឆ្នាំ២០២២ ការចំណាយលើយោធារបស់ជប៉ុនមានត្រឹមតែ ៤០,៦ពាន់លានដុល្លារប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០២៣​ ជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២៦,៣ភាគរយឯណោះ។ 
 
ក្រោយការបង្កើនការចំណាយលើវិស័យការពារជាតិបែបនេះ ចិន ដែលជាប្រទេសជិតខាង និងធ្លាប់រងគ្រោះក្នុងសម័យសង្រ្គាម បានប្រតិកម្ម និងបង្ហាញក្តីបារម្ភយ៉ាងខ្លាំង។ 
 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី២៧ ខែធ្នូ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជប៉ុនគួរគិតឱ្យបានម៉ត់ចត់លើប្រវត្តិសាស្រ្តឈ្លានពានរបស់ខ្លួន និងអនុវត្តការរឹតត្បិតឱ្យបានខ្លាំងបំផុតលើយោធា និងវិស័យសន្តិសុខរបស់ខ្លួន ដើម្បីបង្ការការបាត់បង់ទំនុកចិត្តពីប្រទេសជិតខាង ក៏ដូចជាសហគមន៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CGTN។ 
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ជប៉ុន បានបំផ្លើសភាពតានតឹងក្នុងតំបន់ ដើម្បីស្វះស្វែងរកការពង្រឹងអំណាចយោធារបស់ខ្លួន ដែលបញ្ហានេះ អាចបង្កគ្រោះថ្នាក់ដល់ប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។ 
 
កន្លងមក ជប៉ុនបានអនុម័តឯកសារចំនួន ៣ច្បាប់ពាក់ព័ន្ធវិស័យការពារជាតិ ស្របពេលចិន កំពុងបង្កើនឥទ្ធិពលនៅក្នុងតំបន់ និងមានសង្រ្គាមនៅអ៊ុយក្រែន។ ទន្ទឹមនេះ លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន ក្នុងសន្និសីទកាសែតមួយ  បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៣១៥ពាន់លានដុល្លារលើវិស័យការពារជាតិសម្រាប់រយៈពេល ៥ឆ្នាំខាងមុខថែមទៀត។
 
សូមបញ្ជាក់ថា ការចំណាយលើវិស័យយោធាក្នុងពិភពលោកបច្ចុប្បន្ន គឺនាំមុខដោយអាម៉េរិក ហើយចិន ឈរនៅលំដាប់ទីពីរ៕
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com