កីឡាអន្តរជាតិ
អន្តរជាតិ
Man United ចាប់ផ្តើមជីវិតថ្មី​ដ៏ល្អដោយគ្មាន Ronaldo ឯ Chelsea វិលត្រលប់ទៅកាន់ជ័យជម្នះ
28, Dec 2022 , 11:29 am        
រូបភាព
ក្រុម Manchester United ចាប់ផ្តើមជីវិតថ្មីដោយភាពវិជ្ជមានក្នុងការប្រកួត គ្មានវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo ខណៈខ្សែប្រយុទ្ធជំនាន់ក្រោយ Marcus Rashford និង Anthony Martial និង Fred បានបង្ហាញសមត្ថភាពដ៏អស្ចារ្យឡើងវិញ ដោយស៊ុត ៣-០ យកឈ្នះលើ Nottingham Forest។ រីឯ Chelsea វិលត្រលប់មកកាន់ជ័យជម្នះឡើងវិញ ដោយយកឈ្នះ Bournemouth ២-០។



ទោះបីយកបានជ័យជម្នះដ៏សំខាន់ក្នុងទឹកដី ​Old Trafford ក្តី តែលោក Erik ten Hag ដែលជាអ្នកចាត់ការក្រុម នៅតែបង្ហាញបំណងស្វែងរកខ្សែប្រយុទ្ធដើម្បីមកជំនួសតំណែង Ronaldo នៅក្នុងទីផ្សារដោះដូរនាពេលខាងមុខ។ ភាពមិនប្រាកដប្រជារបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ មកកាន់ទឹកដី ​Old Trafford លើកទីពីរ បានឈានដល់ទីបញ្ចប់មុនពេលព្រឹត្តិការណ៍ World Cup 2022 មកដល់ បន្ទាប់ពីរូបគេបានធ្វើកិច្ចសម្ភាសន៍មួយដោយបានរិះគន់ទៅកាន់លោក Ten Hag និងម្ចាស់ក្លិប។ ចាប់តាំងពីអ្នកចាត់ការសញ្ជាតិហូឡង់មកដឹកនាំ ឥទ្ធិពល Ronaldo ហាក់ធ្លាក់ចុះរួចទៅហើយ។
 
Rashford បានក្លាយជាកីឡាករម្នាក់ដែលបានប្រែប្រួលនៅទម្រង់លេងយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់លោក Ten Hag ហើយរូបគេក៏ត្រូវក្រុមជម្រើសជាតិអង់គ្លេសកោះហៅសម្រាប់ការប្រកួត World Cup។ កីឡាករវ័យ ២៥ឆ្នាំធ្វើបានយ៉ាងល្អជាមួយទម្រង់លេងនៅ World Cup មុនពេលវិលត្រលប់មកបង្ហាញឥទ្ធិពលគេម្តងទៀតនៅ Premier League។ 
 
តាមសម្តីលោក Ten Hag ក្នុងសន្និសីទកាសែត ក្រោយចប់ការប្រកួត បាននិយាយដូច្នេះថា៖«កីឡាកររបស់យើងពិតជាលេងបានយ៉ាងល្អនៅក្នុង World Cup ខ្ញុំសប្បាយចិត្តដែលបានឃើញពួកគេលេងពេលនោះ ហើយពេលនេះពួកគេបន្តធ្វើបានល្អបន្ថែមទៀត។ ពួកគេត្រូវតែរក្សាកម្រិតដ៏ល្អបែបនេះបន្តទៅមុខទៀត ដើម្បីការបង្កើនសមត្ថភាពក្រុមពីមួយប្រកួតទៅមួយប្រកួតទៅមុខ។»។
 
ចំណែកតោខៀវ Chelsea ក៏ទទួលបានជ័យជម្នះខ្លួនឡើងវិញក្នុងការប្រកួតក្របខណ្ឌ ​Premier league នាទឹកដីកីឡដ្ឋាន Stamford Bridge ឈ្នះលើ AFC Bournemouth លទ្ធផល ២-០។ Chelsea រកបានជ័យជម្នះលើកដំបូង ក្រោយព្រឹត្តិការណ៍ World Cup ។ ក្រុមតោខៀវនេះ បានរងបរាជ័យ៤លើកជាប់គ្នា​ មុនពេលបាល់ទាត់ពិភពលោកមកដល់។
 
​ជ័យជម្នះ ២គ្រាប់ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Kai Havertz និង Mason Mount ដែលបានស៊ុតបំប៉ោងសំណាញ់ទីតាំងពីវគ្គទីមួយ ដែលជាការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ក្រុម Chelsea ទាំងមូល។ Chelsea រកបាន ៣ពិន្ទុពី Bournemouth ដោយរំកិលខ្លួនឡើងមកកាន់ចំណាត់ថ្នាក់លេខ ៨ ក្នុងតារាង។ សម្រាប់ Bournemouth នេះជាបរាជ័យលើកទី៤ ជាប់គ្នាសម្រាប់ពួកគេក្នុងចំណោម ៥ប្រកួតចុងក្រោយនៃ Premier League ហើយបន្តស្ថិតនៅចំណាត់ថ្នាក់លេខ១៤ មាន ១៦ពិន្ទុក្នុងដៃ។
 
«នៅវគ្គទីមួយទម្រង់លេងក្រុមពិតជាធ្វើបានល្អ កីឡាករបង្ហាញអាកប្បកិរិយាដ៏អស្ចារ្យក្នុងការប្រកួត នេះជាការបោះជំហ៊ានថ្មីមួយបន្ថែមទៀតសម្រាប់យើងជាក្រុមមួយ។»។ លោក Graham Potter គ្រូបង្វឹកក្រុម Chelsea ដែលកំពុងតែមានបន្ទុកដ៏ធំនៅលើស្មារបាននិយាយក្នុងសន្និសីទកាសែតបែបនេះ៕
 
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com