កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
AFF Cup៖​ មិនត្រឹមចង់ឈ្នះ លោក Ryu​ ត្រូវការឱ្យគោព្រៃកម្ពុជា​សម្រេចទីច្រើនគ្រាប់ ស្របពេលគ្រូព្រុយណេជឿជាក់កូនក្រុម
29, Dec 2022 , 10:46 am        
រូបភាព
លោក Ryu Hirose គ្រូកម្ពុជា និងលោក Mario Rivera គ្រូប្រ៊ុយណេ ធ្វើបដិសណ្ឋារកិច្ចដល់គ្នាទៅវិញទៅមក រូបពី Cambodian Premier League
លោក Ryu Hirose គ្រូកម្ពុជា និងលោក Mario Rivera គ្រូប្រ៊ុយណេ ធ្វើបដិសណ្ឋារកិច្ចដល់គ្នាទៅវិញទៅមក រូបពី Cambodian Premier League
លោក Ryu Hirose គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ជំរុញកូនក្រុមយកឱ្យបាន៣ពិន្ទុ និងរកគ្រាប់បាល់បញ្ចូលទីឱ្យបានច្រើន ក្នុងជំនួបទល់ព្រុយណេក្នុងការប្រកួត AFF Mitsubishi Electric Cup 2022 ពូល A។ លោក​ Mario Rivera គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ព្រុយណេ អះអាងក្នុងសន្នីសិទមុនប្រកួតថា ទោះកម្ពុជាមានកម្រិតខ្ពស់ជាងខ្លួន ប៉ុន្តែកូនក្រុមលោកនឹងប្រឹងអស់ពីសមត្ថភាព។

 
លោក Mario Rivera បានប្រាប់ថា ការ​ប្រកួតរវាងព្រុយណេ និងកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង៥ល្ងាច ជាជំនួបដ៏តឹងតែង ដោយម្ចាស់ផ្ទះ កម្ពុជា មិនមែនជាក្រុមដែលមានកម្រិតទាប​ជាងភ្ញៀវទេ។ ប៉ុន្ដែបើទោះជាជួបជាមួយក្រុមខ្លាំងយ៉ាងណាក៏ដោយ ជម្រើសជាតិប្រ៊ុយណេ នៅតែបន្ដស្មារតីប្រកួត និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។
  

កីឡាករ ហ៊ុល គឹមហ៊ុយ អ្នកចាំទីកម្ពុជា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
«នេះ គឺជាការប្រកួតដ៏តឹងតែងសម្រាប់ពួកយើង ព្រោះកម្ពុជាជាក្រុមខ្លាំង។ យើង កំពុងកែលម្អក្រុមរបស់យើង គ្រប់ការប្រកួត ដើម្បីទទួលបានលទ្ធផលល្អ ដូចការប្រកួតពីមុនៗ។ នេះ គឺជារឿងអាទិភាពនៅក្នុងក្រុមយើង។ យើង នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អ។»។ គ្រូបង្វឹកជម្រើសជាតិប្រ៊ុយណេ បាននិយាយក្នុងសន្នីសិទ កាលពីថ្ងៃទី២៨ ខែធ្នូ។
 
នាសន្និសីទជាមួយគ្នានោហ លោក Ryu Hirose គ្រូជម្រើសជាតិកម្ពុជា បានបញ្ជាក់ពីគោលជំហរសម្រាប់ប្រកួតនេះថា ជំនួបនៅថ្ងៃទី២៩ ខែធ្នូ សំខាន់ ហើយប្រសិនជាកម្ពុជាឈ្នះ ការប្រកួតក្នុងពូល A នេះកាន់តែគួរឲ្យចាប់អារម្មណ៍ ព្រោះ៤ក្រុម ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងកម្ពុជា កំពុងប្រដេញពិន្ទុគ្នាសម្រាប់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំណែកប្រ៊ុយណេ អស់ឱកាសទៅវគ្គបន្ទាប់ ព្រោះគ្មានពិន្ទុក្នុងដៃ ដោយចាញ់ ៣ប្រកួតផ្ទួនៗ។ 
 
«អ្វី សំខាន់បំផុតសម្រាប់ការប្រកួតនេះ គឺការទទួលបាន៣ពិន្ទុ ពីព្រុយណេ ម្យ៉ាងទៀត យើងនឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើន តាមដែលអាចធ្វើបាន ដើម្បីប្រជែងជាមួយក្រុមផ្សេងទៀត នៅក្នុងពូល។ ព្រុយណេ ជាក្រុមដែលព្យាយាមប្រកួតខ្លាំង ដូច្នេះ យើងត្រូវធ្វើឲ្យបានល្អបំផុត។»។ លោក Ryu Hirose បាននិយាយដូច្នេះ។
  

Nick taylor ខ្សែបម្រើប្រយុទ្ធកម្ពុជា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
ក្នុងការប្រកួតផងដែរ កីឡាករកម្ពុជា Nick Taylor និង ហ៊ុល គឹមហ៊ុយ អាចត្រូវជាប់ក្នុងជម្រើស១១នាក់ ដំបូង បន្ទាប់ពីអ្នកទាំង២នេះ មិនបានចូលរួមប្រកួតក្នុងជំនួបជាមួយឥណ្ឌូណេស៊ី។ 
 
ខ្សែប្រយុទ្ធ Nick Taylor អាចក្លាយជាជម្រើស ១១នាក់ដំបូង ព្រោះកាលពីប្រកួតជាមួយ ឥណ្ឌូណេស៊ី កីឡាកររូបមិនបានប្ដូចូលនោះទេ។ ការបង្ហាញខ្លួនដំបូងក្នុងព្រឹត្តិការណ៍AFF កីឡាកររូ​បនេះ បានប្ដូរជំនួស លឹម ពិសុទ្ធ នៅនាទី៧៩ ចំណែ លឹម ពិសុទ្ធ ទាំងពីរប្រកួតនេះ បានបង្ហាញខ្លួនស្ទើរតែពេញម៉ោង ជាពិសេសជំនួបជាមួយឥណ្ឌូណេស៊ី។
 
ហ៊ុល គឹមហ៊ុយ អ្នកចាំទីល្អជាងគេ ក្នុងព្រឹត្តិការណ៍ AFF Under-23 Championship កាលពីអំឡុងខែកុម្ភៈ មិនទាន់បានចូលរួមប្រកួតនៅឡើយទេ។ តើសម្រាប់ជំនួបជាមួយព្រុយណេ អ្នកចាំទីរូបនេះ អាចមានឱកាសបញ្ចេញសមត្ថភាពដែរឬទេ? កែវ សុខសិលា​ បានចូលប្រកួត ២លើករួចមកហើយ ខណៈ ហ៊ុល គឹមហ៊ុយ និងវីរៈ ដារ៉ា មិនទាន់បានលេងនោះទេ។ តើអ្នកចាំទី ៣រូបនេះ មួយណា និងបានចូលរួមប្រកួតស្វាគមន៍ព្រុយណេ?
 
ការប្រកួតនៅក្នុងពូល A កម្ពុជា ត្រូវស្វាគមន៍ ព្រុយណេ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥ ល្ងាច ចំណែកការប្រកួតរវាង ជម្រើសជាតិថៃ និងឥណ្ឌូណេស៊ី នៅក្នុងថ្ងៃជាមួយគ្នានេះ នឹងចាប់ផ្ដើមនៅម៉ោង ៤:៣០ល្ងាច នៅកីឡដ្ឋាន Gelora Bung Karno។ ជំនួបចុងក្រោយរបស់កម្ពុជា ត្រូវប៉ះថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com