ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ ចង់ឲ្យបក្សភ្លើងទៀន បាន៧០អាសនៈនៅឆ្នាំ២០២៣, លោក សុខ ឥសាន ថាមិនអាចទេ
29, Dec 2022 , 1:20 pm        
រូបភាព
លោក គង់ គាំ ឈរលើកដៃសំពះ ក្នុងពិធីជួបជុំ១របស់គណបក្សភ្លើងទៀន។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក គង់ គាំ ឈរលើកដៃសំពះ ក្នុងពិធីជួបជុំ១របស់គណបក្សភ្លើងទៀន។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ

គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល និងគណបក្សភ្លើងទៀន ដែលហាក់មានភាពលេចធ្លោខ្លាំងក្នុងចំណោមគណបក្សជំទាស់ សុទ្ធតែបង្ហាញជំនឿចិត្តរៀងៗខ្លួនទៅអ្នកគាំទ្រ ថានឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០២៣។



ក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកំពតនិងខេត្តកែប កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន បានស្រែកប្រកូកប្រកាសឲ្យសមាជិក-សមាជិកប្តេជ្ញាចិត្តរួមគ្នា ដើម្បីយកឈ្នះលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ដើម្បីធ្វើឲ្យអ្នកគាំទ្រ និងសមាជិក-សមាជិកាគណបក្សភ្លើងទៀន មានជំនឿចិត្តខ្ពស់ក្នុងការតស៊ូដណ្តើមយកជ័យជម្នះនាពេលខាងមុខ លោក បានលើកសុភាសិតបារាំង១ឃ្លាថា Vouloir c'est pouvoir ដែលមានន័យថា ឲ្យតែមានឆន្ទៈ អ្វីៗនឹងអាចទៅរួច។

ថ្វីបើឈានចូលវ័យ៨១ឆ្នាំហើយក្តី តែអ្នកនយោបាយចាស់ទុំរូបនេះ នៅមានលទ្ធភាពនិយាយឮៗ និងច្បាស់ៗ ទៅកាន់អ្នកចូលរួមយ៉ាងដូច្នេះថា៖«ខ្ញុំ ចង់ឲ្យលទ្ធផលក្រឡាប់ចក្រម្តង ចង់ឲ្យឆ្នាំ២០២៣ គណបក្សភ្លើងទៀន បាន៧០អាសនៈទៅ ទុក៥៥អាសនៈ ឲ្យគណបក្សប្រជាជនចុះ។ [យើង] ប្តេជ្ញាទាំងអស់គ្នា ធ្វើឲ្យបាន ព្រោះគ្មានអីដែលថាធ្វើមិនបានទេ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការឃោសនារបស់លោក គង់ គាំ ថាគ្រាន់តែជាវោហារសាស្រ្តនយោបាយ មុនការបោះឆ្នោត។ លោក តែងមើលឃើញថា មុនឡើងសង្វៀន គូប្រកួត តែងមានភាពក្រអឺតក្រទម។ យ៉ាងណា លោក យល់ថា ឈ្នះ-ចាញ់ មិនអាស្រ័យលើភាពក្រអឺតក្រទមឡើយ គឺអាស្រ័យលើលទ្ធផលជាក់ស្តែងនៃការប្រកួត។

ក្នុងកិច្ចសន្ទនាជាមួយសារព័ត៌មានថ្មីៗ (Thmeythmey) តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ វាយតម្លៃចំពោះគណបក្សភ្លើងទៀនយ៉ាងដូច្នេះថា៖«គាត់ មានលទ្ធភាពប្រកួតប្រជែង ក៏ប៉ុន្តែលទ្ធភាពឈ្នះ អត់មានទេ»។

លោក គង់ គាំ បង្ហាញក្តីរំពឹងថា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ គណបក្សភ្លើងទៀន នឹងទទួលបានលទ្ធផលល្អជាងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះ ដល់ទៅទ្វេដង ឬដល់ទៅ៣ដង។ លោក បន្តថា បច្ចុប្បន្ន គណបក្សភ្លើងទៀន គឺជាជើងឯក ក្នុងការស្តារឲ្យមានពហុបក្សនៅថ្នាក់ក្រោមជាតិ ហើយត្រូវស្តារឲ្យមានពហុបក្សនៅថ្នាក់ជាតិទៀត ក្នុងឆ្នាំ២០២៣។

លោក សុខ ឥសាន ឆ្លើយតបថា ចំពោះគណបក្សប្រជាជនកម្ពុជាវិញ មិនមែនស្មានៗនោះទេ គឺមានទឡ្ហីករណ៍ច្បាស់លាស់ ដែលអាចបញ្ជាក់ថា នឹងបន្តទទួលជ័យជម្នះក្នុងឆ្នាំ២០២៣។ ទឡ្ហីករណ៍ ដែលលោករៀបរាប់ត្រួសៗនោះ មានដូចជា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅតែត្រឹមត្រូវ និងសមស្របតាមបំណងរបស់ប្រជាជន ហើយគណបក្សប្រជាជនកម្ពុជា មានស្នាដៃកាន់តែច្រើនឡើងៗ។

ហេតុផល១ទៀត ដែលគណបក្សភ្លើងទៀន មិនអាចឈ្នះ គឺលោក សង្កេតឃើញថា សមាជិក-សមាជិការគណបក្សភ្លើងទៀនរាប់រយ-រាប់ពាន់នាក់ បានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ប្រើពាក្យប្រៀបធៀបថា ទឹកពាងរបស់គណបក្សភ្លើងទៀន ចេះតែស្រក ឯទឹកពាងរបស់គណបក្សប្រជាជនកម្ពុជា ចេះតែពេញ។ បន្ទាប់មក លោក ក៏និយាយន័យត្រង់ថា សំឡេងគាំទ្ររបស់គណបក្សភ្លើងទៀន ដែលទទួលបានក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ មិនអាចកើនឡើងឡើយ គឺមានតែថយចុះ។

ក្នុងចំណោមគណបក្សទាំង១៧ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីខែមិថុនា ឆ្នាំ២០២២ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលទទួលបានអាសនៈច្រើនជាងគេ។ គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៩ពាន់អាសនៈ ឯគណបក្សភ្លើងទៀន ទទួលបានជាង២ពាន់អាសនៈ។

បើរម្លឹកពីការបោះឆ្នោតជាតិនីតិកាលទី៦ ក្នុងឆ្នាំ២០១៨ ប្រហែលជាគ្មានអ្នកណាភ្លេចឡើយថា អាសនៈទាំង១២៥ក្នុងរដ្ឋសភា សុទ្ធតែធ្លាក់លើគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា មានឱកាសទទួលបានអាសនៈទាំងអស់បែបនេះ គឺដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយចោល។ ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយគណបក្សភ្លើងទៀន ត្រូវគេមើលឃើញថា ជាគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជា៕

Tag:
 គណបក្សភ្លើងទៀន
  គណបក្សប្រជាជនកម្ពុជា
  គង់ គាំ
  សុខ ឥសាន
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com