កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិ និងសមិទ្ធផលរបស់លោក Pele វីរៈបុរសបាល់ទាត់ប្រេស៊ីល
30, Dec 2022 , 4:59 pm        
រូបភាព
លោក Pele វីរបុរសបាល់ទាត់ដ៏អស្ចារ្យរបស់ប្រេស៊ីល និងជាកីឡាករតែម្នាក់ក្នុងពិភពលោកដែលឈ្នះពាន World Cup ៣លើក ហើយត្រូវមនុស្សគ្រប់រូបតាំងនាមឱ្យថាជាស្តេចនៃបាល់ទាត់ បានទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ។ Pele ទទួលមរណភាពដោយការវិវត្តធ្ងន់ធ្ងរនៃជំងឺមហារីក។



កើតក្នុងគ្រួសារដែលមានឪពុកឈ្មោះ Dondinho និងម្តាយឈ្មោះ Celeste Arantes និងមានបងប្អូនបង្កើតចំនួន ២នាក់ លោក Pele ចាប់កំណើតនៅក្នុងសង្កាត់ Tres Coracoes ទីក្រុង Minas Gerais នឹងរស់ធំធាត់ឡើងនៅក្នុងតំបន់ក្រីក្រ Bauru ក្នុងទីក្រុង Sao Paulo ។ ឈ្មោះកំណើតហៅថា Adison Arantes do Niscimento ប៉ុន្តែត្រូវបានគេហៅខ្លីថា Pele ។
ឈ្មោះPele នេះ លោកទទួលបានអំឡុងពេលចូលរៀន ដោយអានទៅតាមសំនៀងឈ្មោះរបស់កីឡាករអ្នកចាំទីដ៏ល្បីបំផុតមួយ ក្នុងតំបន់នោះឈ្មោះ Vasco da Gama ដែលមានឈ្មោះហៅខ្លីថា Bile ប៉ុន្តែការប្រើសំនៀងនោះ មានការប្រើខុសជាប់មកជាឈ្មោះ ​Pele រហូតមក។ 
  


នៅវ័យក្មេងលោក Pele បានជួយស្វែងរកប្រាក់ចំណូលជួយគ្រួសារ ដោយបានធ្វើការងារជាអ្នកបម្រើនៅក្នុងហាង«តែ» មួយកន្លែង ក្នុងតំបន់រស់នៅ។ Pele ចេះលេងបាល់លើកដំបូងដោយឪពុករបស់លោកជាអ្នកបង្រៀនផ្ទាល់។ ឪពុកPele ធ្លាប់ជាកីឡាករបាល់ទាត់លេងនៅក្លិប Fluminense ស្រាប់ ។ ដ្បិតចាប់អារម្មណ៍លើការលេងបាល់មែន កាលនោះ Pele មិនមែនលទ្ធភាពទិញបាល់សម្រាប់លេងឡើយ ដោយលោកតែងប្រើក្រូចថ្លុងសម្រាប់ទាត់ និងយកក្រដាស ដាក់ចូលស្រោមជើង ដើម្បីធ្វើជាបាល់ យកមកទាត់លេងជាមួយមិត្តភក្កិ។ 
 
បន្ទាប់មកលោកបានចូលរួមលេងឱ្យក្រុមយុវជនថ្នាលក្នុងសង្កាត់ដែលមានឈ្មោះថា Bauru Athletic Club juniors  ហើយបាននាំក្រុមឈ្នះពានយុវជនថ្នាលនោះ Sao Paulo Championship លើកដំបូងនិងជាលើកទី ២របស់ក្រុម។ ជាមួយគ្នានោះ Pele ក៏លេងបាល់ឱ្យក្រុមបាល់ទាត់តាមផ្ទះ ដែលមានឈ្មោះ Radium ផងដែរ ព្រោះកាលនោះបាល់ទាត់តាមផ្ទះជារឿងដ៏ពេញនិយមក្នុងសង្កាត់ Bauru ដែលជាទីកន្លែងលោក Pele ចាប់ផ្តើមលេងបាល់ទាត់។ មុនឈានជើងមកកាន់បាល់ទាត់អាជីព Pele ក៏ធ្លាប់បានលេងនៅតាមក្រុមបាល់ទាត់ហ្វូតសាល់ផងដែរ។
 


សមិទ្ធផលរបស់លោក Pele វីរៈបុរសបាល់ទាត់ប្រេស៊ីល

ចាប់ផ្ដើមអាជីពដំបូង Pele បានបង្ហាញខ្លួនក្នុងវិស័យបាល់ទាត់ដោយលេងឱ្យក្លិប Santos របស់ប្រេស៊ីលនៅត្រឹមវ័យ ១៥ឆ្នាំ ដោយកាលនោះ Pele ក៏បានរកគ្រាប់បាល់ក្នុងចំណោមជ័យជម្នះលើក្រុម Corinthians de Santo Andre លទ្ធផល ៧-១ នោះដែរ។ Pele លេងឱ្យក្រុម Santos រយៈពេល ១៩ឆ្នាំ ។ បើតាមការកត់ត្រាគ្រាប់បាល់ក្នុងការប្រកួតប្រជែងផ្លូវការដែល Pele បានស៊ុតឱ្យក្រុមមានចំនួន ៦៤៣គ្រាប់ បើទោះបីក្លិប Santos អះអាងថាគ្រាប់បាល់ទាំងនោះមានជាង ១,០០០គ្រាប់ក្តី។ 
 
ក្រោយមក Pele ក៏បានជម្រើសជាតិប្រេស៊ីលកោះហៅចូលជំរុំប្រកួត ដណ្ដើមពានរង្វាន់ពិភពលោក នៅឆ្នាំ១៩៥៨ នាប្រទេសស៊ុយអែត។ ពេលនេះហើយ ដែល Pele បានបង្កើតប្រវត្តិសាស្រ្តសម្រាប់ប្រេស៊ីល។
 
អំឡុងពេលបង្ហាញខ្លួនក្នុង ​World Cup លើកដំបូង Pele បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ទល់វែលស៍ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ , នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររកបានគ្រាប់បាល់ ៣គ្រាប់(Hat-Trick) ទល់បារាំង និងនៅវគ្គផ្តាច់ព្រ័ត្រ Pele ស៊ុតបាន ២គ្រាប់ក្នុងជ័យជម្នះលើម្ចាស់ផ្ទះស៊ុយអែត ៥-២ ​ជួយប្រេស៊ីលគ្រងពានលើកដំបូង​។ 
  


៤ឆ្នាំក្រោយមក Pele ជួយឱ្យប្រស៊ីល ឈ្នះ World Cup លើកទីពីរក្នុងឆ្នាំ ១៩៦២ ដែលជាឆ្នាំប្រេស៊ីលគ្រងជើងឯក ២លើកជាប់គ្នាក្នុងប្រវត្តិសាស្ត្រ World Cup បន្ទាប់ពីអ៊ីតាលី។ បើទោះបីលោកមិនបានបង្ហាញវត្តមានលេងព្រោះរបួសក្តី។ ក្នុងឆ្នាំដដែលនោះលោក Pele មានវ័យ ២១ឆ្នាំ បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ក្នុងជ័យជម្នះ ២-០ លើម៉ិកស៊ិកនៅប្រកួត World Cup ដំបូង តែនៅប្រកួតក្រោយផ្សេងទៀតខកខានព្រោះរបួស។
 
ឆ្នាំ ១៩៧០ លោក Pele ជួយប្រេស៊ីលលើកពានម្តងទៀត ដោយស៊ុតបាល់បញ្ចូលទី ១គ្រាប់ក្នុងជ័យជម្នះ ៤-១លើអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់ព្រឹត្តិការណ៍ World Cup លោក Pele បានបង្ហាញខ្លួនឱ្យក្រុមប្រេស៊ីលបានចំនួន ១៤ ប្រកួត និងស៊ុតបាល់បញ្ចូលទីចំនួន ១២គ្រាប់ ។ មិនត្រឹមតែប៉ុណ្ណោះវីរបុរសបាល់ទាត់រូបនេះ ក៏ត្រូវបាន FIFA ផ្តល់ងារនិងពានរង្វាន់ឯកត្តជនឱ្យជាកីឡារករល្អប្រចាំសតវត្ស នៅក្នុងឆ្នាំ ២០០០។ 
 
បើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់ប្រេស៊ីល (BFC) លោក Pele រកបានគ្រាប់បាល់ចំនួន ១,២៨៣គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១,៣៦៧ប្រកួត ខណៈដែល FIFA បញ្ជាក់ថាគ្រាប់បាល់របស់ Pele រកបានមានចំនួនត្រឹម ១,២៨១ ក្នុងការបង្ហាញខ្លួន ១,៣៦៦ប្រកួត ក្នុងរយៈពេល ២១ឆ្នាំ នៃការប្រកបអាជីពមួយនេះ។ គ្រាប់បាល់ទាំងនោះ ក៏រួមមានការស៊ុតបញ្ចូលទី ៧៧គ្រាប់ចំណោម ៩២ប្រកួតសម្រាប់ជម្រើសជាតិប្រេស៊ីល។ 
 
សមិទ្ធផលដែលលោក Pele សម្រេចបានអំឡុងនៅជាកីឡាកររួមមានឈ្នះពានរង្វាន់ Brazil Champions ៦លើក, ពានរង្វាន់ Copa Libertadores ២លើក, Intercontinental Cup ២លើកជាមួយក្រុម Santos, NASL Soccer Bowl Champions ជាមួយក្រុម  New York Cosmos និងពានរង្វាន់ World Cup ចំនួន ៣លើកជាមួយប្រេស៊ីល។ 
សមិទ្ធផលឯកត្តជនរបស់លោកមាន ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពានរង្វាន់។
 
ឆ្នាំ ១៩៦៤-៦៥ Copa Libertadores ៨គ្រាប់
ឆ្នាំ ១៩៦៣-៦៤ Campeonato Brazileiro Serie A ៧គ្រាប់
ឆ្នាំ ១៩៦២-៦៣ Intercontinental Cup ២គ្រាប់
ឆ្នាំ ១៩៦១-៦២ Intercontinental Cup ៥គ្រាប់
ឆ្នាំ ១៩៦០-៥៩ Campeonato Brazileiro Serie A ៩គ្រាប់
ឆ្នាំ ១៩៥៨-៥៩ Campeonato Sudamericano 1959 ៨គ្រាប់។
លោក Pele ឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតក្នុងឆ្នាំ ១៩៥៨ (World Cup 1958), កីឡាករល្អប្រចាំឆ្នាំនៅទ្វីបអាម៉េរិកខាងត្បូងឆ្នាំ ១៩៧៣, កីឡាករល្អប្រចាំការប្រកួត World Cup ឆ្នាំ ១៩៧០។
 
ការងារសង្គមក្រោយលាឈប់ពីអាជីព
នៅឆ្នាំ ១៩៧៤ លោក Pele ធ្លាប់បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ម្តង ដោយកាលនោះលោកស្ថិតនៅក្នុងនាមជាកីឡាកររបស់ក្រុម Santos ចាប់តាំងពីឆ្នាំ១៩៥៦មក។ ប៉ុន្តែក្រោយការប្រកាសនោះមិនបានប៉ុន្មានផង វីរបុរសរូបនេះបានវិលត្រលប់មកកាន់ការប្រកួតវិញ ដ៏គួរឱ្យភ្ញាក់ផ្អើលដោយបានទៅចូលរួមលេងនៅក្លិប ​New York Cosmos ចំនួន ២រដូវកាលបន្ថែម។ នៅក្រុម New York Cosmos ដែលជាទីកន្លែង Pele រកបានគ្រាប់បាល់បន្ថែមចំនួន ៣៧គ្រាប់ពីការបង្ហាញខ្លួន ៦៤លើក។  Pele លេងជាមួយវីរបុរសបាល់ទាត់អាល្លឺម៉ង់ Franz Beckenbauer និងមិត្តរួមក្រុមប្រេស៊ីលលោកCarlos Alberto រហូតដល់ឆ្នាំ ១៩៧៧ ទើបលោកបញ្ចប់អាជីពជាកីឡាករដ៏ពិតប្រាកដ។
 


ក្រោយពីបញ្ចប់អាជីពជាកីឡាករដ៏ឆ្នើមក្នុងវិស័យបាល់ទាត់ លោក Pele បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្តទៅកាន់គ្រួសារក្រីក្រ ឱ្យមានការតស៊ូ​ក៏ដូចជាក្មេងៗដែលស្រលាញ់បាល់ទាត់ឱ្យបន្តខិតខំបន្ថែម ដើម្បីបំពេញក្តីស្រមៃពួកគេ ។ លើសពីនេះលោក Pele ក៏បានជំរុញលើកទឹកចិត្តមនុស្សដែលមានពណ៍ខ្មៅ ឱ្យមានភាពជឿជាក់និងប្រឹងប្រែងឡើងវិញ ហើយប្រឆាំងនឹងការរើសអើងព័ណ៌សម្បុរ។ លោក Pele ក៏បានធ្វើកម្មវិធីសប្បុរសធម៍ជួយដល់កុមារកំព្រា និងមនុស្ស ដែលមានជីវភាពក្រីក្រផ្សេងទៀតជាច្រើន អំឡុងពេលលោកនៅមានជីវិត។ 
 
គួររំលឹកដែរថាលោក Pele បានទទួលមរណៈភាពនៅវេលាម៉ោង ៣៖​២៧ រសៀល ថ្ងៃទី២៩ ខែធ្នូ។ ​មូលហេតុនៃការស្លាប់របស់ស្តេចកីឡាបាល់ទាត់ប្រេស៊ីលត្រូវបានខាងមន្ទីរពេទ្យរៀបរាប់ថាដោយសារការបរាជ័យនៃដំណើរការសរីរាង្គច្រើនផ្នែកដែលបណ្តាលមកពីការវិវត្តនៃជំងឺមហារីកពោះវៀនធំ រួមជាមួយស្ថានភាពសុខភាពពីមុនរបស់លោក Pele។ ការស្លាប់របស់ស្តេចបាល់ទាត់រូបនេះ ក្រោយព្រឹត្តិការណ៍ World Cup 2022 បញ្ចប់ទៅបានរយៈពេល ១២ ថ្ងៃ៕
 

Tag:
 Pele
  Brazil
© រក្សាសិទ្ធិដោយ thmeythmey.com