ជាតិ
សង្គមជាតិ
ទណ្ឌិត២៨៣នាក់ ត្រូវបានស្នើសុំលើកលែង និងបន្ធូរបន្ថយទោស នៅថ្ងៃ៧ មករា 
សមត្ថកិច្ចចុះពិនិត្យបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថយទោសនាពេលកន្លងមក។ រូបក្រសួងយុត្តិធម៌
×![]()
ភ្នំពេញ៖ ទណ្ឌិតជាង២០០នាក់ ត្រូវបានក្រសួងយុត្តិធម៌ដាក់សំណើរ ស្នើសុំព្រះមហាក្សត្រ ដើម្បីទទួលបានការលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃទី៧មករា ខាងមុខ។
គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើរបស់អ្នកទោសចំនួន២៨៣នាក់ ទៅសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ ហើយសម្រេចដាក់ថ្វាយទៅព្រះមហាក្សត្រ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេរលើទំព័រហ្វេសប៊ុកបញ្ជាក់ថា ក្នុងចំណោមទណ្ឌិត២៨៣នាក់ ក្នុងនោះមាន អ្នកទោសជាស្ត្រី២៧នាក់។ ចំពោះអ្នកទោស ដែលបានស្នើសុំបន្ធូរបន្ថយទោសចំនួន៣ខែ គឺមាន២១៥នាក់ ក្នុងនោះស្រី១៧នាក់។ អ្នកទោសស្នើសុំបន្ថយទោស៦ខែ មានចំនួន៥៤នាក់ ក្នុងនោះ មានស្រី៩នាក់។ រីឯ ការស្នើសុំបន្ថយទោស រយៈពេល១២ខែវិញ មានចំនួន២នាក់ និងលើកលែងទោសទាំងស្រុង ១នាក់។
នៅកម្ពុជា តែងតែមានការលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតជាប់ពន្ធនាគារ ចំនួន៥ដងក្នុងមួយឆ្នាំ គឺ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ,ពិធីបុណ្យចូលឆ្នាំខ្មែរ ,បុណ្យវិសាខបូជា ,បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។ នេះបើតាម ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិត ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
ព្រះរាជក្រឹត្យ ក៏បានបញ្ជាក់ថា ការបន្ធូរបន្ថយ និងការលើកលែងទោសនេះ គឺផ្ដល់ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្ត្រីមានផ្ទៃពោះ ឬមានជំងឺរ៉ាំរ៉ៃ ជនពិការភាព ដែលលិខិតបញ្ជាក់ពីគ្រូពេទ្យប៉ុណ្ណោះ។ ចំពោះការបន្ធូរបន្ថយទោសនេះ លុះត្រាតែទណ្ឌិតនោះ បានអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុប ដែលតុលាការបានកំណត់ ហើយសម្រាប់ទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស១០ឆ្នាំជាមុនសិន៕
© រក្សាសិទ្ធិដោយ thmeythmey.com