ជាតិ
អន្តរជាតិ
តបអាម៉េរិកលក់អាវុធឱ្យតៃវ៉ាន់ ចិនព្រមានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីការពារប្រយោជន៍សន្តិសុខ
31, Dec 2022 , 11:19 am        
រូបភាព
លោក​ Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោក​ Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី៣០ ខែធ្នូ បានជំទាស់ការលក់អាវុធជាថ្មីពីសំណាក់អាម៉េរិកឱ្យកោះតៃវ៉ាន់ក្នុងតម្លៃ ១៨០លានដុល្លារ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង នឹងចាត់វិធានការឱ្យបានខ្លាំងបំផុត ដើម្បីការពារផលប្រយោជន៍អធិបតេយ្យ និងសន្តិសុខរបស់ខ្លួន។

 
ក្រសួងការបរទេសអាម៉េរិក បានបើកភ្លើងបៃតងលក់ប្រព័ន្ធមីនការពាររថក្រោះទៅឱ្យតៃវ៉ាន់ ក្នុងតម្លៃប្រហែល១៨០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពការពារទប់ទល់នឹងចិន។ នេះបើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណនៅថ្ងៃទី២៨ ខែធ្នូ។ យ៉ាងណាមិញ ការលក់ប្រព័ន្ធមីនការពាររថក្រោះបែបនេះ ត្រូវបានចិនជំទាស់យ៉ាងខ្លាំង។ 
 
«យើងជំរុញឱ្យអាម៉េរិកគោរពគោលការណ៍ចិនតែមួយ និងលក្ខខណ្ឌនៅក្នុងសេចក្តីប្រកាសរួមចំនួន ៣រវាងចិន និងអាម៉េរិក»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តទទូចជាថ្មីឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឈប់លក់អាវុធឱ្យក្រុងតៃប៉ិ និងឈប់បង្កើតភាពតានតឹងថ្មីនៅច្រកសមុទ្រតៃវ៉ាន់។
 
ក្នុងសន្និសីទនៅថ្ងៃទី៣០ ខែធ្នូ លោក Wang បានព្រមានអាម៉េរិកថា ចិន នឹងចាត់វិធានការឱ្យបានម៉ត់ចត់ ដើម្បីការពារផលប្រយោជន៍សន្តិសុខ និងអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ក្រោមចំណាត់ការខាងលើ ចិនអាចដាក់ទណ្ឌកម្មលើក្រុមហ៊ុនលក់អាវុធរបស់អាម៉េរិកណាមួយ ដែលលក់អាវុធឱ្យតៃវ៉ាន់។ កន្លងមក ចិន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Raytheon ជាដើម។ 
 
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលអាម៉េរិកលក់អាវុធឱ្យតៃវ៉ាន់។ ចាប់តាំងពីលោកចូ បៃឌិន ចូលកាន់តំណែងជាប្រធានាធិបតីមក ក្រុងវ៉ាស៊ីនតោន បានឯកភាពលក់អាវុធឱ្យក្រុងតៃវ៉ាន់ក្នុងទំហំជាច្រើនពាន់លានដុល្លារ៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com