ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០២៣ រដ្ឋបោះលក់បណ្ណបំណុល២០០លានដុល្លារ ដើម្បីបំពេញចំណាយ
31, Dec 2022 , 6:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
រដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់ ៨១៣ ០០០លានរៀល (ប្រមាណ២០០លានដុល្លារ) សម្រាប់ឆ្នាំ២០២៣។ ការបោះលក់បណ្ណបំណុលនេះ គឺដើម្បីកៀរទុនពីវិនិយោគិនក្នុងស្រុកមកបំពេញចំណាយប្រចាំឆ្នាំដែលមានដល់៣៩,២ទ្រីលានរៀល(ប្រមាណ៩,៦ពាន់លានដុល្លារ)។ នេះបើតាមយោងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។

 
ឆ្នាំ២០២៣ រដ្ឋមានបន្ទុកចំណាយច្រើន ជាពិសេសផ្តោតលើការដំឡើងប្រាក់ដល់មន្តី្ររាជការគ្រប់កម្រិត ចាប់ពីមន្ត្រីជាប់កិច្ចសន្យា ដល់ មន្រ្តីរាជការស៊ីវិល។ លើសពីនេះ រដ្ឋត្រូវចំណាយថវិកាក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋនីតិកាលទី៧  និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAME)លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២  រួមទាំងចំណាយសំខាន់ផ្សេងទៀត ដែលទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ។
 
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បង្ហាញថា  រដ្ឋគ្រោងចំណាយប្រមាណ ៩ ៦០០លានដុល្លារ។ ចំណាយនេះគឺស្មើ២៩,៨៧ភាគរយនៃផលិផលក្នុងស្រុកសរុប(ផសស) ដែលមានប្រមាណ៣២ ២៩១លានដុល្លារ។ ក្នុងនោះ ចំណាយចរន្តរបស់រដ្ឋមានប្រមាណ ៥ ៦០០លានដុល្លារ និងចំណាយមូលធនមាន ៤ ០០០លានដុល្លារ។ រីឯ ចំណូលប្រចាំឆ្នាំវិញ គឺមានត្រឹមប្រមាណ ៧ ០០០លានដុល្លារ ដែលស្មើនឹង២២,៣៣ភាគរយ នៃ ផសស។
 
ផ្អែកតាមតួលេខនៃចំណូល-ចំណាយជាតិខាងលើ កម្ពុជាមានឱនភាពថវិកាសរុប-៧,៥៤ភាគរយ(ក្នុងរង្វង់ទឹកប្រាក់២ ៤០០លានដុល្លារ) នៃ ផសស។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា តុល្យភាពនៃចំណាយប្រចាំឆ្នាំនេះ នឹងបំពេញដោយហិរញ្ញប្បទានក្រៅប្រទេសប្រមាណ១ ៥០០លានដុល្លារ, មូលនិធិទ្រទ្រង់ថវិកាចំនួន៣០០លានដុល្លារ និងប្រាក់បញ្ញើរាជរដ្ឋាភិបាលប្រមាណ ៦០០លានដុល្លារ។ 
 
ជាមួយគ្នានេះ រដ្ឋក៏នឹងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់២០០លានដុល្លារ ផងដែរ។  ការសម្រេចបោះលក់មូលបត្ររដ្ឋនេះ មិនត្រឹមដើម្បីបំពេញការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ តែវាគឺជាចូលរួមក្នុងការលើកស្ទួយវិស័យមូលបត្រកម្ពុជា ហើយនេះ ជាឆ្នាំទីពីរនៃការបោះផ្សាយមូលបត្ររដ្ឋ។
 
ឆ្នាំ២០២២ រដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុលជាលើកដំបូងក្នុងទំហំ៣០០លានដុល្លារ។ ប៉ុន្តែ ដំណើរការនៃការបោះផ្សាយនេះហាក់មិនសូវរលូនឡើយ ព្រោះតែរងឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារដោយផ្តើមចេញពីសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលជះឥទ្ធិពលខ្លាំងលើវិស័យមូលបត្ររដ្ឋនៅកម្ពុជា ក៏ដូចនៅប្រទេសផ្សេងៗក្នុងពិភពលោក។ 
 
ជុំវិញបញ្ហានេះ លោក ហុង សុហួរ  អគ្គនាយនៃផ្សារមូលបត្រកម្ពុជា(CSX) បានលើកឡើងថា ការបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំទីមួយ គឺមិនគ្រប់តាមទំហំដែលបានអនុម័តក្នុងច្បាប់ឡើយ ព្រោះតែអត្រាការប្រាក់បញ្ញើររបស់ធនាគារនៅលើពិភពលោកឡើងខ្ពស់ខ្លាំងជាបន្តបន្ទាប់។ បញ្ហានេះនឹងបន្តជះឥទ្ធិពលអវិជ្ជមានលើវិស័យមូលបត្រកម្ពុជា ជាពិសេសមូលបត្ររដ្ឋតែម្តង។ 
 
«ឆ្នាំ២០២៣ មូលបត្ររដ្ឋយើងនៅតែរងឥទ្ធិពលពីខាងក្រៅ ព្រោះតាមការប៉ាន់ស្មាន អាម៉េរិក និងអឺរ៉ុប គឺនៅតែដំឡើងអត្រាការប្រាក់ក្នុងប្រព័ន្ធធនាគារបន្តទៀត»។ លោក ហុង សុហួរ ថ្លែងបែបនេះប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី៣០ធ្នូ ដោយបន្តនិយាយយ៉ាងដូច្នេះ៖ «ដំណាក់កាលនេះ យើងមិនបាច់និយាយដល់មូលបត្ររដ្ឋទេ សូម្បីតែមូលបត្របំណុលរបស់វិស័យឯកជនដែលបោះលក់ក្នុងផ្សារយើង(CSX)ក៏ឡើងអត្រាការប្រាក់គ្រប់គ្នាដែរ ព្រោះតែធនាគារសឹងទាំងអស់ក្នុងស្រុកបានដំឡើងអត្រាការប្រាក់ដើម្បីទាក់ទាញការប្រាក់បញ្ញើរ»។ 
 
បើតាមអ្នកជំនាញក្នុងវិស័យមូលបត្ររូបនេះ ដើម្បីឱ្យការបោះលក់បណ្ណបំណុលរបស់រដ្ឋ មានភាពល្អប្រសើរ រដ្ឋអាចនឹងពិចារណាដំឡើងអត្រាការក្នុងកម្រិតណាមួយដើម្បីទាក់ទាញវិនិយោគិន។ ប៉ុន្តែ បើសិនរដ្ឋាភិបាលសម្រេចដំឡើងអត្រាលើការបោះលក់បណ្ណបំណុល នោះបន្ទុកចំណាយរបស់រដ្ឋក៏នឹងកើនឡើង ផងដែរ។ 
 
ដ្បិតដំណើរការបោះលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៣បន្តជួបឧបសគ្គច្រើន ប៉ុន្តែ លោក ហុង សុហួរ  បង្ហាញនូវសុទិដ្ឋនិយមខ្ពស់ថា៖ «លទ្ធផលនៃឆ្នាំនេះ ដឹងតែល្អជាងឆ្នាំដំបូង ព្រោះយើងចាប់អនុវត្តពីដើមឆ្នាំ បើធៀបកាលឆ្នាំ២០២២ គឺយើងផ្តើមអនុវត្តនៅខែកញ្ញា។ លើសពីនេះ ក្នុងឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាយើង នឹងចូលរួមជួយបោះផ្សាយមូលបត្ររដ្ឋនេះឱ្យបានតាមការគ្រោងទុកក្នុងទំហំ២០០លានដុល្លារ»។
 
គិតមកទល់បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាគឺមានក្រុមហ៊ុនចំនួន១៦ បានចុះបញ្ជី។ ក្នុងនោះ មាន៩ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណ ដែលបានកៀរគរទុនវិនិយោគពីទីផ្សារនេះបានប្រមាណ៣០០លានដុល្លារ។ លោក ហុង សុហួរ បានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនទាំងនេះបានបង្ហាញនូវការចាប់អារម្មណ៍ច្រើនក្នុងការវិនិយោគលើមូលបត្ររដ្ឋនេះ។
 
វិនិយោគិនដែលទិញមូលបត្ររដ្ឋ  នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធកាត់ទុក៥០ភាគរយលើការប្រាក់បានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ  និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល៣ឆ្នាំ។  លើសពីនេះ វិនិយោគិន ត្រូវបានរដ្ឋទទួលស្គាល់ការថ្លឹងហានិភ័យសូន្យភាគរយ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខណ្ឌសន្ទនីយភាព។ 
 
សម្រាប់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីសេដ្ឋកិច្ចពិភពលោកសព្វថ្ងៃមានភាពប្រាកដប្រជាច្រើនក្តី ប៉ុន្តែសុខភាពសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដោយក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាអាចសម្រចបានក្នុងរង្វង់៤ភាគរយ ជាពិសេសប្រភពចំណូលគឺមានភាពល្អប្រសើរ ដែលរដ្ឋប្រមូលបានលើសផែនការប្រចាំឆ្នាំទៅទៀត។ នេះ ជាបរិយាកាសសេដ្ឋកិច្ចដ៏ល្អសម្រាប់វិនិយោគិនក្នុងការទិញមូលបត្ររដ្ឋ ប៉ុន្តែទិញ ឬ មិនទិញ គឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់វិនិយោគិនផ្ទាល់ដែលមើលឃើញឱកាសនិងផលចំណេញផ្សេងៗពីសេដ្ឋកិច្ច។ 
 
បើតាមលោក សុខសេនសាន ទោះបីរដ្ឋខ្ចីលុយពីវិនិយោគមិនបានគ្រប់តាមផែនការនៃច្បាប់តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋក្តី ក៏រដ្ឋនៅមានលទ្ធភាពទ្រទ្រង់ការចំណាយរបស់ខ្លួនបានដែរ។ លោកបន្តនិយាយប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ ៖«យើងគ្រោងខ្ចី[លុយ]គេមែន! តែរដ្ឋយើងក៏ខិតខំរកចំណូលបន្ថែមទៀត តាមរយៈការកែលម្អទម្រង់នានាដោយធ្វើយ៉ាងម៉េចឱ្យចំណូលជាតិកើនលើសផែនការ។ អាចំណូលលើសផែនការដែលយើងទទួលបាន[ពីពន្ធដារ និង គយ] គឺវាសឹងលើសពីអ្វីដែលយើងបោះលក់មូលរដ្ឋបត្ររដ្ឋហ្នឹងទៀត»។
 
លោកអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ថែមថា៖ « បើសុខភាពសេដ្ឋកិច្ចយើងនៅរក្សាបាននូវកំណើនវិជ្ជមាន ហើយការវិនិយោគក្នុងស្រុក និងការនាំចេញបន្តកើនឡើងនោះ ខ្ញុំគិតថាការបោះផ្សាយមូលបត្ររដ្ឋនេះ វាគ្រាន់តែជាការបន្ទាប់បន្សំប៉ុណ្ណោះនៅក្នុងអន្តរកាលនេះ។ ដូច្នេះ គឺមានអត់ហេតុអ្វីដែលយើងត្រូវដំឡើងអត្រាការប្រាក់សម្រាប់បោះផ្សាយមូលបត្ររដ្ឋនេះឡើយ»។  
 
សូមជម្រាបថា រដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុល ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២២មក តាមរយៈធនគារជាតិនៃកម្ពុជា(NBC)។ សម្រាប់ឆ្នាំ២០២២ រដ្ឋគ្រោងបណ្ណបំណុលក្នុងទំហំ៣០០លានដុល្លារ ជាមួយនឹងគូប៉ុង(អត្រាការប្រាក់)ខ្ពស់បំផុត២.២ភាគរយ ប៉ុន្តែ ការបោះលក់នេះគឺមិនបានគ្រប់តាមផែនការឡើយ។

យោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋបានត្រឹម៤១,៨ពាន់លានរៀល(១០,១៥) លានដុល្លារប៉ុណ្ណោះ៕

Tag:
 មូលបត្ររដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com