ជាតិ
អន្តរជាតិ
តើបុគ្គលមានឥទ្ធិពលរូបណាខ្លះទទួលមរណភាពនៅក្នុងឆ្នាំ២០២២?
31, Dec 2022 , 8:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
នៅក្នុងឆ្នាំ២០២២ បុគ្គលមានឥទ្ធិពលជាច្រើនរូប បានទទួលមរណភាព ដោយសារតែជរាពាធ ការធ្វើឃាត និងជំងឺជាដើម។ ក្នុងចំណោមបុគ្គលមានឥទ្ធិពលទាំងនោះមានដូចជា អតីតមេដឹកនាំចិន ជប៉ុន សូវៀត រួមទាំងម្ចាស់ក្សត្រីយ៍អង់គ្លេស។ ខាងក្រោមនេះជាបុគ្គលសំខាន់ៗ ដែលទទួលមរណភាពនៅក្នុងឆ្នាំ២០២២។

 
១. ម្ចាស់ក្សត្រីយ៍អង់គ្លេសអេលីហ្សាបែតទីពីរ
 
ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីររបស់អង់គ្លេស នៅថ្ងៃទី៨ ខែកញ្ញា បានសោយទិវង្គត ក្រោយសោយរាជ្យ និងជាប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេសរយៈពេល៧០ឆ្នាំ។ ការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ក្នុងព្រះជន្ម៩៦ព្រះវង្សា ធ្វើឱ្យមេដឹកនាំក្នុងពិភពលោកជាច្រើនសម្តែងភាពសោកស្តាយយ៉ាងខ្លាំង។ 
 
២. អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ
 
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពនៅក្នុងវ័យ ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីត្រូវបានបាញ់ប្រហារក្នុងតំបន់ណារ៉ា ក្នុងពេលស្វែងរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់។
 
៣. អតីតមេដឹកនាំសហភាពសូវៀត លោក  Mikhail Gorbachev
 
លោក  Mikhail Gorbachev អតីតមេដឹកនាំសហភាពសូវៀតចុងក្រោយ បានស្លាប់នៅក្នុងវ័យ ៩១ឆ្នាំ នាខែសីហា។ លោក ជាមេដឹកនាំមួយរូប ដែលធ្វើឱ្យសង្រ្គាមត្រជាក់បញ្ចប់ទៅដោយសន្តិវិធី។ ក្រោយមរណភាព មេដឹកនាំពិភពលោកជាច្រើនបានចូលរួមរំលែកទុក្ខ និងសរសើរពីស្នាដៃរបស់លោក។ 
 
៤. អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន
 
អតីតប្រធានាធិបតីចិនលោក ជាំង ហ្សេមីន បានទទួលមរណភាព នៅចុងខែវិច្ឆិកាកន្លងទៅ ដោយសារជំងឺមហារីកឈាម និងការលែងដំណើរការសរីរាង្គមួយចំនួន។ លោក ជាំង ជាអគ្គលេខាបក្សកុម្មុយនិស្តចិនពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០០២, ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ ២០០៤ និងជាប្រធានាធិបតីចិនពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣។ 
 
៥. អតីតប្រធានាធិបតីអ៊ុយក្រែន លោក Leonid Kravchuk 
 
លោក Leonid Kravchuk អតីប្រធានាធិបតីអ៊ុយក្រែនដំបូង បានទទួលមរណភាព នៅក្នុងខែឧសភាកន្លងទៅ ក្នុងវ័យ ៨៨ឆ្នាំ។ អតីតមេដឹកនាំរូបនេះ ជាអ្នកចូលរួមដ៏សកម្ម ក្នុងការប្រកាសឯករាជ្យពីសហភាពសូវៀតនៅក្នុងឆ្នាំ ១៩៩១។ លោក Kravchuk មានសុខភាពមិនសូវល្អឡើយ និងបានវះកាត់បេះដូងនៅក្នុងឆ្នាំ២០២១។ 
 
៦. អតីតប្រធានាធិបតីម៉ិកស៊ិក លោក Luis Echeverria
 
លោក Luis Echeverria អតីតប្រធានាធិបតីម៉ិកស៊ិកនៅក្នុងឆ្នាំ១៩៧០ បានទទួលមរណភាពនៅក្នុងវ័យ ១០០ឆ្នាំ។ លោកជាមេដឹកនាំមួយរូប ដែលបានសន្យាបើកចំហប្រទេសចំពោះលទ្ធិប្រជាធិបតេយ្យ។ លោក Luis Echeverria បានទទួលមរណភាពនៅក្នុងខែកក្កដាកន្លងទៅ។ 

៧. អតីតប្រធានាធិបតីប៉េរូ លោក Francisco Morales Bermudez 
 
អតីតប្រធានាធិបតីប៉េរូ លោក Francisco Morales Bermudez បានទទួលមរណភាពនៅក្នុងវ័យ ១០០ឆ្នាំ នៅក្នុង១៥ ខែកក្កដា។ លោកជាអតីតមេដឹកនាំយោធាមួយរូប ដែលបានត្រួតត្រាយផ្លូវសម្រាប់រដ្ឋាភិបាលស៊ីវិលត្រលប់មកកាន់អំណាចវិញ៕ 
 

Tag:
 ចិន
  អង់គ្លេស
  ជប៉ុន
  សូវៀត
  អ៊ុយក្រែន
  ម៉ិកស៊ិក
  ប៉េរូ
© រក្សាសិទ្ធិដោយ thmeythmey.com