ជាតិ
អន្តរជាតិ
អ្វីទៅជាអំណាចរឹង អំណាចទន់ និងអំណាចវ័យឆ្លាត?
01, Jan 2023 , 7:29 pm        
រូបភាព
ក្នុងទំនាក់ទំនងអន្តរជាតិ និងនយោបាយអន្តរជាតិ អំណាចរបស់ប្រទេសនីមួយៗមានច្រើនប្រភេទណាស់ ហើយអំណាចចំនួនបីដែលអ្នកសិក្សាស្រាវជ្រាវពិភាក្សាច្រើនជាងគេនោះគឺ អំណាចរឹង (Hard Power) អំណាចទន់ (Soft Power) និងអំណាចវ័យឆ្លាត (Smart Power) ។ អំណាចទាំងបីប្រភេទនេះសុទ្ធតែសំខាន់នាពេលបច្ចុប្បន្ន ខណៈកាលពីដើមឡើយប្រទេសនីមួយៗផ្ដោតលើអំណាចរឹងតែប៉ុណ្ណោះដូចជាការពង្រឹងកម្លាំងយោធាជាដើម។

 
តើអ្វីគឺជាអំណាច? ហើយអំណាចទាំងបីមានន័យដូចម្ដេចខ្លះ?
 
អ្នកប្រាជ្ញាជាច្រើនបានឱ្យនិយមន័យនៃពាក្យអំណាចខុសៗគ្នាទៅតាមការយល់ឃើញពីពិភពលោករៀងៗខ្លួន។ អ្នកប្រាជ្ញល្បីពីររូបដែលបានបកស្រាយអត្ថន័យនៃ «អំណាច» ទីមួយគឺលោក Max Weber ដែលចាត់ទុកអំណាច ជាប្រូបាប៊ីលីតេនៃតួអង្គក្នុង ទំនាក់ទំនងសង្គមដើម្បីទទួលបានជំហរមួយក្នុងការអនុវត្តឆន្ទៈរបស់ខ្លួនទោះបីជាមានការជំទាស់ក្ដី។ អ្នកប្រាជ្ញទីពីរលោក Talcott Parsons អះអាងថា អំណាច ជាសមត្ថភាព ដើម្បីថែរក្សាការអនុវត្តនៃកាតព្វកិច្ចដែលចងដោយច្បាប់នៅក្នុងប្រព័ន្ធនៃគោលដៅសមូហភាព ហើយប្រសិនជាមានករណីមិនអនុវត្តតាមកាតព្វកិច្ចនោះនឹងមានការដាក់ទណ្ឌកម្មអវិជ្ជមាន។ 
 
ចំណែកអ្នកប្រាជ្ញល្បីឈ្មោះរបស់អាម៉េរិក លោក Joseph Nye ដែលជាសាស្ត្រាចារ្យសកលវិទ្យាល័យ Harvard  បានសិក្សាពីអំណាច ហើយបានបែងចែកអំណាចជាពីរ គឺអំណាចរឹង និងអំណាចទន់។ អំណាចចំពោះ Nye ជា សមត្ថភាពក្នុងការជះឥទ្ធិពលដល់អ្នកដ៏ទៃដើម្បីទទួលបានលទ្ធផលដែលខ្លួនចង់បាន។ ឧទាហរណ៍ អ៊ុយក្រែនព្យាយាមស្នើសុំប្រព័ន្ធការពារដែនអាកាស ព្រមទាំងអាវុធទំនើបៗ ពីលោកខាងលិច និងអាម៉េរិកក្នុងគោលបំណងការពារខ្លួនពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី និងការវាយប្រហារទៅវិញ។
 
អំណាចរឹង ជាអំណាចដែលមានទម្រង់ចាស់ជាងគេហើយវាផ្សារភ្ជាប់គំនិតនៃប្រព័ន្ធអន្តរជាតិបែបអនាធិបតេយ្យ (Anarchic System) ដែលប្រទេសនីមួយៗមិនស្គាល់ពីអំណាចថ្នាក់ខ្ពស់ណាមួយក្នុងការរក្សាច្បាប់ទម្លាប់នោះឡើយ។ Nye បញ្ជាក់ថា អំណាចរឹង ជាសមត្ថភាពនៃការសម្រេចបានគោលបំណងមួយដោយប្រើប្រាស់សកម្មភាពគំរាមកំហែង ឬបង្ខិតបង្ខំ ឬក៏ការដាក់លក្ខខណ្ឌទទួលបានរវាងរង្វាន់ និងទណ្ឌកម្ម (Carrot and Stick) ។ 
 
តាមប្រវត្តិសាស្ត្រ អំណាចរឹងត្រូវបានវាស់វែងដោយទំហំដី ចំនួនប្រជាជន ទីតាំងភូមិសាស្ត្រ ធនធានធម្មជាតិ កម្លាំងយោធា និងព្រមទាំងសេដ្ឋកិច្ច។ 
 
ឧទាហរណ៍ជាក់ស្ដែងដែលអាចលើកមកបង្ហាញនោះគឺ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបន្តអូស បន្លាយជាង១០ខែមកនេះ។ រុស្ស៊ីព្យាយាមប្រើប្រាស់អំណាចរឹងរបស់ខ្លួនដូចជា ចំនួនកងទ័ព កម្លាំងយោធា ព្រមទាំងទំហំសេដ្ឋកិច្ចដើម្បីគាបសង្កត់អ៊ុយក្រែនមិនឱ្យចូលរួមក្នុងសម្ព័ន្ធយោធាណាតូ និងដើម្បីរំសាយអាវុធតាមអ្វីដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើង។
 
បន្ថែមពីនេះ Nye បានបញ្ជាក់ថា អំណាចចាប់ផ្ដើមប្រែប្រួលខណៈមានការប្រែប្រួលក្របខណ្ឌនៃការប្រើប្រាស់អំណាចទៅជាទម្រង់អរូបិយវិញ ឬជាអំណាចទន់ដែល Nye ឱ្យនិយមន័យថាជាសមត្ថភាពដើម្បីកំណត់ការសម្រេចចិត្តរបស់អ្នកដទៃដោយមិនចាំបាច់ប្រើប្រាស់កម្លាំង ការបង្ខិតបង្ខំ ឬអំពើហិង្សា ប៉ុន្តែប្រើប្រាស់ទ្រព្យធនអរូបិយមាន បុគ្គលិកលក្ខណៈដែលគួរឱ្យទាក់ទាញ វប្បធម៌ តម្លៃនៃនយោបាយ ស្ថាប័ន និងគោលនយោបាយដែលត្រូវបានមើលឃើញជារឿងស្របច្បាប់ និងត្រឹមត្រូវ។ 
 
អំណាចទន់ដែលងាយនឹងមើលឃើញច្បាស់ជាងគេនោះ គឺ អំណាចទន់របស់កូរ៉េខាងត្បូង ឬហៅថា រលកវប្បធម៌កូរ៉េខាងត្បូងដែលរួមមាន សិល្បៈ សម្លៀកបំពាក់ ម្ហូបអាហារ និងព្រមទាំងសិល្បៈតន្ត្រី និងភាពយន្តជាដើម។ វប្បធម៌ទាំងនេះបានពាំនាំមុខមាត់វិជ្ជមាន របស់កូរ៉េខាងត្បូងទៅកាន់ការពិភាក្សាការទូតផ្សេងៗលើពិភពលោក ហើយក៏បានទាក់ទាញអារម្មណ៍ឱ្យជាតិសាសន៍ដ៏ទៃទៀតគាំទ្រ និងស្រឡាញ់កូរ៉េខាងត្បូង។ 
 
យ៉ាងណាមិញ អំណាចទន់ មិនអាចជំនួយអំណាចរឹងបាននោះឡើយ ព្រោះអាចត្រឹមតែជួយគាំទ្របន្ទាប់បន្សំតែប៉ុណ្ណោះ។ ជាឧទាហរណ៍ដដែល កូរ៉េខាងត្បូងនៅតែព្យាយាមពង្រឹងកងកម្លាំងយោធារបស់ខ្លួន ខណៈបន្តផ្សព្វផ្សាយពីវប្បធម៌ទៅកាន់ពិភពលោក។ បែបនេះហៅថា អំណាចវ័យឆ្លាតដែលជាសមត្ថភាពនៃការរួមបញ្ចូលគ្នារវាង អំណាចរឹង និងអំណាចទន់ប្រកបដោយជំនាញ។ ការណ៍នេះធ្វើឱ្យប្រទេសមួយអាចទទួលបានផលប្រយោជន៍ច្រើនជាងការអនុវត្តតែអំណាចមួយប្រភេទ។
 
អំណាចវ័យឆ្លាតមានទម្រង់ផ្សេងៗគ្នា ដែលមានការរួមបញ្ចូលដូចជា ការទូត សេដ្ឋកិច្ច យោធានយោបាយ ច្បាប់ និងវប្បធម៌ជាដើម។ ខណៈមានការរួមបញ្ចូលស្មុគស្មាញបែបនេះ អំណាចវ័យឆ្លាតមិនងាយនឹងមានប្រទេសណាមួយសម្រេចបានក្នុងរយៈពេលខ្លីនោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com