អន្តរជាតិ
កូរ៉េខាងជើង បណ្តេញមន្រ្តីយោធាមានអំណាចលំដាប់ទីពីរចេញពីតំណែង
02, Jan 2023 , 4:09 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ AFP
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ AFP
កូរ៉េខាងជើង បានបណ្តេញ លោក Pak Jong Chon មន្រ្តីយោធាមានអំណាច បន្ទាប់ពីលោកគីម ជុងអ៊ុន ចេញពីតំណែងជាច្រើនរបស់លោក ស្របពេលដែលកូរ៉េខាងជើងពង្រឹងគោលនយោបាយការពារជាតិរបស់ខ្លួន។

 
លោក Pak Jong Chon អនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃបក្សពលករ និងជាលេខាធិការគណៈមជ្ឈិមបក្ស ត្រូវបានដកចេញពីតំណែងសំខាន់ទាំង២នេះ ត្រូវបានជំនួសដោយលោក Ri Yong Gil អតីតរដ្ឋមន្រ្តីការពារជាតិវិញ។ 
 
ជាមួយតំណែងអនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃបក្សពលករ លោក Pak ត្រូវមើលឃើញថា  មានអំណាចខ្លាំងក្នុងផ្នែកយោធាបន្ទាប់ពីលោកគីម ជុងអ៊ុន ដែលកាន់តំណែងជាប្រធានគណៈកម្មការនេះ។ គ្មានហេតុផលណាមួយ ត្រូវបានបញ្ជាក់ឡើយលើការដកតំណែងនេះ។ 
 
លោក Ri Yong Gil ក៏ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យមជ្ឈិមផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។
 
គណៈកម្មការយោធាមជ្ឈិមនៃបក្សពលករ មានអំណាចខ្លាំងរបស់យោធាកូរ៉េខាងជើង ក្នុងការធ្វើសេចក្តីសម្រេចផ្សេងៗ។ គណៈកម្មការមួយនេះ ស្ថិតនៅពីលើក្រសួងការពារជាតិទៅទៀត។ ការជំនួសតំណែងរបស់លោក Pak ធ្វើឡើងស្របពេលោកគីម បានអំពាវនាវឱ្យកូរ៉េខាងជើងអភិវឌ្ឍមីស៊ីលអន្តរទ្វីបថ្មី និងអាវុធនុយក្លេអ៊ែរបន្ថែម ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងត្បូង និងអាម៉េរិក។ 
 
គួររំឭកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ លោកPak ឡើងតំណែងយ៉ាងរហ័ស។ នៅក្នុងឆ្នាំ២០១៥ លោក Pak មានតំណែងត្រឹមជាមេបញ្ជាការកងកាំភ្លើងធំ និងពាក់ត្រឹមផ្កាយមួយប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០ លោក Pak បានពាក់រហូតដល់ផ្កាយ៤ តាមរយៈការចូលរួមចំណែកការអភិវឌ្ឍមីស៊ីលបាលីស្ទិកចម្ងាយខ្លីរបស់ប្រទេស។ 
 
នៅចុងឆ្នាំ២០២០ លោកPak​ ត្រូវបានជ្រើសតាំងជាសមាជិកការិយាល័យនយោបាយរបស់ពលករ និងទទួលបានសក្តិជាសេនាប្រមុខថែមទៀត។ នៅពាក់កណ្តាលឆ្នាំ២០២១ មន្រ្តីយោធាកូរ៉េខាងជើងនេះ ត្រូវបានលោកគីម បញ្ចុះតំណែង ជុំវិញការគ្រប់គ្រងជំងឺកូវីដ-១៩ មុនពេលដំឡើងតំណែងឱ្យវិញ នៅប៉ុន្មានខែបន្ទាប់៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com