អន្តរជាតិ
អ្នកការទូតរុស្ស៊ី៖ គោលការណ៍ប្រឆាំងរុស្ស៊ីរបស់ជប៉ុន ជាឧបសគ្គដល់សន្ធិសញ្ញាសន្តិភាព
03, Jan 2023 , 10:29 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Andrey Rudenko ។ រូបថត៖ TASS
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Andrey Rudenko ។ រូបថត៖ TASS
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បានលើកឡើងថា ការណ៍ដែលជប៉ុនប្រកាន់មាគ៌ាប្រឆាំងរុស្ស៊ី នឹងធ្វើឱ្យកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពមិនអាចបន្តទៅមុខរួចឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី  TASS នៅថ្ងៃទី៣ ខែមករា។



អរិភាពរវាងរុស្ស៊ី និងជប៉ុន នៅតែមិនទាន់បញ្ចប់ជាផ្លូវការឡើយ ព្រោះការទាមទារកម្មសិទ្ធិកោះ Kurils ដែលសូវៀតបានរឹបអូសពីជប៉ុននៅចុងសង្គ្រាមលោកលើកទី២ នៅតែជាបញ្ហាប្រឈមមិនទាន់ដោះស្រាយបាន។ ការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងតូក្យូលើមូស្គូជុំវិញសង្រ្គាមនៅអ៊ុយក្រែន ក៏បង្អាក់ដល់ការចរចាដើម្បីឈានដល់សន្ធិសញ្ញាសន្តិភាព។ 
 
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ផ្សាយនៅថ្ងៃទី៣ ខែមករា បានអះអាងថា បើជប៉ុនមិនបោះបង់ចោលគោលការណ៍ប្រឆាំងនឹងរុស្ស៊ីទេ ការពិភាក្សានានាស្តីពីសន្ធិសញ្ញាសន្តិភាពមិនអាចធ្វើទៅរួចឡើយ។
 
«វាច្បាស់ណាស់ថាមិនអាចទៅរួចទេក្នុងការពិភាក្សាអំពីការចុះហត្ថលេខាលើឯកសារបែបនេះជាមួយប្រទេសដែលប្រកាន់ជំហរមិនរាក់ទាក់ដោយបើកចំហ និងនិយាយគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងប្រទេសរបស់យើង»។ លោក Rudenko លើកឡើងបែបនេះមុនបន្ថែមថា ទីក្រុងមូស្គូមើលមិនឃើញសញ្ញាណាមួយដែលធ្វើឱ្យទីក្រុងតូក្យូពិនិត្យគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ខ្លួនឡើងវិញ ឬដាក់គោលដៅណាមួយដើម្បីកែតម្រូវស្ថានភាពបច្ចុប្បន្នជាមួយរុស្ស៊ីនោះទេ។
 
បើតាមលោក Rudenko សកម្មភាពរបស់ជប៉ុនប្រឆាំងរុស្ស៊ី បានបំផ្លាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលខំកសាងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ 
 
គួរបញ្ជាក់ថា សម្រាប់រុស្ស៊ី ប្រជុំកោះ Kurils ជាដែនកោះដែលខ្លួនដណ្ដើមបានក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ ខណៈជប៉ុនវិញហៅវាថាជាដែនដីភាគខាងជើងរបស់ខ្លួនព្រោះស្ថិតនៅជិតកោះហុកកៃដូ។ កន្លងមកជប៉ុនតែងអះអាងថាកោះនោះជិតព្រំដែនប្រទេសខ្លួន ហើយរុស្ស៊ីគ្មានសិទ្ធិយកឡើយ។ យ៉ាងណាមិញ រុស្ស៊ីក៏មិនដែលមានទំនោរប្រគល់កោះនោះឱ្យជប៉ុនដែរ ខណៈបច្ចុប្បន្នជាតំបន់យុទ្ធសាស្ត្រកំពុងតាំងមូលដ្ឋានទ័ពយ៉ាងសំខាន់៕  
 

Tag:
 រុស្ស៊ី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com