កីឡាជាតិ
ជាតិ
លោក Keisuke Honda៖ ជំនួបជាមួយថៃនៅ AFF Cup ជាការដឹកនាំឈុតធំកម្ពុជា ចុងក្រោយ
03, Jan 2023 , 6:04 pm        
រូបភាព

Keisuke Honda បានប្រាប់កូនក្រុមជម្រើសជាតិឈុតធំកម្ពុជាថា ជំនួបទល់ក្រុមថៃនៃវគ្គសន្សំពិន្ទុ ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាការដឹកនាំចុងក្រោយរបស់លោក។ យ៉ាងណា អ្នកចាត់ការសញ្ជាតិជប៉ុនផ្តោតសំខាន់សម្រាប់ឈុតត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។


តាមរយៈវីដេអូដែលផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហោះនៅល្ងាចថ្ងៃទី៣ ខែមករា លោក Honda បានផ្តាំផ្ញើរកូនក្រុមចុងក្រោយ បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាស៊ានឆ្នាំ២០២២។

លោក Honda ដែលឡើងធ្វើជាអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជានៅឆ្នាំ២០១៨ និយាយថា ជំនួបរវាងកម្ពុជា ទល់ថៃក្នុងការប្រកួតចុងក្រោយពូល A ជាការប្រកួតចុងក្រោយរបស់ខ្លួន ក្នុងនាមអ្នកចាត់ការក្រុមឈុតធំ។



យ៉ាងណាក៏ដោយ អ្នកចាត់ការសញ្ជាតិជប៉ុន នៅតែប្រើពាក្យទំនងជាលោកនឹងបញ្ចប់តួនាទីជាអ្នកចាត់ការគោព្រៃឈុតធំ ក្រោយកិច្ចសន្សារបស់លោកក៏ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២២។

អ្វីដែលសំខាន់ ទោះមិនច្បាស់ពីអនាគត់ជាមួយក្រុមឈុតធំក្តី ប៉ុន្តែអតីតតារាបាល់ទាត់ឆ្នើមរបស់ក្រុម AC Milan និងជម្រើសជាតិជប៉ុនរូបនេះ បន្តផ្តោតសំខាន់លើឈុតកីឡាករសម្រាប់ត្រៀមស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

Honda បានជូនពរកីឡាករកម្ពុជាទាំងអស់មុនលោកចាកចេញ ក្រោយកម្ពុជាហាលអាវត្រឹមវគ្គចែកពូល បន្តាប់ពីចាញ់ថៃក្នុងលទ្ធផល ៣-១ នៅថ្ងៃទី២ ខែមករា៕


© រក្សាសិទ្ធិដោយ thmeythmey.com