កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម ប៉ះឥណ្ឌូណេស៊ី ឯម៉ាឡេស៊ីជួបថៃ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Championship
04, Jan 2023 , 1:59 pm        
រូបភាព
ជម្រើសជាតិវៀតណាម ប្រកួតជាមួយមីយ៉ាន់ម៉ា រូបពី AFF Mitsubishi Electric Cup
ជម្រើសជាតិវៀតណាម ប្រកួតជាមួយមីយ៉ាន់ម៉ា រូបពី AFF Mitsubishi Electric Cup
វៀតណាម និងម៉ាឡេស៊ី ចាប់ដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយទម្លាក់មីយ៉ាន់ម៉ា និងសិង្ហបុរី រៀងខ្លួន ក្នុងជំនួបចុងក្រោយពូល B នៅថ្ងៃទី៣ ខែមករា។ វៀតណាម ត្រូវប៉ះឥណ្ឌូណេស៊ី ស្របពេល ម៉ាឡេស៊ីជួបថៃ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

 
វៀតណាម ឈ្នះ មីយ៉ាន់ម៉ា នៅកីឡដ្ឋាន My Dinh ក្នុងលទ្ធផល ៣-០។ ការប្រកួតនេះ ម្ចាស់ផ្ទះវៀតណាម មានឱកាសជាច្រើន ទៅលើក្រុមភ្ញៀវ។ ត្រឹម ៨នាទីដំបូង ម្ចាស់ផ្ទះ វៀតណាម បានទម្លាយសំណាញ់ទី មីយ៉ាន់ម៉ា ដោយកីឡាករ Nguyen Van Quyet ខែ្សបម្រើប្រយុទ្ធវៀតណាម បានប៉ះឲ្យមិត្តរួមក្រុម ប៉ុន្ដែកីឡាករ Kyaw Zin Lwin ខ្សែការពារមីយ៉ាន់ម៉ា បានព្យាយាមទាត់ចោល ហើយចូលទីខ្លួនឯងវិញ។ 
 
គ្រាប់ទី២ នៅនាទី២៧ កីឡាករ Nguyen Tien Linh បានលើកបាល់មកតំបន់គ្រោះថ្នាក់ ក្រុមភ្ញៀវ ហើយអ្នកចាំទីមីយ៉ាន់ម៉ា Nandar Oo Tun បានព្យាយាមចាប់ ប៉ុន្ដែមិនបានល្អ ហើយត្រូវបានកីឡាករ Doan Van Hau របស់វៀតណាម បន្ថែមបានសម្រេច។
  

ការប្រកួតរវាងជម្រើសជាតិម៉ាឡេស៊ី និងសិង្ហបុរី រូបពី AFF Mitsubishi Electric Cup
 
ចូលដល់តង់ទី២ នាទី៧៣ កីឡាករវៀតណាម រកបានមួយគ្រាប់បន្ថែម ដោយការស៊ុតបាល់ពីចម្ងាយ ពីកីឡាករ Chau Ngoc Quang។ បញ្ចប់ការប្រកួត វៀតណាម ទទួលជ័យជំនះលើ ក្រុមមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-០។
 
នៅក្នុងពេលទន្ទឹមគ្នានេះដែរ ម្ចាស់ផ្ទះ ម៉ាឡេស៊ី បានយកឈ្នះលើ ក្រុមភ្ញៀវ សិង្ហបុរី ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Bukit Jalil។ នៅនាទី៣៥ កីឡាករ Safawi Rasid ខ្សែបម្រើម៉ាឡេស៊ី បានលើកបាល់ចូលតំបន់គ្រោះថ្នាក់ ហើយកីឡាករ Darren Lok ជាមិត្តរួមក្រុម បានតែតបញ្ចូលទី បានសម្រេច។
 
ចូលដល់នាទី៥១ កីឡាករ Stuart Wilkin របស់ម៉ាឡេស៊ី បន្ថែមបាន ១គ្រាប់តាមរយៈការស៊ុតពីចម្ងាយ។ ហើយ ៤នាទីបន្ទាប់ពីគ្រាប់បាល់ទី២របស់ម៉ាឡេស៊ី កីឡាករដដែរនោះ រកបាន១គ្រាប់ទៀត នាំឲ្យម្ចាស់ផ្ទះ ម៉ាឡេស៊ី នាំមុខ ៣-០។ ចូលដល់នាទី៨៥ សិង្ហបុរី វាយបក ១គ្រាប់មកវិញ ដោយកីឡាករ  Faris Ramli។ កីឡាករ Sergio Aguero របស់ម៉ាឡេស៊ី បន្ថែមបាន១គ្រាប់ទៀត នៅនាទី៨៨ ដែលនាំឲ្យក្រុមឈ្នះ ក្នុងលទ្ធផល ៤-១។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ធ្វើនៅថ្ងៃទី៦ និងទី៩ ខែមករា ដោយឥណ្ឌូណេស៊ី ត្រូវប៉ះជាមួយ វៀតណាម ចំណែក ម៉ាឡេស៊ី ប្រកួតជាមួយថៃ ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រ៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com