កីឡាជាតិ
ជាតិ
ប្រធានក្លិបអង្គរថាយហ្គឺរ Akihiro៖ គោព្រៃកម្ពុជានឹងខ្លាំង បើពង្រឹងអាយុហ្វឹកហាត់ និងមានក្លិបតាមជនបទ
04, Jan 2023 , 5:39 pm        
រូបភាព
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បង្ហាញការជឿជាក់លើក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាថានឹងមានកម្រិតខ្លាំងឡើងៗ ប្រសិនក្រុមមានការពង្រឹងអាយុហ្វឹកហាត់ និងមានក្លិបបាល់ទាត់នៅតំបន់ជនបទកាន់តែច្រើន។


«ខ្ញុំ​គិត​ថា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុមជម្រើសជាតិកម្ពុជា​កាន់​តែ​ខ្លាំង​ គឺ​ការ​ពង្រឹង​ក្រុម​អាយុ​ហ្វឹកហាត់ និង​ការ​មាន​លីគ​កម្ពុជា។ ប្រសិនបើមានក្លិបបាល់ទាត់នៅតំបន់ជនបទកាន់តែច្រើន ហើយគ្រប់គ្នាគាំទ្រ ក្រុមនឹងកាន់តែរឹងមាំ»។ នេះជាសំណេររបស់របស់លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបភាពការប្រកួតរបស់កម្ពុជាទល់ថៃនាជំនួបចុងក្រោយពូល A ពានរង្វាន់ AFF Mitsubishi Electric Cup 2022។
 
 
ការលើកឡើងរបស់ប្រធានក្លិបសញ្ជាតិជប៉ុនរូបនេះ ទំនងជាលោកបានមើលឃើញពីទម្រង់លេងដ៏ភ្ញាក់ផ្អើលរបស់គោព្រៃកម្ពុជាទល់ក្រុមថៃ។ បើទោះចាញ់ថៃក្នុងលទ្ធផល ៣-១ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំចុងក្រោយរបស់លោក Keisuke Honda សម្រាប់ក្រុមឈុតធំ ពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាកោតសរសើរពីរបៀបលេងដ៏មានប្រសិទ្ធភាពរបស់ក្រុម។
នៅក្នុងប្រទេសកម្ពុជា ក្លិបកីឡាបាល់ទាត់នៅតាមទីជនបទ នៅមានចំនួនតិចតួចប៉ុណ្ណោះ ស្របពេលអ្នកគាំទ្រក៏នៅមានកម្រិតនៅឡើយ។
 
លោក Akihiro Kato ដែលបានបង្កើត និងកាន់កាប់ក្លិបអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅខេត្តសៀមរាបនៅឆ្នាំ២០១៥ ក៏បានរួមចំណែកជួយវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ។ ក្រោមការគ្រប់គ្រងរបស់លោក Akihiro អង្គរថាយហ្គឺ ជាក្រុមមានការប្រកួតប្រជែងខ្ពស់ មិនចាញ់វិសាខា ព្រះខ័នរាជស្វាយរៀង បឹងកេត ឬភ្នំពេញក្រោននៅលីគកំពូលកម្ពុជា CPL នោះឡើយ៕
 

Tag:
 Akihiro Kato
  ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com