អន្តរជាតិ
យោធាកូរ៉េខាងត្បូងថា ដ្រូនកូរ៉េខាងជើងហោះចូលតំបន់ហាមឃាត់ក្បែរការិយាល័យប្រធានាធិបតី 
អាគារការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល។ រូបថត AFP
×![]()
មន្ត្រីយោធាកូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែមករា អះអាងថា ដ្រូនមួយគ្រឿងរបស់កូរ៉េខាងជើងបានហោះចូលទៅក្នុងតំបន់ហាមឃាត់ដែលស្ថិតនៅជុំវិញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល អំឡុងការលុកលុយរបស់ដ្រូនកូរ៉េខាងជើងកាលពីចុងខែធ្នូ។ ការលើកឡើងនេះផ្ទុយពីការអះអាងរបស់ក្រសួងការពារជាតិដែលច្រានចោលហេតុការណ៍នេះ។
ការហោះហើររបស់ដ្រូនកូរ៉េខាងជើងចូលដែនអាកាសកូរ៉េខាងត្បូង ធ្វើឱ្យយោធាកូរ៉េខាងត្បូងបាក់មុខយ៉ាងខ្លាំង ព្រោះបរាជ័យបាញ់ទម្លាក់ដ្រូនមួយក្នុងចំណោមដ្រូនចំនួន៥ដែលកូរ៉េខាងជើងបានបញ្ជូនឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។ ការណ៍នេះធ្វើឱ្យមានសំណួរពាក់ព័ន្ធនឹងសមត្ថភាពការពារដែនអាកាសរបស់កូរ៉េខាងត្បូងថែមទៀត។ មិនត្រឹមអាចហោះចូលកូរ៉េខាងត្បូងឡើយ ដ្រូនកូរ៉េខាងជើងថែមទាំងហោះទៅកៀកតំបន់ហាមហោះហើរក្នុងទីក្រុងសេអ៊ូលថែមទៀត។
«វាបានហោះចូលទៅក្នុងតំបន់ដែនអាកាសភាគខាងជើង ប៉ុន្តែវាមិនបានចូលទៅជិតកន្លែងសន្តិសុខសំខាន់នោះឡើយ»។ មន្ត្រីយោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap បែបនេះ ដោយសំដៅតំបន់គ្មានការហោះហើរដែលគ្របដណ្ដប់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
ក្នុងសន្និសីទមួយក្នុងថ្ងៃដដែល មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បានអះអាងស្រដៀងគ្នាផងដែរ ប៉ុន្តែសង្កត់ធ្ងន់ថា មិនមានបញ្ហាណាមួយទាក់ទងសន្តិសុខនៃការិយាល័យប្រធានាធិបតីនៅសង្កាត់ Yongsan ក្រុងសេអ៊ូលនោះឡើយ។ មន្ត្រីដដែលនេះ បានច្រាលចោលពាក្យចចាមអារ៉ាប់ជុំវិញព័ត៌មានដែលដ្រូនអាចបានថតរូបភាពការិយាល័ប្រធានាធិបតី និងទីតាំងសំខាន់នៅជិតនោះដូចជា អគ្គសេនាធិការដ្ឋាន (JCS) ជាដើម៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com