ជាតិ
លោក Nate Thayer ដែលបានសម្ភាសមេខ្មែរក្រហម ប៉ុល ពត បានស្លាប់​នៅអាយុ៦២ ឆ្នាំ
06, Jan 2023 , 8:53 am        
រូបភាព
លោក Nate Thayer ចូលរួមការជួបជុំគ្នាមួយរបស់អតីតក្រុមអ្នក កាសែត The Cambodia Daily នៅវ៉ាស៊ីនតោន កាលពីឆ្នាំ២០១៧។ រូបថត ទែន សុខស្រីនិត វីអូអេ
លោក Nate Thayer ចូលរួមការជួបជុំគ្នាមួយរបស់អតីតក្រុមអ្នក កាសែត The Cambodia Daily នៅវ៉ាស៊ីនតោន កាលពីឆ្នាំ២០១៧។ រូបថត ទែន សុខស្រីនិត វីអូអេ
ដោយ: VOA
លោក Nate Thayer អ្នកកាសែតអាមេរិកាំងមិនចំណុះឱ្យស្ថាប័នណាមួយដែលបានយកព័ត៌មានមុនគេបង្អស់តាមរយៈកិច្ចសម្ភាសឆ្នាំ ១៩៩៧ របស់លោកជាមួយនឹង ប៉ុល ពត ដែលជាមេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងប្រទេសកម្ពុជា បានស្លាប់នៅអាយុ ៦២ ឆ្នាំ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានយោងដល់ការបញ្ជាក់របស់ក្រុមគ្រួសាររបស់លោកកាលពីថ្ងៃពុធ។

 
លោក Nate Thayer ត្រូវបានប្អូនប្រុសរបស់លោកឈ្មោះ Rob Thayer ប្រទះឃើញថាបានស្លាប់នៅផ្ទះរបស់លោកក្នុងក្រុង Falmouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
 
លោក Rob Thayer បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «លោក [Thayer] មានជំងឺជាច្រើន និងបានធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលជាច្រើនខែមកហើយ»។
 
លោក Nate Thayer បានចំណាយពេលជាច្រើនឆ្នាំរាយការណ៍ព័ត៌មានអំពីនយោបាយនិងសង្គមរបស់ប្រទេសកម្ពុជា ដែលក្នុងនោះរួមមានទាំងរបបខ្មែរក្រហមផងដែរ។
 
លោកបានចាប់ផ្ដើមធ្វើការដំបូងនៅក្នុងឆ្នាំ ១៩៨៩ ឱ្យទីភ្នាក់ងារសារព័ត៌មាន Associated Press ហើយបន្ទាប់មកឱ្យសារព័ត៌មាន Phnom Penh Post និង ទស្សនាវដ្តី Far Eastern Economic Review ដោយនៅពេលនោះលោកបានបង្កើតទំនាក់ទំនងជាមួយមនុស្សមួយចំនួននៅក្នុងតំបន់ព្រៃដ៏គ្រោះថ្នាក់នៅព្រំដែនរវាងប្រទេសថៃនិងកម្ពុជា។
 
ក្នុងរូបរាងដែលមានក្បាលត្រងោលនិងបៀមថ្នាំជក់និងកាន់កាំភ្លើងយ៉ាងស្ទាត់ជំនាញ លោកត្រូវបានគេស្គាល់ថាជាអ្នកកាសែតមិនធម្មតា ដោយចាប់ផ្ដើមដំណើរផ្សងព្រេងបែបចម្លែកៗដូចជាការធ្វើដំណើរជាមួយនឹងក្រុមអ្នកយកព័ត៌មានដែលប្រដាប់ដោយអាវុធនៃទស្សនាវដ្ដី Soldier of Fortune ចូលទៅក្នុងតំបន់ភាគខាងកើតប្រទេសកម្ពុជាដើម្បីស្វែងរកគោព្រៃជាដើម។
 
នៅឯតំបន់ព្រៃជាប់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ លោកមិនខ្លាចនឹងការប្រយុទ្ធនៅតំបន់នោះទេ និងបានរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់មីននៅក្នុងឆ្នាំ ១៩៨៩ នៅពេលលោកជិះរថយន្តជាមួយនឹងក្រុមឧទ្ទាមក្នុងប្រទេសកម្ពុជា។
 
ការប្រឹងប្រែងរបស់លោកបានទទួលជោគជ័យនៅក្នុងឆ្នាំ ១៩៩៧ នៅពេលលោកបានផ្ញើសារដ៏អាថ៌កំបាំងមួយទៅកាន់និពន្ធការផ្សាយលោក Nayan Chanda នៃទស្សនាវដ្តី Far Eastern Economic Review ថា លោកនឹងសម្ភាសន៍ «ពូ» ដែលន័យនេះលោកចង់សំដៅដល់ ប៉ុល ពត ដែលជាអ្នកដែលគ្មានអ្នកកាសែតណាម្នាក់បានជួបអស់រយៈពេល ២ ទសវត្សរ៍មកហើយគិតត្រឹមពេលនោះ។
 
លោក Thayer បានចូលពីប្រទេសថៃទៅក្នុងបន្ទាយក្នុងព្រៃរបស់ ប៉ុល ពត នៅតំបន់អន្លង់វែង ដោយទៅមុនក្រុមអ្នកកាសែតរបស់សារព័ត៌មាន New York Times ដែលបានធ្វើដំណើរទៅដល់ជិតព្រំដែនដោយគិតថាពួកគេនឹងអាចជួបលោក ប៉ុល ពត បាន។
 
ក្នុងពេលប៉ុន្មានថ្ងៃក្រោយមក លោកបានរាយការណ៍ដំបូងគេបង្អស់នៅក្នុងទស្សនាវដ្តី Far Eastern Economic Review អំពីកិច្ចសម្ភាសន៍របស់លោកជាមួយនឹង ប៉ុល ពត។ នៅក្នុងកិច្ចសម្ភាសន៍នោះ ប៉ុល ពត បាននិយាយថា៖ «តើខ្ញុំជាមនុស្សអមនុស្សធម៌មែនទេ? ខ្ញុំនៅមានមនសិការច្បាស់លាស់»។
 
មួយឆ្នាំក្រោយមក លោក Thayer បានចេញផ្សាយព័ត៌មានមុនគេបង្អស់ផ្សេងៗទៀតដូចជាព័ត៌មានអំពីការស្លាប់របស់ ប៉ុល ពត និងកិច្ចសម្ភាសន៍ជាមួយនឹងតាម៉ុកដែលជាមេទ័ពខ្មែរក្រហមជាដើម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com