អន្តរជាតិ
ក្រុមហ៊ុន ​Meta​ ត្រូវ​ផាក​ពិន័យ​ចំនួន​ ៣៩០ ​លាន​អឺរ៉ូ​នៅ​ក្នុង​ការបង្ក្រាប​ការរំលោភ​ឯកជនភាព​របស់​អឺរ៉ុប
06, Jan 2023 , 7:29 pm        
រូបភាព
ដោយ: VOA
ក្រុម​និយ័តករ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បាន​ផាកពិន័យ​ក្រុមហ៊ុន Meta​ ដែល​ជា​ក្រុមហ៊ុន​ធំ​របស់​បណ្តាញ​សង្គម​ Facebook​ ជា​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ ចំពោះ​ការរំលោភ​ឯកជនភាព ហើយ​បាន​ហាមឃាត់​ក្រុមហ៊ុន​នេះ​មិន​ឱ្យ​បង្ខំ​ពួក​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្លុក ​ដែល​មាន​ប្រទេស​ចំនួន​ ២៧ ​យល់ព្រម​តាម​ការ​ឃោសនា​ពាណិជ្ជកម្មជា​លក្ខណៈ​ឯកជន​ ដែល​ផ្អែក​លើ​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP។



គណៈកម្មការ​ការពារ​ទិន្នន័យ​របស់​ប្រទេស​អៀរឡង់​បាន​ពិន័យ​ជា​ប្រាក់​ទាំង​អស់​ចំនួន​ ៣៩០ លាន​អឺរ៉ូ​ស្មើ​នឹង​ ៤១៤​ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ការសម្រេច​របស់​ខ្លួន​ចំនួន​ពីរ​ករណី​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​របៀប​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Meta​ ដែល​ដៅ​លើ​ពួក​អ្នក​ប្រើប្រាស់​ដោយ​មាន​ការឃោសនា​ពាណិជ្ជកម្ម​ដែល​ផ្អែកលើ​អ្វី​ដែល​ពួកគេ​ប្រើប្រាស់​តាម​អនឡាញ។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ប្តឹង​ឧទ្ធរណ៍។
 
ការសម្រេច​នៅ​ក្នុង​រឿងក្តី​ទី ៣ ​ទាក់ទិន​នឹង​សេវាកម្ម​បញ្ជូន​សារ​តាម WhatsApp របស់​ក្រុមហ៊ុន Meta ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​នៅ​ចុង​ខែ​នេះ។
 
ក្រុមហ៊ុន Meta និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេងៗ​ទៀត​បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ច្បាប់​ឯកជនភាព​របស់​សហភាព​អឺរ៉ុប​ ដែល​ច្បាប់​ខ្លះ​នៃ​ច្បាប់​ទាំង​នោះ​មាន​ការតឹងរ៉ឹង​បំផុត​នៅ​ក្នុង​ពិភពលោក។ ក្រុម​និយ័តករ​អៀរឡង់​បាន​រិះគន់​ក្រុមហ៊ុន​ Meta ​រួចហើយ ​ដោយ​ការផាក​ពិន័យ​បួន​ទៀត​ ចំពោះ​ការរំលោភ​ទិន្នន័យ​ឯកជន​ ចាប់តាំង​ពី​ឆ្នាំ ២០២១ មក​ដែល​មាន​ជាង ៩០០​ លាន​អឺរ៉ូ​ ហើយ​បានបើក​ការស៊ើបអង្កេត​រឿងក្តី​ផ្សេង​ទៀត​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តំបន់ Silicon Valley។
 
ក្រុមហ៊ុន Meta ក៏​បាន​ប្រឈម​ការឈឺក្បាល​ដែល​ទាក់ទិន​នឹង​បញ្ហា​ច្បាប់​មក​ពី​ក្រុម​មន្ត្រី​ប្រឆាំង​ការទុកចិត្ត​សហភាព​អឺរ៉ុប​ នៅ​ក្នុង​ទីក្រុង​ព្រុចសែល​ ដែល​បាន​បញ្ចេញ​សាច់ដុំ​របស់​ខ្លួន​ប្រឆាំង​នឹង​មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នេះ​ ដោយ​ពួកគេ​បាន​ចោទប្រកាន់ក្រុមហ៊ុន​នោះ​កាលពី​ខែ​មុន​ពី​ការ​ប្រកួត​ប្រជែងមិន​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ឃោសនា​ពាណិជ្ជកម្ម​ខ្លីៗ។
 
អង្គការ​ឃ្លាំមើល​អៀរឡង់​ដែល​ជា​និយ័តករ​ទិន្នន័យ​ឯកជនភាព​អឺរ៉ុប​ពីព្រោះតែ​ទីស្នាក់ការ​ប្រចាំ​តំបន់​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី Dublin ​បាន​ផាកពិន័យ​ក្រុមហ៊ុន​នោះ​ចំនួន ២១០ លាន​អឺរ៉ូ​ចំពោះ​ការរំលោភ​ច្បាប់​ទិន្នន័យ​ឯកជនភាព​របស់​សហភាព​អឺរ៉ុប​ ដែល​ទាក់ទិន​នឹង​បណ្តាញ​សង្គម​ Facebook និង​ផាកពិន័យ​បន្ថែម​ទៀត​ចំនួន ១៨០ លាន​អឺរ៉ូ​ចំពោះ​ការ​រំលោភ​ដែល​ទាក់ទិន​នឹង​បណ្តាញ​សង្គម​ Instagram។
 
ការ​សម្រេច​នេះ​កើត​ចេញពី​ពាក្យ​បណ្តឹង​កាលពី​ខែ​ឧសភា ឆ្នាំ ២០១៨ នៅពេល​ដែល​ច្បាប់​ឯកជនភាព​របស់​ប្លុក​ដែល​មាន​ប្រទេស​ចំនួន ២៧ ​ដែល​គេ​ហៅ​ថា​ច្បាប់​ការពារ​ទិន្នន័យ​ទូទៅ​ឬ GDPR បាន​ចូល​ជា​ធរមាន។
 
នៅពេល​ដែល​ច្បាប់ GDPR បាន​ចូល​ជា​ធរមាន ក្រុមហ៊ុន​នោះ​បាន​ផ្លាស់ប្តូរ​មូលដ្ឋាន​ផ្លូវ​ច្បាប់​ ដែល​ខ្លួន​បាន​ដំណើការ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដោយ​ការបន្ថែម​មាត្រា​ទៅលើ​លក្ខខណ្ឌ​នៃ​សេវាកម្ម​សម្រាប់​ការ​ឃោសនា​ពាណិជ្ជកម្ម​ ដែល​មាន​លក្ខណៈ​បង្ខំ​អ្នក​ប្រើប្រាស់​ឲ្យ​យល់ព្រម​តាម​ថា​ ទិន្នន័យ​របស់​ពួកគេ​អាច​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់។​ ប្រការ​នេះ​រំលោភ​ច្បាប់​ឯកជនភាព​របស់​សហភាព​អឺរ៉ុប។​
 
អង្គការ​ឃ្លាំមើល​អៀរឡង់​កាលពី​ដំបូង​បាន​ស្ថិត​នៅ​ខាង​ក្រុមហ៊ុន​ Meta ​ក៏ប៉ុន្តែ​បាន​ផ្លាស់ប្តូរគោលជំហរ​របស់​ខ្លួន​ បន្ទាប់ពី​ការ​សម្រេច​ព្រាង​របស់​ខ្លួន​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​និយ័តករ​ការពារ​ទិន្នន័យ​របស់​សហភាព​អឺរ៉ុប​ ដែល​ភាគច្រើន​នៃ​អ្នក​ទាំង​នោះ​បាន​ជំទាស់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com