អន្តរជាតិ
ក្រុម​តាលីបង់​​​ចុះកិច្ចព្រមព្រៀង​ឃួង​ប្រេង​ជាមួយ​​ចិន
07, Jan 2023 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងរ៉ែអាហ្វហ្គានីស្ថាន លោក Shahabuddin Dilawar នាសន្និសីទសារព័ត៌មានមួយ នៅក្រុងមូស្គូ កាលពីខែកក្កដា ឆ្នាំ២០២១។
រដ្ឋមន្ត្រីក្រសួងរ៉ែអាហ្វហ្គានីស្ថាន លោក Shahabuddin Dilawar នាសន្និសីទសារព័ត៌មានមួយ នៅក្រុងមូស្គូ កាលពីខែកក្កដា ឆ្នាំ២០២១។
ដោយ: VOA
ក្រុមតាលីបង់​ដែល​កំពុង​គ្រប់គ្រងប្រទេស​អាហ្វហ្គានីស្ថាន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជា​អន្តរជាតិ​ទី​ ១​ របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​របស់ចិនកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឃួង​យក​ប្រេងនិង​អភិវឌ្ឍអាង​ប្រេង​បម្រុង​នៅ​ភាគ​ខាង​ជើង​របស់​ប្រទេស​នេះ។​

ក្រុម​មន្ត្រីជាន់ខ្ពស់​តាលីបង់​ និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​រដ្ឋធានី​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​ លោក​ Wang Yu​ បាន​ចូល​រួមក្នុង​ពិធី​ចុះហត្ថលេខា​ ដែល​មាន​ការ​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ដែរ។
រដ្ឋមន្ត្រីក្រសួង​រ៉ែ​អាហ្វហ្គានីស្ថាន​ លោក Shahabuddin Dilawar បានថ្លែងក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ Xinjiang Central Asia Petroleum and Gas Co (CAPEIC) ​និង​មាន​ការ​បណ្តាក់​ទុនពី​ចិន​ប្រមាណ​ ១៥០​ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ក្នុង​ការឃួង​ប្រេង​ពី​តំបន់​អាងស្តុក​ទឹក​នៃទន្លេ Amu ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។
លោក​បាន​បន្ថែម​ទៀត​ថា​ កិច្ចព្រមព្រៀង​នោះ​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៤.៥០០ ​គីឡូម៉ែត្រ​ក្រឡា​ជា​រួម​ នៅ​ក្នុង​តំបន់ Saripol ខាង​ជើង​ ក្នុង​ខេត្ត Jowzjan និង​ខេត្ត Faryab របស់​អាហ្វហ្គានីស្ថាន ដោយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ ចំនួន​ប្រមាណ​ ៣ ពាន់នាក់​ផង​ដែរ។
រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​អាហ្វហ្គានីស្ថាន​រូប​នេះ បាន​លើក​ឡើងទៀត​ថា​ ការ​វិនិយោគ​របស់​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើងប្រមាណ ​៥៤០ ​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​បី​ឆ្នាំ​ នៅ​ក្នុង​កិច្ចសន្យា​ដែលមានរយៈពេល​ ២៥ ​ឆ្នាំ​នោះ។ លោក​បន្ត​ទៀត​ថា​ រដ្ឋបាល​តាលីបង់​ នឹង​មាន​ចំណែកក្នុង​ភាព​ជា​ដៃគូ​ប្រមាណ​ ២០%​ នៅ​ក្នុង​គម្រោង​នោះ​ ​ដោយក្នុង​កិច្ចសន្យា​នោះមាន​ «ខ»​ មួយ​ចែង​ថា​ នឹង​បង្កើន​រហូត​ដល់​ ៧៥% ​ផង​ដែរ។
ឯកអគ្គរដ្ឋទូត​ចិន​ក៏​បាន​ជំរុញ​ដល់​ក្រុម​ហ៊ុន​ចិន​ ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវទៅ​លើច្បាប់របស់​អាហ្វហ្គានីស្ថាន​ ​ជាមួយ​នឹង​ការ​បំពេញ​ការងារ​ដោយ​ការ​ទទួល​ខុសត្រូវ​ និងកាតព្វកិច្ចនានា​ ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​នោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com