កីឡាជាតិ
ជាតិ
ទូកក្តោង៖អគ្គលេខាធិការ ថាអត្តពលិកចូលរួមគោរពច្បាប់កីឡាបានល្អ
07, Jan 2023 , 5:53 pm        
រូបភាព
ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ នៅឆ្នេររាម នាខេត្តព្រះសីហនុ។ រូបពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា
ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ នៅឆ្នេររាម នាខេត្តព្រះសីហនុ។ រូបពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា
ដោយ:
ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ទៅដោយជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នាខេត្តព្រះសីហនុ។ ជាមួយគ្នានោះដែរ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា វាយតម្លៃចំពោះអត្តពលិកដែលបានចូលរួមប្រកួតកីឡាទូកក្តោងឆ្នាំ២០២២ គឺគោរពច្បាប់កីឡាបានល្អ នឹងឈរលើស្មារតីសាមគ្គីភាព ដែលអនុវត្តបានតាមគោលការណ៍យុត្តិធម៌។

 
«ឆ្លងកាត់ការប្រកួតដោយស្មារតីយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេសឈរលើស្មារតីសាមគី្គភាព ព្រមទាំងអនុវត្តបានតាមគោលការណ៍ដោយយុត្តិធម៌(Fair Play) នេះជាលទ្ធផលនៃការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២»។ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា និយាយដូច្នេះ។
 
លោក សុទ្ធរិទ្ធិពង្ស បន្តថាការប្រកួតនេះគឺជាការប្រកួតដ៏មានសារៈសំខាន់មួយ សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់កីឡាករ-កីឡាការិនី ជាពិសេសគឺជាការវាស់ស្ទង់សមត្ថភាពរបស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍន៍វស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
 
 
ចំពោះវិញ្ញាសា Windsurfing Open មេដាយមាស បានទៅកីឡាករ កែវ ភារុណ ដែលទទួលបានចំណាត់ថ្នាក់លេខ១ មេដាយប្រាក់បានទៅកីឡាករ ប៉ាល់ សិលា និងមេដាយសំរឹទ្ធ បានទៅកីឡាករ កែវ ភានុន។ ចំណែកវិញ្ញាសា Windsurfing Techno Open មេដាយមាសបានទៅកីឡាករ គង់ សំរេច មេដាយប្រាក់បានទៅ កីឡាករ ព្រំ វណ្ឌី និងមេដាយសំរឹទ្ធ បានទៅកីឡាករ ម៉ុញ ផាន់ណះ។
 
សម្រាប់វិញ្ញាសា ILCA Open មេដាយមាស បានទៅលើកីឡាករ ញ៉ូវ ចាន់ មេដាយប្រាក់បានទៅកីឡាករ ស៊ុន ចាន់ឌឿន និងមេដាយសំរឹទ្ធបានទៅលើកីឡាការិនី សម្បត្តិ ចនសាន់។ វិញ្ញាសា Byte Boat Openមេដាយមាស បានទៅលើកីឡាករ ចាន់ សុខវាសនា មេដាយប្រាក់ បានទៅលើកីឡាករ  ធុច លីអ៊ីង និងមេដាយសំរឹទ្ធ បានទៅកីឡាករ មាច ឫទ្ធីវង្ស។ ចំណែកវិញ្ញាសា Optimist  Open មេដាយមាសបានទៅលើកីឡាករ ទិត សុវណ្ណា មេដាយប្រាក់បានទៅលើកីឡាករ បូ សំអ៊ី និងមេដាយសំរឹទ្ធ បានទៅកីឡាការិនី ធឿន ដាវីត។
 
គួររំឮកដែរថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ មានវិញ្ញាសាចំនួន៥ ដោយមានកីឡាករ-កីឡាការិនី ចូលរួមប្រកួតសរុប២៧នាក់។ ការប្រកួតមានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី៥-៧ ខែមករា ឆ្នាំ២០២៣ នៅឆ្នេររាម ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

Tag:
 កីឡាទូកក្តោង
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com