សេដ្ឋកិច្ច
អន្តរជាតិ
តើសេដ្ឋកិច្ចចិននឹងទៅជាយ៉ាងណានៅពេលបើកប្រទេសឡើងវិញ?
08, Jan 2023 , 9:29 pm        
រូបភាព
ការដើរទិញឥវ៉ាន់នៅទីក្រុងសៀងហៃប្រទេសចិន។ រូបភាពពី Global Times ។
ការដើរទិញឥវ៉ាន់នៅទីក្រុងសៀងហៃប្រទេសចិន។ រូបភាពពី Global Times ។
ប្រទេសចិនកំពុងខិតជិតដល់ការបើកដំណើរការប្រទេសពេញលេញឡើងវិញ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេល ៣ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងក្ដីបារម្ភជុំវិញបញ្ហាសុខាភិបាល ការបន្ធូរបន្ថយគោលនយោបាយគ្មានកូវីដ ( Zero Covid) របស់ចិន បាននាំមកនូវក្តីសង្ឃឹមដ៏ភ្លឺស្វាងដល់តួអង្គសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងសេដ្ឋកិច្ចសកល។

គោលនយោបាយសូន្យកូវីដរបស់ចិន បានរារាំងសកម្មភាពសេដ្ឋកិច្ចជាច្រើននាពេលកន្លងមក។ ទន្ទឹមនិងការបិទផ្លូវ និងការបិទព្រំដែនបានធ្វើឱ្យប្រទេសមួយនេះបោះជំហានចាកចេញពីពិភពលោក ដែលជាហេតុរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ រារាំងលំហូរពាណិជ្ជកម្ម និងការវិនិយោគជាដើម។ ដូច្នេះហើយ​ការបើកដំណើរការឡើងវិញត្រូវបានរំពឹងថា នឹងនាំមកដង្ហើមថ្មីមួយដល់សេដ្ឋកិច្ចចិន។ ជំហាននេះក៏អាចជួយបន្ទូរបន្ថយសម្ពាធកំណើនសេដ្ឋកិច្ចសកល ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនិងបញ្ហាជាបន្តបន្ទាប់ រួមទាំងវិបត្តិថាមពល កំណើនយឺត និងអតិផរណាខ្ពស់។
ដំណើរការនៃការបើកប្រទេសឡើងវិញរបស់ចិន ត្រូវបានអ្នកជំនាញព្យាករថា ជាផ្លូវរដិបរដុបប្រកបដោយការប៉ះទង្គិចច្រើន នារយៈពេលប៉ុន្មានខែដំបូងដើមឆ្នាំ ២០២៣។ លើសពីនេះ អ្នកជំនាញក៏លើកឡើង ផងដែរថា វិបត្តិអចលនទ្រព្យក្នុងប្រទេសចិនមិនទាន់បញ្ចប់នៅឡើយ ស្របពេលហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលជាច្រើន នឹងអាចបន្ទាបទស្សនវិស័យសម្រាប់ប្រទេសមួយនេះ។ 
លោក Bo Zhuang អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុនវិនិយោគ Loomis Sayles & Company បាននិយាយថា ៖« ក្នុងរយៈពេលខ្លី ខ្ញុំជឿថាសេដ្ឋកិច្ចចិនទំនងជាជួបប្រទះនឹងភាពមិនច្បាស់លាស់ ជាជាងភាពល្អប្រសើរ» ។
ផ្លូវរដិបរដុបក្នុងដំណើរការបើកប្រទេសឡើងវិញ
អស់រយៈពេលជិត៣ឆ្នាំមកនេះ ចិនបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ជាមួយនិងគោលនយោបាយសូន្យកូវីដ ទោះបីជាគោលនយោបាយនេះបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដ៏ធំធេងយ៉ាងណាក៏ដោយ ។ នៅឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចទ្រុឌទ្រោម ប្រាក់ចំណេញសាជីវកម្មធ្លាក់ចុះ ហើយភាពអត់ការងារធ្វើរបស់យុវជនបានកើនឡើងដល់កម្រិតខ្ពស់។ ទំនងជាការខាតបង់ទាំងនោះហើយ ដែលបណ្តាលឱ្យទីក្រុងប៉េកាំងបានក្រែប្រែទស្សនៈគោលនយោបាយកាលពីខែធ្នូ ដោយបោះជំហានដំបូងឆ្ពោះទៅរកការលុបបំបាត់គោលនយោបាយសូន្យកូវីដ។  
ទីផ្សារហិរញ្ញវត្ថុទទួលបានភ្លើងខៀវ បន្ទាប់ពីមានពន្លឺបើកជំហរជើងមេឃរបស់ចិន ដែលជាសញ្ញាណប្រាប់ទៅដល់អ្នក​​វិនិយោគ​ឱ្យវិលត្រលប់មកវិញ។ លោក Zhuang បានឱ្យដឹងថា ៖«នៅដំណាក់កាលដំបូង ខ្ញុំជឿថាការបើកដំណើរការឡើងវិញនឹងនាំឱ្យមានរលកនៃការឆ្លងកូវិដខ្លាំង ដែលអាចធ្វើឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសចិនត្រូវតស៊ូជម្នះបន្តទៀត ទន្ទឹមនេះសកម្មភាពប្រើប្រាស់ និងផលិតកម្មអាចនឹងធ្លាក់ចុះ»។
នាពេលបច្ចុប្បន្ន ការកើនឡើងនៃចំនួនអ្នកឆ្លងថ្មីបានធ្វើឱ្យជនជាតិចិនជាច្រើនមានការភ័យខ្លាចក្នុងការចាកចេញពីផ្ទះរបស់ពួកគេ ហើយភោជនីយដ្ឋាន និងផ្សារទំនើបក៏មិនសូវមានមនុស្សម្នាច្រើនដែរ។ រោងចក្រ និងអាជីវកម្មត្រូវបានបង្ខំឱ្យបិទ ឬកាត់បន្ថយការផលិត ដោយសារកម្មករជាច្រើនបានឆ្លងជំងឺកូវីដ។ 
ទន្ទឹមនេះ ក៏មានអ្នក​ជំនាញ​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​ព្យាករ​ថា​ សេដ្ឋកិច្ច​ចិន​​រហូត​ដល់​ខែ​មីនា ទើបអាចឈានទៅដល់ការចាប់ផ្តើមដ៏ល្អ។ នៅក្នុងរបាយការណ៍ថ្មីៗនេះ ធនាគារ HSBC បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិននឹងធ្លាក់ចុះ០,៥ភាគរយនៅក្នុងត្រីមាសទីមួយ ប៉ុន្តែនឹងកើនឡើង ៥ភាគរយសម្រាប់ឆ្នាំ ២០២៣។
វិបត្តិអចលនទ្រព្យដែលជាប់គាំងមិនទាន់ឃើញសញ្ញាណល្អ
បញ្ហាប្រឈមដែលកើតមានឡើងជាមួយនឹងការបើកដំណើរការឡើងវិញមិនមែនជាកត្តាតែមួយគត់ដែលអាចអូសទាញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះនោះទេ។ អ្នកជំនាញនៅតែរង់ចាំមើលពីរបៀបដែលអ្នកបង្កើតគោលនយោបាយចិននឹងធ្វើសកម្មភាពបែបណា ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យដែលកំពុងតែជាប់គាំង។ គួរបញ្ជាក់ថា អចលនទ្រព្យបានរួមចំណែកប្រមាណ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ចិន។
ចាប់តាំងពីចុងឆ្នាំ ២០២១មក វិបត្តិអចលនទ្រព្យនៅចិន បានរុញច្រានសហគ្រាសអចលនទ្រព្យធំៗចូលក្នុងបំណុល ដែលបណ្តាលឱ្យមានការជាប់គាំងនៃគម្រោងលំនៅដ្ឋានដែលបានដាក់លក់មុន ស្របពេលដែលអ្នកទិញផ្ទះមិនព្រមសងប្រាក់កម្ចីត្រលប់នាពេលកំណត់។ 
រដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងច្រើន ក្នុងការជួយសង្គ្រោះវិស័យអចលនទ្រព្យ រួមទាំងផែនការ ១៦ ចំណុចដែលបានប្រកាសកាលពីខែវិច្ឆិកា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងសាច់ប្រាក់នៅក្នុងទីផ្សារលំនៅដ្ឋាន។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី របាយការណ៍​ស្ថិតិ​នៅ​តែ​បង្ហាញ​រូបភាព​មិនសូវជាល្អប៉ុន្មាននោះទេ​ ។ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២២ អត្រានៃលក់ផ្ទះនៅក្នុងចិនបានធ្លាក់ចុះជាង ២៦ភាគរយបើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការ​វិនិយោគ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ក៏​ធ្លាក់​ចុះ​៩,៨ភាគរយផងដែរ។
នៅក្នុងកិច្ចប្រជុំគោលនយោបាយដ៏សំខាន់មួយក្នុងខែធ្នូកន្លងមក មេដឹកនាំកំពូលរបស់ប្រទេសចិនបានសន្យាថានឹងផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ហើយពួកគេបានសន្យានឹងដាក់ពង្រាយវិធានការថ្មីដើម្បីកែលម្អកំណើនសេដ្ឋកិច្ច ធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌហិរញ្ញវត្ថុសម្រាប់ទីផ្សារអចលនទ្រព្យ ជាមួយនិងការបង្កើននូវទំនុកចិត្តទីផ្សារ។
ហានិភ័យដែលបង្កពីសេដ្ឋកិច្ចសកលធ្លាក់ចុះ
លទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក គឺជាក្តីបារម្ភដ៏សំខាន់មួយទៀត ដែលអាចប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិនយ៉ាងខ្លាំងនៅឆ្នាំ ២០២៣។
ទុនពាណិជ្ជកម្មគឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចចិននៅក្នុងឆ្នាំ២០២២ ខណៈដែលការនាំចេញមានការកើនឡើង ស្របពេលដែលតម្លៃប្រាក់យន់ធ្លាក់ចុះ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទំហំពាណិជ្ជកម្មបានដណ្តើមយកមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន និងបង្កើតការងារចំនួន ១៨០លានកន្លែង ហើយបានចាប់ផ្ដើមថយចុះមកវិញ ខណៈដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង។
នៅក្នុងខែវិច្ឆិកា ការនាំចេញរបស់ចិនបានធ្លាក់ចុះ៨,៧ភាគរយបើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលមានសន្ទុះធ្លាក់ចុះជាងកាលពីខែតុលាក្នុងអត្រា០,៣ភាគរយ ដែលជាអត្រាធ្លាក់ចុះខ្ពស់បំផុតគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com