ជាតិ
​និស្សិតកសិកម្ម ២៥០នាក់ ចេញ​ទៅ​ហាត់​ការ​នៅ​អ៊ីស្រាអែល ក្នុង​ឆ្នាំ​២០២២
08, Jan 2023 , 7:59 pm        
រូបភាព
 រូបភាព​និស្សិត​កសិកម្ម នៃ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រូបតំណាង
រូបភាព​និស្សិត​កសិកម្ម នៃ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រូបតំណាង
ភ្នំពេញ៖ ក្នុង​ឆ្នាំ​២០២២កន្លងទៅ មាន​និស្សិត​កសិកម្មចំនួន ២៥០នាក់ បាន​ទៅ​ហាត់ការ​រយៈពេល១១ខែ នៅ​សាធារណរដ្ឋ​អ៊ីស្រាអែល។ និស្សិតទាំងនោះ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម, សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ, វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចបាត់ដំបង។


ចាប់តាំងពីឆ្នាំ ២០០៨មក កម្ពុជាបានបញ្ជូននិស្សិតជាង ១៧០០នាក់ ទៅហាត់ការ​លើ​​ជំនាញ​កសិកម្ម​នៅប្រទេសអ៊ីស្រាអែល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building។ និស្សិតកម្ពុជា ដែលបានទៅហាត់ការ​នៅ​ទីនោះ ភាគច្រើនត្រូវបានបណ្ដុះបណ្ដាលទាក់ទងនឹង​ចំណេះដឹងបច្ចេកទេសកសិកម្មទាំងទ្រឹស្ដី និងការអនុវត្ត។

លោក ពិន ធីរ៉ា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម បាន​ប្រាប់សារព័ត៌មាន​ Thmey Thmey 25 តាម​ទូរសព្ទថា ក្នុងឆ្នាំ២០២២ ចំនួន​និស្សិត​ទៅ​ហាត់ការ​នៅ​ប្រទេស​អ៊ីស្រាអែល មានចំនួន ២៥០នាក់ ដែល​​កើន​ឡើងជាង​ឆ្នាំមុនៗ។ លោក បន្តថា ការ​ជ្រើសរើស​និស្សិត​ទៅ​ហាត់ការ​នេះ ផ្ដល់សម្រាប់​និស្សិត​សិក្សា​ឆ្នាំ​ទី៣ ដែល​មានសុខភាព​មាំមួន និង​​ចំណេះដឹង​ភាសាអង់គ្លេស​អាច​ទំនាក់ទំនង​បាន​។​
 
ក្នុង​ចំណោមនិស្សិត​ទាំង២៥០នាក់ ដែល​ទៅ​ហាត់ការ​នៅ​ប្រទេស​អ៊ីស្រាអែល មាន​និស្សិតស្រី​ជាង ៣០នាក់។ និស្សិត​ទាំងនោះ ជា​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកល​វិទ្យាល័យ​ ហេង សំរិន ត្បូងឃ្មុំ, វិទ្យាស្ថានជាតិ​កសិកម្ម​កំពង់ចាម, សាកលវិទ្យាល័យ​ស្វាយ​រៀង​ និង​សាកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច​បាត់ដំបង។​
 
តាម​ការ​ស្ទង់មតិរបស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្មកន្លងមក និស្សិត​ដែល​ធ្លាប់ទៅ​ហាត់ការ​នៅ​អ៊ីស្រាអែល ភាគច្រើនបាន​​យក​ចំណេះដឹង​ទៅ​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម និង​ខ្លះ​បង្កើត​ជា​កសិដ្ឋាន​ដោយ​ខ្លួន​ឯង។ លោក ពិន ធីរ៉ា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ សង្ឃឹមថា នៅ​ឆ្នាំ​២០២៣នេះ និស្សិត​កសិកម្ម​កម្ពុជា ​អាច​ទៅ​ហាត់​ការ​នៅ​អ៊ីស្រាអែល ប្រសិន​បើ​អ៊ីស្រាអែល​ ​បន្ត​ជ្រើស​រើស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com