កីឡាជាតិ
ជាតិ
ពានរង្វាន់ Soccer League ផ្ដល់ឱកាសដល់យុវជនកម្ពុជា ការរឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាព
08, Jan 2023 , 2:59 pm        
រូបភាព
ពានរង្វាន់ Soccer League លើកទី៦
ពានរង្វាន់ Soccer League លើកទី៦
ក្នុងពិធីបើកការប្រកួតពានរង្វាន់ Soccer League កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN  លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បញ្ជាក់ថា ការផ្ដួចផ្ដើមធ្វើព្រឹត្តិការណ៍ពានរង្វាន់ Soccer League គឺដើម្បីផ្ដល់ឱកាសឲ្យយុវជន បានសម្រេចក្ដីស្រម៉ៃរបស់ពួកគេ ក្នុងការស្រឡាញ់វិស័យកីឡាបាល់ទាត់។ ម្យ៉ាងវិញទៀត ស.ស.យ.ក សង្ឃឹមថាតាមរយៈសកម្មភាពកីឡា អាចជួយរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតកិច្ចសហប្រតិបត្តិការវាងស្ថាប័នរដ្ឋ និងឯកជនឲ្យកាន់តែរឹងមាំ។

លោក ហ៊ុន ម៉ានី បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League ដោយចាត់ទុកថាជាការចូលរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការប្រើប្រាស់សកម្មភាពកីឡា។ កីឡាករថា្នល និងយុវជន ដែលមិនមែនជាកីឡាករ មានឱកាសបង្ហាញទេព្យកោសល្យ ក្នុងកីឡាបាល់ទាត់ ម្យ៉ាងវិញទៀត ក៏ជាការពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាងស្ថាប័នរដ្ឋ និង​ឯកជន។ ប្រធានរូបនេះ បាននិយាយដូច្នេះថា៖«ការប្រកួតពានរង្វាន់ Soccer League ផ្ដល់ឱកាសដល់យុវជនកម្ពុជា និងការជួបជុំរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតកិច្ចសហប្រតិបត្តិការ រវាងគ្នា និងគ្នា តាមរយៈវិស័យកីឡា បន្ទាប់ពីភាពស្រាកស្រាម នៃជំងឺកូវីដ-១៩។»។  

ក្រុមបាល់ទាត់នារី ស.ស.យ.ក ខេត្តកោះកុង ចូលរួមប្រកួតព្រឹត្តិការណ៍ Soccer League

ក្នុងពិធីបើកនេះ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះ ស.ស.យ.ក ក្នុងការផ្ដួចផ្ដើមធ្វើព្រឹត្តិការណ៍កីឡានេះ ហើយបានចាត់ទុកថាជាការរួមចំណែកពង្រឹង និងជំរុញវិស័យកីឡានៅកម្ពុជា តាមរយៈសកម្មភាពរៀបចំការប្រកួតកីឡានានា តាមរាជធានី ខេត្ត-ក្រុង។
«ការប្រកួត Soccer League មិនត្រឹមតែជាសកម្មភាពកីឡា តែមួយមុខទេ ប៉ុន្ដែក៏ជាការសាងសុខដុមរមនាសង្គម ពង្រឹង់សាមគ្គីភាព និងមិត្តភាព ក្នុងចំណោមអង្គភាព ស្ថាប័ន ក្រសួងនានា។ វិស័យកីឡាបាន ដើរតួរនាទីយ៉ាងសំខាន់  ក្នុងការទំនាក់ទំនងសង្គម និងការសាងធនធានមនុស្សល្អ សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ វិស័យកីឡាកីឡា ក៏ដើរតួនាទីសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត បង្កើតឥទ្ធិភាពការងារ កាត់បន្ថយភាពតាន់តឹង ក្នុងអារម្មណ៍ លើកកំពង់គុណភាពជីវិត និងសុភមង្គលគ្រួសារ និងការរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាសង្គម ដូចជាការកាត់បន្ថយបញ្ហាប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន ដែលបង្ករហានីភ័យធ្ងន់ធ្ងដល់សុខភាព ​និងសង្គមជាតិ។»។ លោក ថោង ខុន បានថ្លែងដូច្នេះក្នុងពិធីបើកការប្រកួតនេះ

លោក ហ៊ុន ម៉ានី ថ្លែងក្នុងពិធីបើកប្រកួតពានរង្វាន់ Soccer League លើកទី៦

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានស្នើរឲ្យកីឡាករ កីឡាការិនី អ្នកចូលរួមទាំងអស់គោរពវិន័យ និងគោលការណ៍ប្រកួតឲ្យបានត្រឹមត្រូវ, មានស្មារតីយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក និងចាត់ទុកការប្រកួតនេះ គឺជាការបង្កើតភាពសប្បាយរីករាយ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។
គួរបញ្ជាក់ផងដែរថា  ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ ២០២៣​ មានក្រុមចូលរួមចំនួន ៧៤ក្រុម កើនឡើងចំនួន ២ដងខុសពីឆ្នាំ​ ២០១៩។ ក្នុងចំណោម ៧៤ក្រុមនោះ ក៏មានក្រុមបាល់ទាត់នារី ១០ក្រុម ដោយត្រូវប្រកួតចែកចេញជា ២ពូល៕
 

Tag:
 បាល់ទាត់
  Soccer League
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com