អន្តរជាតិ
រកស៊ីចំណេញច្រើន ក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ផ្តល់ប្រាក់រង្វាន់បំណាច់ឆ្នាំដល់ទៅ៥២ខែដល់បុគ្គលិក
08, Jan 2023 , 9:59 pm        
រូបភាព
ក្រុមហ៊ុនដឹកជញ្ជូនយក្សតៃវ៉ាន់ Evergreen Marine នៅដើមខែមករា បានផ្តល់ប្រាក់រង្វាន់ដល់បុគ្គលិករបស់ខ្លួន​ដែលអ្នកខ្លះទទួលបានរហូតដល់៥២ខែឯណោះ បន្ទាប់ពីទទួលបានប្រាក់ចំណេញយ៉ាងច្រើនក្នុងឆ្នាំ២០២២។

បើតាមសារព័ត៌មានក្នុងស្រុក Liberty Times​ បុគ្គលិកនៃក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ Evergreen ទទួលបានប្រាក់រង្វាន់បំណាច់ឆ្នាំចាប់ពី១០ខែទៅ៤៥ខែនៃប្រាក់ខែរបស់ពួកគេ ខណៈដែលប្រាក់រង្វាន់សម្រាប់បុគ្គលិកគំរូទទួលបានប្រាក់រង្វាន់បំណាច់ឆ្នាំដល់ទៅ៥២ខែនៃប្រាក់ខែ។ 
នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ Evergreen បានផ្តល់ប្រាក់រង្វាន់បំណាច់ឆ្នាំយ៉ាងច្រើនដល់បុគ្គលិក។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុនធ្លាប់បានផ្តល់ប្រាក់រង្វាន់បំណាច់ឆ្នាំដល់ទៅ៤០ខែប្រាក់ខែដល់បុគ្គលិក។
ការផ្ដល់លុយលើកទឹកចិត្តនេះ ជាលទ្ធផលនៃការរកស៊ីកាក់កបរបស់ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine ។ ឆ្នាំ២០២២ ក៏ជាឆ្នាំដែលក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់។ នេះបើតាមទីភ្នាក់ងារព័ត៌មានកណ្ដាលតៃវ៉ាន់។ 
បើតាមកាសែត Taipei Times ក្រុមហ៊ុន Evergreen Marine បានរាយការណ៍ថាខ្លួនទទួលបានប្រាក់ចំណេញចំនួន៣០៤,៣៥ពាន់លានដុល្លារតៃវ៉ាន់ដែលស្មើនឹងប្រមាណ៩,៩១ពាន់លានដុល្លារក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ និងបានកើនឡើងជាង៩២ ភាគរយបើធៀបនឹងឆ្នាំ២០២១។ 
ការកើនឡើងខ្លាំងនៃប្រាក់ចំណេញនេះ កើតឡើងដោយសារការកើនឡើងនៃអត្រាការដឹកជញ្ជូនទំនិញនៅក្នុងឆមាសទីមួយក្នុងឆ្នាំ២០២២ ខណៈសន្ទុះនេះបានធ្លាក់ចុះបន្តិចម្តងៗក្នុងឆ្នាំដដែល។ 
ប្រធានក្រុមហ៊ុន Evergreen លោក Hsieh Huey-chuan ក្នុងបទសម្ភាសនាពេលថ្មីៗបាននិយាយថា វិស័យដឹកជញ្ជូនក្នុងឆ្នាំ២០២៣ នឹងអាស្រ័យលើស្ថានភាពសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលនឹងអាចជំរុញតម្រូវការទំនិញលើសកលលោក។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនចម្រាញ់ប្រេងដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង Hyundai Oilbank ក៏បានប្រកាសថាខ្លួនកំពុងផ្តល់ប្រាក់បៀវត្សរ៍គោលចំនួន១០០០ភាគរយជាប្រាក់រង្វាន់ដល់បុគ្គលិករបស់ខ្លួនសម្រាប់ឆ្នាំ២០២២។ 
យោងតាមសារព័ត៌មាន Korea Herald ក្រុមហ៊ុននេះបានបដិសេធមិនបង្ហាញពីចំនួនជាក់លាក់នៃប្រាក់ខែដែលបានផ្តល់ឱ្យបុគ្គលិក ប៉ុន្តែនៅឆ្នាំ២០២១ បុគ្គលិករបស់ខ្លួនទទួលបានជាមធ្យម១២១ លានវ៉ុន ដែលស្មើនឹងជាង៩៥,១៣២ ដុល្លារ​រួមទាំងប្រាក់រង្វាន់ក្នុងអត្រា៦០០ភាគរយ។ របាយការណ៍ដដែលក៏បានបន្ថែមថា​ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Hyundai Oilbank បានកើនឡើង២២៦ភាគរយបើធៀបនឹងឆ្នាំ២០២១៕​ ​
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com