កីឡាជាតិ
ជាតិ
ពីអតីតពលករថៃ អេ សារី ក្លាយជាអ្នកប្រដាល់អាជីពតាមបំណង
08, Jan 2023 , 7:30 pm        
រូបភាព
អេ សារី ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
អេ សារី ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក រឿន សារី ដែលត្រូវបានលោកអេ ភូថង ប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង ដាក់ឈ្មោះថា អេ សារី បានតស៊ូប្រកួតប្រដាល់តាមភូមិរហូត បានសម្រេចក្ដីប្រាថ្នាក្លាយជាកីឡាករអាជីពមួយរូប។ ព្រោះតែការស្រឡាញ់វិស័យកីឡាប្រដាល់ កីឡាករវ័យ ២៦ឆ្នាំ ដែលមកពីខេត្តបាត់ដំបង បានលះបង់ការងារជាពលករនៅថៃ ហើយមកហ្វឹកហាត់នៅក្លិប អេ ភូថង កាលពីអំឡុងឆ្នាំ២០១៩។ ជាមួយនិងការស្រឡាញ់កីឡាប្រដាល់ លោក សារី ក៏សោកស្ដាយដែលមិនបានបន្តការសិក្សាឱ្យបានខ្ពស់ ព្រោះបញ្ហាជីវភាព។

លោក រឿន សារី ជាកូនទី៥ នៃគ្រួសារអ្នកនេសាទក្រីក្រមួយ ស្ថិតនៅភូមិពោធ៍ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ព្រោះតែបញ្ហាជីវភាពខ្វះខាត លោក ក្រូច សារី ជាឪពុក និងអ្នកស្រី ហែម រើត ជាម្ដាយ​ យក សារី ទៅផ្ញើបងប្អូនជីដូនឈ្មោះឈឿន ដែលមានទីតាំងនៅភូមិខាងលើ។ សារី បានឈប់សិក្សានៅសាលាអនុវិទ្យាល័យមោងឬស្សីថ្នាក់ទី៨ នៅឆ្នាំ២០១១ ព្រោះចង់ជួយរកលុយដល់គ្រួសារដែលមានឪពុកម្ដាយ និងបងប្អូន ៥នាក់ផ្សេងទៀត។
អង្គុយលើសម្បកកង់ឡាន ដ៏ធំមួយ ជាកន្លែងហាត់លោតរបស់កីឡាករប្រដាល់ នៅខាងក្រោយក្លិបអេ ភូថង យុវជន សារី បាននិយាយទាំងអារម្មណ៍រំភើប ព្រោះជាលើកទី១ ក្នុងការផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថា កាលឆ្នាំ២០១២ ដែលខ្លួនមានអាយុទើបតែ ១៦ឆ្នាំ បានសម្រេចចិត្តទៅធ្វើជាពលករអនាម័យនៅប្រទេសថៃ ជាមួយអ្នកភូមិផ្សេងទៀត ឲ្យក្រុមហ៊ុន EAON។ នៅទីនោះ សារី ត្រូវជូតកញ្ចក់ និងជណ្ដើរនៅក្នុងផ្សារទំនើប។ អំឡុងពេលធ្វើការនៅទីនោះ យុវជនរូបនេះ បានចូលរួមប្រកួតប្រដាល់តាមភូមិ និងតាមវត្តផ្សេងៗ ក្នុងតំបន់ដែលជិតកន្លែងគេស្នាក់នៅ។ ជាពលករចំណាកស្រុកវ័យក្មេងផង​ និងជាកីឡាករតាមភូមិផង សារី តែងសង្ឃឹមថា ថ្ងៃណាមួយរូបគេ អាចមានក្លិបហ្វឹកហាត់ និងក្លាយជាកីឡាករប្រដាល់អាជីព។
«ខ្ញុំ ចង់រៀនឲ្យខ្ពស់ ដូចជាកូនគេដទៃដែរ ប៉ុន្ដែធ្វើយ៉ាងម៉េចបើជីវភាពខ្ញុំក្រីក្រ។»។ លោក រឿន សារី បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ទាំងអារម្មណ៍ក្ដុកក្ដួល​ ពេលរំលឹកអំពីរឿងអតីត។


រូប អេ សារី ជាមួយឪពុកម្ដាយ រូបពី អេ សារី

អំឡុងប្រកួតតាមភូមិនៅប្រទេសថៃ សារី មិនធ្លាប់ហ្វឹកហាត់ប្រដាល់ទាល់តែសោះ ប៉ុន្ដែរូបគេ ធ្លាប់ត្រឹមតែ បានមើលរាល់ការប្រកួតរបស់លោក អេ ភូថង ជាពិសេស ការប្រកួតនាអំឡុងឆ្នាំ២០០២។ យុវជនរូបនេះ បានប្រកួត ៨លើក ដែលជាការប្រកួតក្នុងវត្តនៅប្រទេសថៃ នាពិធីបុណ្យបណ្ដែតប្រទីប ដោយឈ្នះ៤ ចាញ់៤។ អតីតពលករវ័យក្មេង បានប្រាប់បន្ថែមដូច្នេះថា៖«ខ្ញុំ ស្រឡាញ់កីឡាប្រដាល់តាំងពីតូច ហើយកាលនោះខ្ញុំមើលតែលោកគ្រូ អេ ភូថង វាយ។ ទោះរាងកាយខ្ញុំខ្សោយ ប៉ុន្ដែខ្ញុំ តស៊ូឲ្យបានសម្រេចក្នុងកីឡានេះ។ ខ្ញុំ បានយល់ពីប្រដាល់កាន់តែច្បាស់ពេល ដែលខ្ញុំបានហ្វឹកហាត់ជាមួយក្លិបអេ ភូថង។»។
ចូលមកដល់ឆ្នាំ២០១៩ លោក រឿន សារី បានត្រឡប់មកកម្ពុជាវិញ ដោយលោក អេ ភូថង បានបើកក្លិបអេ ភូថង ដែលមិនយកថវិកាពីកីឡាករក្រក្រី។ ដោយមានការអនុគ្រោះ ពីប្រធានក្លិប និងភរិយាលោកអេ ភូថង អ្នកស្រី សាំង សុម៉ាលី ផងនោះ យុវជន រឿន សារី បានក្លាយជាសិស្សនៅសាលាគុនប្រដាល់នេះចាប់តាំងពីចុងឆ្នាំ២០១៩ ហើយត្រូវបាន លោកគ្រូ ឲ្យឈ្មោះសម្រាប់ហៅក្រៅថា អេ សារី ដែលភ្ជាប់ជាមួយ ត្រកូល «អេ» របស់ប្រធានក្លិប។​
ចំពោះកំណត់ត្រាចំនួនប្រកួតរបស់ខ្លួន កីឡាកររូបនេះ មិនចាំចំនួនជាក់ស្ដែងប៉ុន្មានទេ ប៉ុន្ដែគ្រាន់តែបញ្ជាក់ប្រាប់ថា ជ័យជម្នះ ច្រើនជាងបរាជ័យនៅលើសង្វៀន ដោយចាញ់៩លើក និងឈ្នះជាង៤០លើក។ កីឡាកររូបនេះ ក៏និយាយប្រាប់ទាំងអារម្មណ៍សប្បាយចិត្ត ចំពោះការផ្ដល់ឱកាស និងជំរុញទឹកចិត្តពីលោក អេ ភូថង សម្រាប់ការប្រកួតនៅលើសង្វៀនជាតិ និងអន្ដរជាតិនានា។ 


រូប អេ សារី យកជ័យជំនះលើគ្រូប្រកួត លើសង្វៀន រូបពី អេ សារី

«នៅក្លិបនេះ មិនចាំបាច់មានថវិកាចូលរួមទេ ប៉ុន្ដែឲ្យមានចិត្តហ្វឹកហាត់ គឺលោកគ្រូ អ្នកគ្រូគាត់ ជួយយើងបន្ថែម។ ទោះមិនទាន់ជោគជ័យដូចរៀមច្បងផ្សេងៗ ប៉ុន្ដែខ្ញុំបានសម្រេចគោលដៅបានមួយចំនួនហើយ។»។ កីឡាករប្រដាល់រូបនេះ បាននិយាយទាំងញញឹម និងទឹកភ្នែករលីងរលោងដូច្នេះ។
ជាមួយគ្នានេះដែរ លោកស្រី សាំង សុម៉ាលី បានបញ្ជាក់ផងដែរថា កីឡាករ ដែលជាអ្នកខេត្តបាត់ដំបងរូបនេះ ជាមនុស្សឧស្សាហ៍ និងតស៊ូហ្វឹកហាត់ ម្យ៉ាងវិញទៀត ជាមនុស្សគោរពវិន័យ គោរពឪពុកម្ដាយ និងគ្រូបង្វឹកថែមទៀតផង។ ភរិយាលោក អេ ភូថង បាននិយាយប្រាប់ថា៖«សារី តស៊ូ ហើយនិយាយស្ដាប់គ្នា និងគោរពវិន័យ និងគោរពគ្រូណាស់។ គាត់អាចជោគជ័យ ថ្ងៃណាមួយ។»។
លោក អេ សារី បានបញ្ជាក់ពីក្ដីសង្ឃឹមថា ថ្ងៃណាមួយពេលបញ្ចប់អាជីពពីកីឡាករប្រដាល់ លោកចង់ក្លាយជាគ្រូបង្វឹក ឬអាជ្ញាកណ្ដាល។ ម្យ៉ាងវិញទៀត អ្នកបាត់ដំបងរូបនេះ សង្ឃឹមអាចកសាងខ្លួនឲ្យក្លាយជាផ្នែកមួយក្នុងការជួយអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  អេ សារី
© រក្សាសិទ្ធិដោយ thmeythmey.com