អន្តរជាតិ
រុស្ស៊ី ចាប់ផ្ដើមវាយប្រហារអ៊ុយក្រែន ក្រោយបញ្ចប់បទឈប់បាញ់ឯកតោភាគី
09, Jan 2023 , 10:02 am        
រូបភាព
មន្ត្រីអ៊ុយក្រែនម្នាក់នៅថ្ងៃទី៨ ខែមករា បានបញ្ជាក់ថាការទម្លាក់គ្រាប់បែករបស់រុស្ស៊ីពេញមួយយប់លើតំបន់នានានៅភាគខាងកើតអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់​។ ការទម្លាក់គ្រាប់បែកនេះកើតឡើងបន្ទាប់ពីទីក្រុងមូស្គូបានបញ្ចប់បទឈប់បាញ់​ដែលខ្លួនប្រកាស ហើយបានប្តេជ្ញាថានឹងបន្តការដាក់សម្ពាធលើអ៊ុយក្រែនរហូតទទួលបានជ័យជម្នះ។



បទឈប់បាញ់៣៦ម៉ោងនៅអ៊ុយក្រែនដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីប្រារព្ធពិធីបុណ្យណូអែលរបស់រុស្ស៊ីនិងអ៊ុយក្រែន បានបិទបញ្ចប់ហើយ។ អ៊ុយក្រែនបានច្រានចោលបទឈប់បាញ់នេះ ដោយបញ្ជាឱ្យមានការបាញ់ផ្លោងនៅតំបន់ប្រយុទ្ធ។ 
 
ទីក្រុងមូស្គូ ក៏បានចាប់ផ្ដើមប្រតិបត្តិការទម្លាក់គ្រាប់បែកលើតំបន់មួយចំនួននៅភាគខាងកើតអ៊ុយក្រែន។ លោក Oleh Sinehubov អភិបាលនៃតំបន់ Kharkiv បានលើកឡើងថា បុរសអាយុ ៥០ ឆ្នាំម្នាក់បានស្លាប់នៅក្នុងតំបន់ភាគឦសាននៃទីក្រុង Kharkiv ដែលជាលទ្ធផលនៃការបាញ់ផ្លោងរបស់រុស្ស៊ី។ 
 
គួរបញ្ជាក់ថា ជាធម្មតា ទាំងជនជាតិអ៊ុយក្រែននិងរុស្ស៊ីភាគច្រើនដែលគោរពនិកាយ Orthodox តែងប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃទី៧ ខែមករា។ ប៉ុន្តែនៅឆ្នាំនេះ​ ព្រះវិហារដ៏ធំបំផុតរបស់អ៊ុយក្រែន​ បានប្រារព្ធពិធីបុណ្យនេះនៅថ្ងៃទី២៥ ខែធ្នូ។ បើទោះបីជាមានការប្រារព្ធពិធីបុណ្យមុនពេលកំណត់ម្តងហើយក្តី មនុស្សជាច្រើននៅតែទៅប្រារព្ធពិធីបុណ្យថ្ងៃទី៧ ខែមករាដោយនាំគ្នាទៅព្រះវិហារ និងវិហារនានាដដែល។
 
ក្រៅតែពីការទម្លាក់គ្រាប់បែកលើអ៊ុយក្រែន វិមានក្រឹមឡាំងក៏បាននិយាយថា ទីក្រុងមូស្គូនឹងដាក់សម្ពាធលើអ៊ុយក្រែនបន្ថែម។
«ភារកិច្ចដែលបានកំណត់ដោយប្រធានាធិបតី (លោក ពូទីន) សម្រាប់ប្រតិបត្តិការយោធាពិសេសនឹងនៅតែត្រូវបានបំពេញ។ ហើយយើងប្រាកដ​ជា​នឹងទទួលបាន​ជ័យ​ជម្នះ»។ នេះបើតាមអនុសេនាធិការទីមួយរបស់លោកពូទីន លោក Sergei Kiriyenko ដែលត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី។ 
 
ខណៈសង្គ្រាមបានបន្តឈានចូលខែទី១១ ទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែនហាក់មិនទាន់បង្ហាញទីបញ្ចប់នៅឡើយ ខណៈសង្រ្គាមបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន និងបានប្រែក្លាយទីក្រុងមួយចំនួនរបស់អ៊ុយក្រែនទៅជាគំនរបាក់បែក។
 
ទន្ទឹមនឹងនេះដែរ អភិបាលនៃតំបន់ Donetsk របស់អ៊ុយក្រែនលោក Pavlo Kyrylenko បាននិយាយថា មានការវាយប្រហារដោយមីស៊ីលចំនួន ៩ លើកមកលើតំបន់នេះក្នុងយប់ថ្ងៃទី៧ ខែមករា។ 
 
លើសពីនេះ អ៊ុយក្រែនបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងថាបេឡារុស ដែលជាអ្នកគាំទ្រដ៏រឹងមាំរបស់ទីក្រុងមូស្គូ អាចត្រូវបានប្រើប្រាស់ជាទីតាំងឈរជើងដើម្បីវាយប្រហារអ៊ុយក្រែនពីភាគខាងជើង បន្ទាប់ពីការកើនឡើងសកម្មភាពយោធារបស់រុស្ស៊ី និងការផ្ទេរកងទ័ពថ្មីរបស់រុស្ស៊ីនៅទីនោះ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com