អន្តរជាតិ
ចិនធ្វើសមយុទ្ធជាថ្មីនៅជុំវិញកោះតៃវ៉ាន់ ក្រោយនាវាអាម៉េរិកបើកកាត់ច្រកសមុទ្រ
09, Jan 2023 , 11:59 am        
រូបភាព
យោធាចិន ត្រួតពិនិត្យសមយុទ្ធយោធា នៅពេលកន្លងមក។ រូបភាព Xinhua
យោធាចិន ត្រួតពិនិត្យសមយុទ្ធយោធា នៅពេលកន្លងមក។ រូបភាព Xinhua
យោធាចិន នៅថ្ងៃទី៨ ខែមករា បានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដើម្បីផ្តោតលើការវាយប្រហារ និងការប្រយុទ្ធលើសមុទ្រ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធាចិនចេញនៅថ្ងៃទី៨ ខែមករា។ សមយុទ្ធនេះ ធ្វើឡើងក្រោយអាម៉េរិក បើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់៕

 
អាម៉េរិក នៅថ្ងៃទី៥ ខែមករា បានបើកនាវាពិឃាដបំពាក់មីស៊ីលប្រដេញ  Chung-Hoon ឆ្លងច្រកសមុទ្រតៃវ៉ាន់ ដោយសកម្មភាពយោធាបែបនេះ បានបង្កឱ្យចិនក្តៅស្លឹកត្រចៀកជាខ្លាំង។ ៣ថ្ងៃបន្ទាប់ពីការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់អាម៉េរិក ចិន បានធ្វើសមយុទ្ធយោធាជាថ្មីនៅជុំវិញកោះតៃវ៉ាន់។ 
 
តាមសេចក្តីថ្លែងការណ៍របស់បញ្ចាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន កងកម្លាំងរបស់ខ្លួន បានរៀបចំសមយុទ្ធវាយប្រហារជាក់ស្តែង និងការល្បាតរួមគ្នា។ បើតាមយោធាចិន សមយុទ្ធនេះ ជាការសាកល្បងសមត្ថភាពប្រយុទ្ធរួម និងប្រឆាំងសកម្មភាពបង្ករឿងដែលបង្កដោយកម្លាំងបរទេស និងកម្លាំងចង់ប្រកាសឯករាជ្យតៃវ៉ាន់។ 
 
យ៉ាងណាមិញ មកទល់ពេលនេះ តៃវ៉ាន់ មិនទាន់បានឆ្លើយតបនឹងសកម្មភាពយោធាចិននៅឡើយទេ។ នៅចុងខែធ្នូ ឆ្នាំ២០២២ កន្លងមក ចិន ក៏បានធ្វើសមយុទ្ធបែបនេះដែរ ដោយយន្តហោះចិនចំនួន៤៣គ្រឿង បានហោះឆ្លងកាត់បន្ទាត់ពុះចែករវាងចិន និងតៃវ៉ាន់។ 
 
កន្លងមក តៃវ៉ាន់ បានពង្រឹងសមត្ថភាពកម្លាំងយោធារបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការទិញគ្រឿងបរិក្ខារយោធាពីអាម៉េរិក និងអភិវឌ្ឍបច្ចេកវិទ្យាយោធានៅក្នុងស្រុករបស់ខ្លួន។ ការលក់អាវុធពីសំណាក់អាម៉េរិក បានធ្វើឱ្យចិនប្រតិកម្មយ៉ាងខ្លាំង។ 
 
សូមបញ្ជាក់ថា ចិន ជាញយៗតែងប្រកាសបង្រួមបង្រួមដែនដីតៃវ៉ាន់ និងចិន ដោយសន្តិវិធី ប៉ុន្តែនឹងអាចឈានដល់ការប្រើកម្លាំងយោធា ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com