អន្តរជាតិ
ក្រុមអ្នកគាំទ្រលោក បុលសូណារ៉ូ អុកឡុកវិមានប្រធានាធិបតី សភា​ និងតុលាការកំពូលប្រេស៊ីល
09, Jan 2023 , 2:13 pm        
រូបភាព
បាតុករប្រេស៊ីល នៅក្នុងបរិវេនវិមានប្រធានាធិបតីប្រេស៊ីល។ រូបភាព៖ AFP
បាតុករប្រេស៊ីល នៅក្នុងបរិវេនវិមានប្រធានាធិបតីប្រេស៊ីល។ រូបភាព៖ AFP
កម្លាំងសន្តិសុខប្រេស៊ីនជាច្រើននាក់ ត្រូវបានពង្រាយនៅរដ្ឋធានីប្រាស៊ីលីយ៉ា ក្នុងថ្ងៃទី៨ ខែមករា ក្រោយអ្នកគាំទ្រលោក ជែ បុលសូណារ៉ូ អតីតប្រធានាធិបតីប្រេស៊ីល ចូលអុកឡុកនៅអគារសភា វិមានប្រធានាធិបតី និងតុលាការកំពូល។ សកម្មភាពតវ៉ាបែបនេះ ត្រូវបានប្រធានាធិបតីប្រេស៊ីលដែលទើបចូលកាន់តំណែង លោក Luiz Inacio Lula da Silva ថ្កោលទោសថា ជាការវាយប្រហារបែបផ្តាច់ការ។

 
បាតុករ ដែលគាំទ្រលោក ជែ បុលសូណារ៉ូ បានចូលគ្រប់គ្រងវិមានប្រធានាធិបតី សភា និងតុលាការកំពូលប្រេស៊ីល ដែលស្ថិតនៅក្នុងក្រុងប្រាស៊ីលីយ៉ា ក្រោយលោក Luiz Inacio Lula da Silva ទើបចូលកាន់តំណែងបានជាងមួយសប្តាហ៍។ ក្នុងថ្ងៃទី៨ ខែមករា កម្លាំងសន្តិសុខ បានពង្រាយ​ ហើយថែមទាំងបានបាញ់ទឹក និងបាញ់គ្រាប់បែកមានផ្ទុកឧស្ម័នបង្ហូរទឹកភ្នែកពីឧទ្ធម្ភាគចក្រ ដើម្បីបំបែកកុបកម្មមួយនេះ។ 
 
ដោយសារស្ថានភាពធ្ងន់ធ្ងរ លោក Lula ដែលកំពុងស្ថិតនៅ ក្រុង Araraquara ដើម្បីត្រួតពិនិត្យស្ថានភាពទឹកជំនន់ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីស្តារស្ថិរភាព សណ្តាប់ធ្នាប់ និងច្បាប់នៅក្នុងក្រុង ប្រាស៊ីលីយ៉ា ឡើងវិញ។ 
 
«ក្រុមមនុស្សផ្តាច់ការទាំងនេះ បានធ្វើឡើង ដែលមិនធ្លាប់កើតមានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស»។ ប្រធានាធិបតីប្រេស៊ីល ដែលទើបចូលកាន់តំណែងបានជាង១សប្តាហ៍​ បានបញ្ជាក់បែបនេះ ដោយបន្តថា អាជ្ញាធរនឹងស្វែងរកជនបង្ករឿង និងបំផ្លាញទ្រព្យសម្បត្តិ ហើយក្រុមបាតុករទាំងនោះ នឹងត្រូវបានបង្រ្កាបដោយកម្លាំងសន្តិសុខ។ សារព័ត៌មានប្រេស៊ីលបានចុះផ្សាយថា ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ១៧០នាក់ ខណៈទីភ្នាក់ងារសន្តិសុខសភា បានចាប់ខ្លួនបាតុករយ៉ាងហោចណាស់ ៣០រូប។ 
 
កុបកម្ម ដែលឈានទៅដល់ការអុកឡុកនៅវិមានប្រធានាធិបតី សភា និងតុលាការកំពូលនេះ ធ្វើឡើងក្រោយហេតុផលការបោះឆ្នោតមានការក្លែងបន្លំ។ លោក Lula បានឈ្នះការបោះឆ្នោតជុំចុងក្រោយទល់នឹងលោក បុលសូណារ៉ូ ក្នុងសំឡេង ៥០,៩ភាគរយ និង៤៩,១ភាគយ។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP បាតុករប្រេស៊ីលមួយរូប បានទាមទារឱ្យពិនិត្យការបោះឆ្នោតដែលមានការក្លែងបន្លំឡើងវិញ។ 
 
ស្របពេលមានបាតុកម្មនៅក្នុងសភា វិមានប្រធានាធិបតី និងតុលាការកំពូលបែបនេះ អភិបាលក្រុង ប្រាស៊ីលីយ៉ា បានបណ្តេញប្រធានសន្តិសុខសាធារណរបស់រដ្ឋធានី លោក Anderson Torres ដែលជាអតីតរដ្ឋមន្រ្តីយុត្តិធម៌ក្នុងអាណត្តិ លោក បុលសូណារ៉ូ។ 
 
ក្រោយការបណ្តេញនេះ អគ្គរដ្ឋអាជ្ញាបានស្នើសុំឱ្យតុលាការកំពូលចេញដីការចាប់ខ្លួន ដើម្បីចាប់លោក Torres និងមន្រ្តីផ្សេងទៀត ដែលនាំឱ្យមានអស្ថិរភាពនៅក្នុងក្រុង។ បន្ថែមពីនេះ អគ្គរដ្ឋអាជ្ញា ក៏បានស្នើឱ្យតុលាការកំពូល ចេញដីកាប្រើអាជ្ញាធរសន្តិសុខសាធារណៈទាំងអស់ ដើម្បីយកសភា វិមានប្រធានាធិបតី និងតុលាការកំពូល ពីការគ្រប់គ្រងរបស់ក្រុមបាតុករមកវិញផង។ 
 
មកទល់ពេលនេះ កម្លាំងសន្តិសុខប្រេស៊ីល បានដណ្តើមវិមានប្រធានាធិបតី សភា​ និងតុលាការកំពូលមកវិញហើយ៕ 
 
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com