អន្តរជាតិ
អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឱ្យ​បេឡារុស​ដក​ការ​ចោទ​ប្រកាន់​លើ​ជ័យលាភី​ណូបែល​សន្ដិភាព​លោក Ales Bialiatski
09, Jan 2023 , 7:29 pm        
រូបភាព
ជ័យលាភី​ពានរង្វាន់​ណូបែល​សន្ដិភាព​លោក Ales Bialiatski កំពុង​ស្ថិត​នៅ​ក្នុង​សវនាការ​នៅ​ទីក្រុង Minsk ប្រទេស​បេឡារុស ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣។
ជ័យលាភី​ពានរង្វាន់​ណូបែល​សន្ដិភាព​លោក Ales Bialiatski កំពុង​ស្ថិត​នៅ​ក្នុង​សវនាការ​នៅ​ទីក្រុង Minsk ប្រទេស​បេឡារុស ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣។
ដោយ: VOA
លោក Ales Bialiatski ដែល​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្ដិភាព​ជនជាតិ​បេឡារុស បាន​ឡើង​សវនាការ​កាលពី​ថ្ងៃ​ទី ៥ ខែ​មករា​នៅ​ក្នុង​រដ្ឋធានី​មីនស្កិ៍​នៃ​ប្រទេស​បេឡារុស​ក្រោម​បទ​ចោទ​ប្រកាន់​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​នានា​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​រឿង​មិន​ពិត។ ប្រសិនបើ​រក​ឃើញ​ថា​មាន​កំហុស លោក​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១២ ឆ្នាំ។

 
អ្នក​តំណាង​ពីរ​នាក់​ទៀត​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស Viasna ដែល​អង្គការ​របស់​លោក ក៏​កំពុង​ស្ថិត​ក្នុង​សវនាការ​ផង​ដែរ ហើយ​អាច​ប្រឈម​នឹង​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​យូរ។
 
អ្នក​នាំពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​លោក Jeremy Laurence បាន​និយាយ​ថា ការិយាល័យ​របស់​លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បើក​សវនាការ​លើ​ពួកគេ។
 
លោក Laurence ថ្លែង​ថា៖ «អ្នក​ទាំង​បី​នាក់​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន បន្ទាប់ពី​មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅ​លើ​បាតុកម្ម​តវ៉ា​នានា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០២០។ យើង​អំពាវនាវ​ឱ្យ​ដក​ការ​ចោទ​ប្រកាន់​លើ​ពួកគេ​និង​ដោះលែង​ពួកគេ​ចេញ​ពី​ការ​ឃុំឃាំង​ជា​បន្ទាន់»។
 
លោក Bialiatski និង​អង្គការ​សិទ្ធិ​មនុស្ស​រុស្ស៊ី Memorial ព្រម​ទាំង​មជ្ឈមណ្ឌល​សម្រាប់​សេរីភាព​ពលរដ្ឋ (Center for Civil Liberties) ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​របស់​អ៊ុយក្រែន បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្ដិភាព​រួម​គ្នា​កាលពី​ឆ្នាំ ២០២២។
 
លោក Laurence បញ្ជាក់​ថា លោក Bialiatski និង​សហការី​របស់​លោក​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ពី​បទ​ចោទ​ប្រកាន់​ថា​បាន​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​បាតុកម្ម​នានា​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​បាន​បំពាន​សណ្ដាប់ធ្នាប់​សាធារណៈ។
 
លោក Laurence ថ្លែង​ថា៖ «ខ្ញុំ​មិនមែន​ជា​មេធាវី​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​ដឹង​លម្អិត​អំពី​ច្បាប់​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ចោទ​ប្រកាន់​ពួកគេ​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​ដឹង​គ្រប់គ្រាន់​ក្នុង​ការ​និយាយ​ថា យើង​ចាត់ទុក​រឿង​នេះ​ថា​ជា​ការ​ចាប់​ខ្លួន​ដោយ​ខុសច្បាប់ និង​ជា​ការ​ឃុំ​ឃាំង​ដោយ​ខុសច្បាប់។ ហើយ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​មាន​លក្ខណៈ​នយោបាយ»។
 
លោក Laurence បាន​គូស​បញ្ជាក់​ថា ការិយាល័យ​សិទ្ធិមនុស្ស​និង​ការិយាល័យ​នីតិវិធី​ពិសេស​កំពុង​តាមដាន​ករណី​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់។ លោក​បាន​បន្ថែម​ថា ក្ដី​បារម្ភ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​កាន់​តែ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​បេឡារុស​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​និង​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com