អន្តរជាតិ
នាយករដ្ឋមន្រ្តីស៊ុយអែតថា តួកគីស្នើសុំច្រើនពេកចំពោះការផ្ដល់សច្ចាប័នចូលណាតូ
09, Jan 2023 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson និងប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
នាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson និងប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson នៅថ្ងៃទី៨ ខែមករា បានលើកឡើងថា តួកគីដាក់សំណើធ្ងន់ពេកចំពោះការគាំទ្រឱ្យទទួលបានសច្ចាប័នលើពាក្យសុំចូលជាសមាជិកសម្ពន្ធយោធាណាតូ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីរូបនេះអះអាងថា ខ្លួនមានទំនុកចិត្តលើតួកគីដែលនឹងបើកផ្លូវដល់ការចូលរួមជាមួយណាតូ។



ដំណើរការស្នើសុំចូលសម្ពន្ធណាតូរបស់ស៊ុយអែតនៅតែមិនទាន់ជោគជ័យជាស្ថារពរឡើយ ដោយនៅរងចាំការយល់ព្រមពីតួកគី និងហុងគ្រី។​ ខណៈហុងគ្រីមិនមែនជាបញ្ហា តួកគីបានដាក់លក្ខខណ្ឌជាច្រើន​ឱ្យស៊ុយអែតបំពេញមុនខ្លួនផ្ដល់សច្ចាប័នលើពាក្យសុំចូលជាសមាជិកណាតូ។ កន្លងមកតួកគីបានទទួលស្គាល់ស៊ុយអែតធ្វើសកម្មភាពច្រើន ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ដោយតួកគីនៅតែតម្រូវឱ្យស៊ុយអែតបំពេញការងារផ្សេងទៀត។
 
នាសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមករា នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson បានលើកឡើងថា លក្ខខណ្ឌរបស់តួកគីដែលស៊ុយអែតមិនបានបំពេញ ឬមិនចង់បំពេញស្ថិតនៅក្រៅវិសាលភាពនៃអនុស្សរណៈត្រីភាគីរវាងស៊ុយអែត ហ្វាំងឡង់ និងតួកគី។ លោកអះអាងថា រដ្ឋាភិបាលទីក្រុងស្តុកខុលនឹងមិនបំពេញតាមលក្ខខណ្ឌទាំងអស់ដែលទីក្រុងអង់ការ៉ាបានកំណត់ឡើយ ព្រោះវាហួសហេតុពេក។ 
 
រឿងដែលលោកនាយករដ្ឋមន្ត្រីស៊ុយអែតសំដៅដាមិនអាចធ្វើបាននោះ ជាការស្នើធ្វើបត្យាប័នអ្នកកាសែតដែលមានទំនាក់នឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦ ដែលតួកគីចាត់ទុកជាភេរវករ។
 
«តួកគី ទទួលស្គាល់ថាយើងបានធ្វើតាមអ្វីដែលបានព្រមព្រៀងគ្នារួចរាល់ហើយ ប៉ុន្តែពួកគេនៅតែចង់បានអ្វីដែលយើងមិនអាចផ្ដល់ឱ្យ ឬមិនចង់ផ្តល់ឱ្យពួកគេ»។ លោក Kristersson លើកឡើងបែបនេះមុនបន្ថែមថា ជារឿយៗ តួកគីតែងលើកឡើងពីរឿងបុគ្គលដែលពួកគេចង់ឱ្យស៊ុយអែតធ្វើបត្យាប័ន។ លោក Kristersson នៅតែប្រកាន់ជំហរថា បញ្ហានោះត្រូវដោះស្រាយតាមផ្លូវច្បាប់របស់ស៊ុយអែត ហើយវាមិនបានស្ថិតក្នុងកិច្ចព្រមព្រៀងត្រីភាគីដើម្បីបានសច្ចាប័នចូលណាតូឡើយ។ ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
កន្លងមក ស៊ុយអែត ហ្វាំងឡង់ និងតួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគី ដែលបានចែងពីលក្ខខណ្ឌត្រូវបំពេញដើម្បីបានសច្ចាប័នចូលជាសមាជិកណាតូ មានដូចជា ការបញ្ជូនសមាជិកបក្សពលករឃើដដែលត្រូវបានចាត់ទុកជាភេរវករទៅឱ្យតួកគី និងការដកបម្រាមនាំចេញអាវុធទៅតួកគីជាដើម។ 
 
គួរបញ្ជាក់ថា មកទល់ពេលនេះ ស៊ុយអែត ទទួលបានការគាំទ្រពីប្រទេសដទៃជាសមាជិកបក្សសម្ពន្ធ ទាំង២៨ទៀតរួចហើយ។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban អះអាងថាសភាហុងគ្រីនឹងអនុម័តក្នុងពេលឆាប់ៗនេះទាំងសច្ចាប័នរបស់ហ្វាំងឡង់ និងស៊ុយអែត។ ចំណែកតួកគីនឹងសម្រេចចិត្តបន្ទាប់ពីការបោះឆ្នោតនៅខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ស៊ុយអែត
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com