អន្តរជាតិ
ថៃ លែងឱ្យអ្នកដំណើរបង្ហាញប័ណ្ណវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ
09, Jan 2023 , 9:29 pm        
រូបភាព
ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី៩ ខែមករា បានប្រកាសដកបញ្ញត្តិថ្មីបានចេញនៅចុងសប្ដាហ៍មុន ដែលតម្រូវឱ្យភ្ញៀវអន្តរជាតិទាំងអស់បង្ហាញព័ស្តុតាងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់២ដងមុនចូលដីថៃ។ បម្រាមនេះចេញដើម្បីឆ្លើយតបការបើកព្រំដែនរបស់ចិន តែដោយសារធ្វើឱ្យប៉ះពាល់វិស័យទេសចរ ទើបនាំឱ្យមានការលុបចោលទៅវិញភ្លាមៗ។



និយ័តករអាកាសចរណ៍ថៃ នៅថ្ងៃទី៧ ខែមករា បានប្រកាសបទបញ្ញត្តិថ្មីដោយឱ្យអ្នកដំណើរទាំងអស់ដែលមកថៃត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងយ៉ាងហោចណាស់២ដូស។ ២ថ្ងៃក្រោយ បញ្ញត្តិនេះត្រូវលុបចោលវិញ។
 
រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul នៅថ្ងៃទី៩ ខែមករា បានប្រកាសថា រដ្ឋាភិបាលបានលុបចោលបញ្ញត្តិដែលបានប្រកាសនៅចុងសប្តាហ៍មុននេះហើយ ព្រោះវាប៉ះពាល់ដល់វិស័យទេសចររបស់ថៃ។ លោក ប្រាប់អ្នកសារព័ត៌មានថា ការទាមទារនេះ ជារឿងមិនចាំបាច់ទេ ដោយសារការចាក់វ៉ាក់សាំងបង្ការបានធ្វើឡើងគ្រប់គ្រាន់ទៅហើយនៅទូទាំងពិភពលោក។ រដ្ឋមន្ត្រីរូបនេះបន្តថា អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏អនុញ្ញាតឱ្យចូលមកទឹកដីថៃដោយគ្មានការរឹតត្បិតដែរ។ 
 
ភ្លាមៗក្រោយការប្រកាសខាងលើ សមាគម​ទេសចរណ៍​ភូកេត​បាន​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ថៃដោយ ​ត្អូញត្អែរ​ពីឥទ្ធិពលលើ​ការ​ងើបឡើង​នៃ​វិស័យ​ទេសចរណ៍។ ប្រតិបត្តិករទេសចរណ៍នៅកោះភូកេតរៀបរាប់ថាភ្ញៀវទេសចរជាច្រើនលុបចោលគម្រោងកំសាន្ត។ នេះបើតាមកាសែត The Nation Thailand។
 
ទោះមិនមានវិធានការរឹតត្បិត ភ្ញៀវទេសចរបរទេសនៅតែត្រូវណែនាំឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ លាងដៃឱ្យបានទៀងទាត់ ធ្វើតេស្តប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើម ហើយទៅមន្ទីរពេទ្យប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរជាដើម។ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងស្នើសុំឱ្យសណ្ឋាគារផ្តល់ការធ្វើតេស្តម៉ាស៊ីន RT-PCR សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com