អន្តរជាតិ
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី​ ឯកភាពប្រឆាំងនឹងការរើសអើងផលិតផលប្រេងដូង
09, Jan 2023 , 5:20 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។ រូបភាព៖ AP
មេដឹកនាំឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅថ្ងៃទី៩ ខែមករា បានឯកភាពធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងលើប្រេងដូងរបស់ខ្លួន។ ឥណ្ឌូណេស៊ី​ និងម៉ាឡេស៊ីជាប្រទេសផលិតប្រេងដូងធំជាងគេបំផុតនៅលើពិភពលោក។

 
សហភាពអឺរ៉ុប កន្លងមក បានដាក់ចេញគម្រោងឈប់ប្រើប្រាស់ឥន្ធនៈផលិតចេញពីប្រេងដូង នៅត្រឹមឆ្នាំ២០៣០ ក្រោមហេតុផលដំណាំដូងប្រេង ធ្វើឱ្យមានការកាប់បំផ្លាញព្រៃឈើ។ យ៉ាងណាមិញ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានប្តេជ្ញាប្រឆាំងនឹងការរើសអើងផលិតផលប្រេងដូងរបស់ខ្លួន។ 
 
ក្រោយពីជំនួបជាលើកដំបូងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលទើបឡើងកាន់តំណែងនៅឥណ្ឌូណេស៊ី និងបានធ្វើទស្សនកិច្ចនៅឥណ្ឌូណេស៊ីលើកដំបូង ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ​ បានអះអាងថា ប្រទេសទាំងពីរនឹងប្រឆាំងនឹងការរើសអើងប្រេងដូង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សានៃប្រទេសផលិតប្រេងដូង ដើម្បីលើកឡើងពីបញ្ហាប្រឈម។ 
 
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាប្រទេសដែលនាំចេញប្រេងដូងធំជាងគេបំផុតនៅលើពិភពលោក។ នៅក្នុងឆ្នាំ២០២១ ឥណ្ឌូណេស៊ី បាននាំចេញប្រេងដូងចំនួន ២៦,៩លាន មេទ្រីកតោន។ ចំណែកម៉ាឡេស៊ី នាំចេញប្រេងដូងចំនួន ១៦,២១មេទ្រីកតោន នៅក្នុងឆ្នាំ២០២០។ នេះបើផ្អែកតាមទិន្នន័យរបស់ Statista។ 
 
ក្រៅពីបញ្ហាដូចប្រេង មេដឹកនាំទាំងពីរក៏បានជជែកពីស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាផង ស្របពេលឥណ្ឌូណេស៊ី បានកាន់តំណែងជាប្រធានផ្លាស់វេនរបស់អាស៊ាននៅក្នុងឆ្នាំ២០២៣។ ក្នុងកិច្ចសន្ទនា មេដឹកនាំប្រទេសជិតខាងទាំងពីរ បានជំរុញឱ្យយោធាមីយ៉ាន់ម៉ា គោរពតាមការឯកភាពទាំង៥ ដែលដាក់ចេញមេដឹកនាំអាស៊ាននាពេលកន្លងមក។ 
 
បន្ថែមពីនេះ លោកអាន់វ៉ា និងវីដូដូ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៨ផងដែរ លើវិស័យដឹកជញ្ជូន ថាមពលស្អាត ការអភិវឌ្ឍ និងវិស័យផ្សេងទៀត៕
 

Tag:
 ឥណ្ឌូណេស៊ី
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com