ជាតិ
អាស៊ាន
លោក កៅ គឹមហួន ចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានផ្លូវការ
09, Jan 2023 , 6:00 pm        
រូបភាព
លោក កៅ គឹមហួន (ស្តាំ) ជាមួយលោក Lim Jock Hoi ដែលជាអគ្គលេខាធិការអាស៊ានទី១៤។ រូបថត​ហ្វេសប៊ុកលោក កៅ គឹមហួន
លោក កៅ គឹមហួន (ស្តាំ) ជាមួយលោក Lim Jock Hoi ដែលជាអគ្គលេខាធិការអាស៊ានទី១៤។ រូបថត​ហ្វេសប៊ុកលោក កៅ គឹមហួន
ដោយ: រួបរួម
លោក កៅ គឹមហួន ចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានផ្លូវការ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ ដោយមានទីស្នាក់ការនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ លោកក្លាយជាជនជាតិខ្មែរដំបូងបំផុតដែលកាន់តំណែងជាអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈកន្លងមក លោក គង់ ភោគ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ បានកាន់តំណែងជាអគ្គលេខាធិការរង។

 
លោក កៅ គឹមហួន ចូលកាន់តំណែងបន្តពីលោក Lim Jock Hoi ជនជាតិព្រុយណេ ដោយអាណត្តិអគ្គលេខាធិការអាស៊ាននេះ មានរយៈពេល៥ឆ្នាំ និងត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន។ 
 
 
មុនទទួលបានការតែងតាំងនេះ លោក កៅ គឹមហួន អាយុ៥៦ឆ្នាំ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោកធ្លាប់ធ្វើជាទីប្រឹក្សា និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
 
បើគិតចាប់តាំងពីឆ្នាំ១៩៧៦មក លោក កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ានទី១៥ និងជាឥស្សរជនខ្មែរដំបូង។ អគ្គលេខាធិការអាស៊ាន១៤នាក់ផ្សេងទៀត មាន ឥណ្ឌូណេស៊ី ៣រូប, ម៉ាឡេស៊ី ២រូប, ហ្វីលីពីន២រូប, សិង្ហបុរី២រូប, ថៃ២រូប, ព្រុយណេ២រូប និងវៀតណាម១រូប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com