អន្តរជាតិ
ប្រជាជនចិននាំគ្នាទៅបន្ដសុពលភាពលិខិតឆ្លងដែន ក្រោយការបើកព្រំដែនឡើងវិញ
10, Jan 2023 , 9:40 am        
រូបភាព
ប្រជាជនចិនជាច្រើនតម្រង់ជួរមុខការិយាល័យអន្តោប្រវេសន៍ក្នុងទីក្រុងប៉េកាំង នៅថ្ងៃទី៨ ខែមករា ដើម្បីរង់ចាំបន្តសុពលភាពលិខិតឆ្លងដែនរបស់ពួកគេ ស្របពេលចិនប្រកាសបើកព្រំដែនឱ្យប្រជាជនធ្វើដំណើរទៅក្រៅប្រទេសដោយសេរី ហើយចូលស្រុកវិញដោយមិនបាច់ធ្វើចត្តាឡីស័ក។



ក្រោយបិទព្រំដែនអស់រយៈពេល ៣ឆ្នាំដោយសារការរាលដាលជំងឺកូវីដ-១៩ ចិនបានសម្រេចបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករាតទៅ ដែលជាការបិទបញ្ចប់គោលនយោបាយសូន្យកូវីដជាស្ថាពរ បើទោះកំពុងរងការវាយប្រហារដោយរលកថ្មីនៃជំងឺកូវីដ-១៩ ក៏ដោយ។ 
 
ប្រជាជនចិនដែលបានរស់នៅកាត់ផ្ដាច់ពីប្រទេសដទៃ៣ឆ្នាំមកហើយ កំពុងមមាញឹករកជើងយន្តហោះទៅក្រៅប្រទេសតាមគោលដៅរៀងៗខ្លួន។ អ្នកដែលហួសសុពលភាពលិខិតឆ្លងដែនក៏មមាញឹកតម្រង់ជួរនៅការិយាល័យអន្តោប្រវេសន៍ក្នុងទីក្រុងប៉េកាំង រង់ចាំបន្តសុពលភាពលិខិតឆ្លងដែនរបស់ខ្លួនត្រៀមធ្វើដំណើរទៅក្រៅប្រទេសផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
នៅថ្ងៃទី៨ដដែល ចិនក៏បានលើកចោលការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកចិនជាផ្លូវការ ហើយការអនុវត្តបែបនេះត្រូវបានរំពឹងថាអាចជំរុញការធ្វើដំណើរចេញទៅក្រៅប្រទេសរបស់ប្រជាជនចិនដែរ ព្រោះពួកគេនឹងមិនបាច់បារម្ភថាត្រូវធ្វើចត្តាឡីស័កពេលត្រឡប់មកចិនវិញ។ 
 
ប្រជាជនសម្រុកចេញពីចិនមានចំនួនច្រើនដល់ថ្នាក់ខ្វះជើងហោះហើរ បើទោះប្រទេសជាច្រើនទាមទារការធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ពីអ្នកដំណើរចិនក៏ដោយ។ ​ប្រទេសដែលតម្រូវឱ្យអ្នកដំណើរចិនធ្វើតេស្តកូវីដ-១៩ មានដូចជាអាម៉េរិក អង់គ្លេស អូស្ត្រាលី  កាណាដា  ម៉ាឡេស៊ី តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អ៊ីតាលី បារាំង និងអេស៉្បាញជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈចិនកំពុងរងគ្រោះយ៉ាងខ្លាំងដោយរលកថ្មីនៃជំងឺនេះ។ 
 
ទិន្នន័យរបស់ Flight Master បានបង្ហាញថា ថ្ងៃដំបូងនៃការបើកប្រទេស ចិនមានជើងហោះហើរទាំងចូលស្រុក និងទៅក្រៅប្រទេសសរុបចំនួន២៤៥ជើង។ ស្ថានភាពរូបិយប័ណ្ណ និងទីផ្សារភាគហ៊ុនរបស់ចិនបានស្ទុះឡើងភ្លាមៗនៅថ្ងៃបើកប្រទេសនោះ ខណៈដែលអ្នកវិនិយោគទាយថាការបើកប្រទេសឡើងវិញអាចជួយស្តារសេដ្ឋកិច្ចចិនបាន ១៧ពាន់ពាន់លានដុល្លារផងដែរ។ 
 
គួរបញ្ជាក់ថា តាមប្រភពផ្លូវការរបស់ចិន គិតត្រឹមថ្ងៃទី៨ ខែមករា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានត្រឹមតែ៥២៧២នាក់ប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតមួយនៃការស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងពិភពលោក។ អង្គការសុខភាពពិភពលោក មិនជឿទុកចិត្តការរាយការណ៍របស់ចិនឡើយ ហើយនៅតែជំរុញឱ្យបង្ហាញទិន្នន័យកូវីដ-១៩ ពិតប្រាកដ៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com