អន្តរជាតិ
លោកប្រាយុទ្ធ៖ ខ្ញុំគោរពដំណើរប្រជាធិបតេយ្យរបស់ថៃ
10, Jan 2023 , 10:59 am        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ចូលរួមជាបក្សរួមថៃសាងជាតិ។ រូបភាព៖ AP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ចូលរួមជាបក្សរួមថៃសាងជាតិ។ រូបភាព៖ AP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី៩ ខែមករា បានអះអាងថា លោក គោរពដំណើរប្រជាធិបតេយ្យរបស់ថៃ។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ ថៃត្រូវតែមានស្ថិរភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ច។

 
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ ក្នុងថ្ងៃទី៩ ខែមករា បានចូលរួមជាមួយ «បក្សរួមថៃសាងជាតិ» ហើយក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ ក្នុងពិធីជួបជុំអ្នកគាំទ្រនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit លោកប្រាយុទ្ធបានប្រាប់ថា លោកមិនចង់បានអំណាច ឬផលប្រយោជន៍សម្រាប់ខ្លួនឯងឡើយ។ 
 
«ខ្ញុំគោរពដំណើរប្រជាធិបតេយ្យរបស់ប្រទេស ហើយនេះជាហេតុផលខ្ញុំនៅទីនេះ»។ លោកប្រាយុទ្ធ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ថៃត្រូវតែមានការវិវដ្តប្រកបដោយស្ថិរភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ច។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលថៃ បានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមជាច្រើនទៀត ដែលថៃកំពុងជួបប្រទះ ប្រសិនបើលោកកាន់តំណែងនេះបន្តទៀត។​ បើតាមលោកប្រាយុទ្ធ សូមទុកឱ្យប្រជាជនអ្នកសម្រេចពីមេដឹកនាំរបស់ប្រទេសទៅចុះ។ 
 
លោកប្រាយុទ្ធបានលើកឡើងថា បញ្ហាដីធ្លី ការកើនឡើងនៃចំណាយថ្លៃរស់នៅ អយុត្តិធម៌ និងអំពើពុករលួយ គឺសុទ្ធតែស្ថិតក្នុងបញ្ហាដែលលោកចង់ដោះស្រាយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ជុំវិញការចូលរួមជាមួយបក្សរួមថៃនេះ លោកប្រាយុទ្ធបានថ្លែងថា លោកមានបំណងចង់ចូលរួម៤ ឬ៥ខែមកហើយ ហើយលោកសង្ឃឹមថា ការសម្រេចចិត្តមួយនេះ នឹងជួយឱ្យលោកអាចលើកឡើងពីបញ្ហាខាងលើ និងជួយពង្រឹងការបង្រួមបង្រួមប្រទេស ដែលប្រឈមនឹងបញ្ហាសកល។ 
 
សូមបញ្ជាក់ថា ថៃគ្រោងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ក្រោយរដ្ឋសភាបញ្ចប់អាណត្តិរបស់ខ្លួនត្រឹមថ្ងៃទី២៣ ខែមីនា៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com