ជាតិ
សង្គមជាតិ
អ្នកជំនាញអន្តរជាតិ ចាប់ផ្តើមចុះពិនិត្យស្ថានភាពលាងលុយកខ្វក់នៅកម្ពុជា
10, Jan 2023 , 4:59 pm        
រូបភាព
ទង់អង្គការហ្វាត ត្រូវបានដាក់ជិតទង់ជាតិអាល្លឺម៉ង់ នៅមុខអគារ ដែលត្រូវបានជ្រើសរើសសម្រាប់រៀបចំកិច្ចប្រជុំមួយ នៅទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០២២។ រូបពី AP
ទង់អង្គការហ្វាត ត្រូវបានដាក់ជិតទង់ជាតិអាល្លឺម៉ង់ នៅមុខអគារ ដែលត្រូវបានជ្រើសរើសសម្រាប់រៀបចំកិច្ចប្រជុំមួយ នៅទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០២២។ រូបពី AP
ដូចការគ្រោងទុក គណៈប្រតិភូនៃអង្គការអន្តរជាតិ១ ហៅថា ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានធ្វើដំណើរមកកាន់កម្ពុជា ដើម្បីផ្ទៀងផ្ទាត់ពីស្ថានភាពជាក់ស្តែង ទៅនឹងរបាយការណ៍អំពីការលុបបំបាត់ការសម្អាតប្រាក់កខ្វក់ ដែលកម្ពុជា ដាក់ជូនអង្គការនេះ។ កាលពីចុងឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសពីគម្រោងរបស់គណៈប្រតិភូនេះ ដែលត្រូវចុះមកកម្ពុជា នៅខែមករា ឆ្នាំ២០២៣នេះ។



ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្តេច ស ខេង ផ្តល់ព័ត៌មានពីរឿងនេះថា គណៈប្រតិភូនៃអង្គការហ្វាត (FATF) នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដលថ្ងៃទី១៣ ខែមករា។ សម្តេច ជម្រាបជូនអ្នកចូលរួមក្នុងពិធីនេះថា នៅថ្ងៃទី១១ ដែលជាថ្ងៃដំបូងនៃការបំពេញការងាររបស់ខ្លួន គណៈប្រតិភូអង្គការហ្វាត នឹងជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលព្រឹក។ 
 
សម្តេចរដ្ឋមន្រ្តី បន្ថែមថា គណៈប្រតិភូនេះ នឹងបន្តទៅជួបសម្តេច បន្ទាប់ពីបញ្ចប់ជំនួបជាមួយសម្តេចប្រមុខរដ្ឋាភិបាល។ បើតាមសម្តេចឧនាយករដ្ឋមន្រ្តី គណៈប្រតិភូនេះ នឹងជួបមន្រ្តីកម្ពុជា និងភាគីក្រៅរដ្ឋាភិបាលផ្សេងៗទៀត ដូចជា ធនាគារ សណ្ឋាគារ ក្រុមហ៊ុន និង អង្គការសង្គមស៊ីវិល ជាដើម។ សម្តេច បង្ហាញក្តីរំពឹងថា ក្រោយគណៈប្រតិភូអង្គការហ្វាត បញ្ចប់បេសកកម្មរបស់ខ្លួន កម្ពុជា អាចនឹងរួចផុតពីបញ្ជីប្រផេះនៃប្រទេស ដែលមានហានិភ័យពីការលួចលាងលុយកខ្វល់ដោយឧក្រិដ្ឋជន។ 
 
សម្តេច ស ខេង ដែលមានតួនាទីជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ផងនោះ មានប្រសាសន៍ដូច្នេះថា៖«ទោះបីនៅពេលនោះ យើង រួចផុតពីបញ្ជីប្រផេះខាងវិស័យធនាគារក៏ដោយ តែយើង អត់ទាន់អស់ភារកិច្ចទេ។ យើង ត្រូវធ្វើឲ្យខ្លាំងថែមទៀត [ក្នុងការប្រឆាំងនឹងការលាងលុយកខ្វក់]។ មិនមែនបានសេចក្តីថា យើង បានប៉ុណ្ណឹងហើយ យើង ជិះសេះលែងដៃ ហើយលែងគិតគូរពីការចរាចរលុយកាក់ ដែលនាំទៅរកភេរវកម្ម ឬអំពើឧក្រិដ្ឋផ្សេងៗទេ»។  
  

សម្តេច ស ខេង ថ្លែងក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

កម្ពុជា បានដាក់របាយការណ៍អំពីការប្រឹងប្រែងកម្ចាត់អំពើសម្អាតប្រាក់កខ្វក់ ជូនទៅអង្គការហ្វាតនាពេលកន្លងមក។ សម្តេច ស ខេង ថ្លែងថា អង្គការនេះ បានបើកមហាសន្និបាត ដើម្បីពិនិត្យរបាយការណ៍របស់កម្ពុជា ហើយសរសើរពីលទ្ធផល ដែលកម្ពុជាទទួលបានក្នុងការកម្ចាត់អំពើលាងលុយកខ្វក់។ សម្តេច អះអាងថា ទោះជាយ៉ាងណា របៀបធ្វើការរបស់អង្គការនេះ គឺត្រូវចុះដល់កន្លែងផ្ទាល់ ដើម្បីពិនិត្យពីស្ថានភាពជាក់ស្តែង ទៅនឹងរបាយការណ៍។ 
 
ប្រទេស ដែលត្រូវចាត់ទុកថា មានស្ថានភាពមិនល្អពាក់ព័ន្ធនឹងការលួចសម្អាតប្រាក់កខ្វក់ដោយក្រុមឧក្រិដ្ឋជន ត្រូវប្រឹងប្រែងធ្វើកិច្ចការលើចំណុច២ គឺ ចំណុច IO7 និង ចំណុច IO8។ ចំណុច IO7 សំដៅលើកិច្ចការក្នុងការបង្រ្កាបបទល្មើសឧក្រិដ្ឋពាក់ព័ន្ធនឹងការលួចសម្អាតប្រាក់ ឯ ចំណុច IO8 សំដៅលើកិច្ចការក្នុងការបង្កក ឬការរឹបអូសធនធានកខ្វក់របស់ឧក្រិដ្ឋជន។ 
 
សម្តេច ស ខេង ធ្លាប់លើកឡើងកន្លងមកថា ការស្រាវជ្រាវរកឲ្យឃើញពីប្រភពធនធានកខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ ដែលជាកិច្ចការក្នុងចំណុច IO8  គឺជាកិច្ចការ ដែលកម្ពុជាត្រូវបន្តធ្វើ ដើម្បីឲ្យកម្ពុជា អាចរួចផុតពីបញ្ជីប្រផេះរបស់អង្គការ FATF។ សម្តេច មើលឃើញថា បើកម្ពុជា មិនរួចផុតពីបញ្ជីប្រផេះរបស់អង្គការហ្វាតទេនោះ ធនាគារនៅកម្ពុជា នឹងមានឧបសគ្គក្នុងការធ្វើប្រតិបត្តិការលើវិស័យធនាគារ៕ 
 
 
 

Tag:
 ករណីលាងលុយកខ្វក់
  FATF
© រក្សាសិទ្ធិដោយ thmeythmey.com