អន្តរជាតិ
រដ្ឋាភិបាល​អ៊ុយក្រែន​ថា មនុស្ស​២នាក់​ត្រូវ​បាន​សម្លាប់ បើទោះបី​មាន​បទឈប់​បាញ់គ្នា​របស់​រុស្ស៊ី​ក៏ដោយ
10, Jan 2023 , 7:29 pm        
រូបភាព
ដោយ: VOA
ក្រុម​អ្នកជួយ​សង្គ្រោះ​អ៊ុយក្រែន​ធ្វើការ​នៅ​កន្លែង​ដែល​រង​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី បន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​ទៅ​លើ​ទីផ្សារ​មួយ​កន្លែង​ក្នុង​ភូមិ Shevchenkove នៃ​តំបន់ Kharkiv នៅ​ថ្ងៃ​ទី៩ ខែមករា ឆ្នាំ​២០២៣។

 
ពលរដ្ឋ​អ៊ុយក្រែន២នាក់ត្រូវ​បាន​សម្លាប់​ ហើយ៩នាក់​ផ្សេងទៀត​បាន​រងរបួស ថ្វីបើ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ជាឯកតោ​ភាគី​ឱ្យ​កងទ័ព​របស់​លោក​បញ្ឈប់​ការវាយ​ប្រហារ​នៅ​ថ្ងៃ​បុណ្យគ្រិស្តម៉ាស Orthodox ក៏​ដោយ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋាភិបាលក្រុង​កៀវ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ហើយដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។
 
លោក Kyrylo Tymoshenko អនុ​ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ដោយសារ«ការឈ្លានពាន​ប្រដាប់​អាវុធ​របស់​រុស្ស៊ី» មនុស្ស​ម្នាក់​បាន​ត្រូវ​គេ​សម្លាប់​ ហើយ​៨នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​តំបន់ Donetsk ខាង​កើត​ក្នុង​រយៈពេល២៤ម៉ោង​កន្លង​មក​នេះ។
 
លោក Tymoshenko បាន​និយាយ​ទៀត​ថា មនុស្ស​លើសពី​ម្នាក់​បាន​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​តំបន់ Kharkiv ភាគ​ឦសាន្ត ​ហើយ​នឹង​ម្នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​តំបន់ Kherson នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ។
 
ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «ថ្វីបើ​មាន​ការឈប់​បាញ់​គ្នា​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ពួក​ឈ្លានពាន​រុស្ស៊ី​ក៏​ដោយ ក៏​ក្នុង​រយៈពេល​ជាង​មួយ​ថ្ងៃ​កន្លង​មក​នេះ ពួក​សត្រូវ​បាន​បាញ់​កាំជ្រួច​មីស៊ីល​ចំនួន៩គ្រាប់​ និង​ការវាយ​ប្រហារ​តាម​អាកាស៣ដង​ ហើយ​បាន​វាយប្រហារ​ចំនួន៤០លើក​ដោយ​គ្រាប់​រ៉ុក្កែត​មកពី​គ្រប់​ទិសទី»។
 
ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ក៏​បាន​បញ្ជាក់​ទៀត​ថា «ជាពិសេស​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​បាន​រងការវាយ​ប្រហារ»។
 
លោក Putin បាន​បញ្ជា​ឱ្យ​មាន​ការឈប់​បាញ់​គ្នា​រយៈពេល៣៦ម៉ោង​ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ Orthodox ប្រារព្ធ​បុណ្យ​គ្រឹស្តសាសនា​ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧ ខែ​មករា​ នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ និង​អ៊ុយក្រែន។ បទឈប់​បាញ់​គ្នា​ត្រូវ​បាន​បញ្ចប់​កាលពី​ម៉ោង១១យប់​នៅ​ក្នុង​ទីក្រុង​កៀវ​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន។
 
រដ្ឋាភិបាល​ក្រុង​កៀវ​និង​ពួក​អ្នក​កាសែត​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP ដែល​ស្ថិត​នៅ​លើ​សមរភូមិ​បាន​និយាយ​ថា មាន​សញ្ញា​តិចតួច​នៃ​ការប្រយុទ្ធ​គ្នា​បាន​ចុះ​ថមថយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។
 
លោក Pavlo Kyrylenko ប្រធាន​រដ្ឋបាល​តំបន់ Donetsk បាន​និយាយ​ថា «បន្ទាប់ពី​ពាក់​កណ្តាល​អាធ្រាត ពួក​សត្រូវ​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ចំនួន៧គ្រាប់​ទៅលើ​តំបន់ Kramatorsk និង​ទីក្រុង២ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ Kostyantynivka»។
 
អ៊ុយក្រែន​បាន​ច្រានចោល​បទ​ឈប់គ្នានោះ​ ដោយ​និយា​ថា ​វា​ជា​កលល្បិច​របស់​រុស្ស៊ី​ដើម្បី​ចំណេញ​ពេលវេលា​ក្នុង​ការប្រមូល​កម្លាំង​របស់​ខ្លួន​ឡើង​វិញ​ និង​បង្កើន​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ បន្ទាប់ពី​ចាញ់​នៅ​ក្នុង​សមរភូមិ​ជា​បន្ត​បន្ទាប់​មក៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com