អន្តរជាតិ
ចិន​ថា​ស្ថានការណ៍​កូវីដ១៩​ អាច​ព្យាករណ៍​និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន
11, Jan 2023 , 8:29 am        
រូបភាព
ដោយ: VOA
អ្នក​ដំណើរ​ពាក់មា់ស​នៅ​ស្ថានីយ​រថភ្លើង​ West Railway Station ក្នុងទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣។

 
ក្រសួង​ការបរទេស​ចិន បាន​ច្រានចោល​ប្រតិកម្ម​និង​ការរិះ​គន់​នានា​ពាក់​ព័ន្ធ​ទៅនឹង​ការ​កើនឡើង​នូវ​ចំនួន​ករណីឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន ដោយ​ថ្លែង​ថា ស្ថានការណ៍​នៅ​ប្រទេស​ចិន​អាច​ព្យាករណ៍​បាន និង​កំពុង​ស្ថិត​ក្រោម​ការគ្រប់គ្រង​បាន។
 
មាន​ការព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​ហក់​ឡើង​នៃ​ចំនួន​ករណីឆ្លង​ជំងឺ​កូវីដ១៩ នៅក្នុង​ប្រទេស​ចិន បន្ទាប់​រដ្ឋាភិបាល​បាន​លើក​លែង​ការ​រឹតបន្តឹង​វិធានការ​គ្រប់​គ្រង​កូវីដ១៩ កាល​ពី​ខែ​មុន។ ចិន​ធ្លាប់​បាន​អនុវត្ត​វិធានការ​បង្ការ​កូវីដ១៩ ដ៏តឹងរ៉ឹង​បំផុត​នៅ​លើ​ពិភពលោក។
 
សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស បារាំង កាណាដា កូរ៉េខាងត្បូង អេស្ប៉ាញ និង​កាតា កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ដាក់​លក្ខខណ្ឌ​រឹត​បន្ដឹង​លើ​ការ​ធ្វើ​ដំណើរ​សម្រាប់​អ្នកដំណើរ​មក​ពី​ប្រទេស​ចិន ដោយ​តម្រូវ​ឲ្យ​ពួក​គេ​បង្ហាញ​ប័ណ្ណ​បញ្ជាក់​ពី​ភាពអវិជ្ជមានជំងឺ​កូវីដ១៩ មុន​ពេល​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេសរបស់​ពួកគេ។ មន្ត្រី​សហភាព​អឺរ៉ុប ក៏​កំពុង​ពិចារណា​ទៅ​លើ​វិធានការ​ស្រដៀងគ្នា​នេះ​ផងដែរ។
 
ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​សុក្រ អ្នកស្រី Mao Ning អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចំណាត់ការ​ថ្មី​នេះ​គឺ​ជា​រឿង​«មិនសម​ហេតុផល»។
 
អ្នកស្រី​ថ្លែងថា​ ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​មិន​ដាក់​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​ទេសចរ​ចិន។ អ្នកស្រី​បញ្ជាក់​ថា មេដឹកនាំ​សហភាព​អឺរ៉ុប​គួរ​តែ​មាន​ការ​វិនិច្ឆ័យ​ផ្អែក​លើ​ហេតុផល​ និង​គួរ​តែ​មើល​ឃើញ​ពី​ការ​ឆ្លើយ​តប​របស់​ចិន​ទៅ​លើ​ជំងឺ​កូវីដ១៩ ដោយ​ភាព​មិនលម្អៀង​ និង​យុត្តិធម៌។
 
ក្រុម​មន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​រិះ​គន់​ការ​ឱ្យ​និយមន័យ​ដ៏​ចង្អៀតចង្អល់​របស់​ចិន​ទៅ​លើករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ និង​បាន​ព្រមាន​ថា ស្ថិតិ​ផ្លូវការ​អំពី​ករណី​ជំងឺកូវីដ១៩ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្ទុះ​ឡើង​ជាក់​ស្ដែង​នោះ​ទេ។
 
លោក Michael Ryan នាយក​កម្មវិធី​គ្រាអាសន្ន​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​ថា អង្គការ​សុខភាព​ពិភព​លោក​ជឿ​ថា៖ «តួលេខ​បច្ចុប្បន្ន​ដែល​ចិន​បាន​ផ្សព្វផ្សាយ មិន​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ៩ ជាក់​ស្ដែង​នោះ​ទេ ដូចជា​ចំនួន​អ្នក​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ICU ជាពិសេស​ទៀត​នោះ​គឺ​ចំនួន​អ្នកស្លាប់»។
 
អ្នកស្រី​ Mao អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន កាល​ពី​ថ្ងៃសុក្រ​ ទី ៦ ខែមករា បាន​ថ្លែង​យ៉ាង​ទទូច​ថា ប្រទេស​របស់​អ្នកស្រី​បាន​ចែក​រំលែក​រាល់​ទិន្នន័យ​វិទ្យាសាស្ត្រ​ជាមួយ​សហគមន៍​អន្តរជាតិដែល​ពាក់​ព័ន្ធ «ដោយ​បើក​ចំហ និង​ប្រកប​ដោយ​តម្លាភាព»។
 
លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការព្រួយ​បារម្ភ​អំពី​ការ​បដិសេធ​របស់​ចិន ក្នុង​ការ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ ផលិត​តាម​រូបមន្ត mRNA ដែល​ជា​រូបមន្ត​វ៉ាក់សាំង​កូវីដ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​ប្រទេស​លោក​ខាងលិច​ភាគច្រើន។ ចិន​ថែម​ទាំង​បាន​បដិសេធ​សំណើផ្ដល់​វ៉ាក់សាំង​ពី​សហភាព​អឺរ៉ុប​ផងដែរ។ វ៉ាក់សាំង​ដែល​ផលិត​ដោយ​រូបមន្ត RNA ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ប្រសិទ្ធភាពខ្ពស់​ជាង​វ៉ាក់សាំង​ដែល​ផលិត​ក្នុង​ស្រុក​របស់​ចិន។
 
វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ ទី ៦ ខែមករា ថា ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​មកពី​មហាវិទ្យាល័យ​ជំងឺរាតត្បាត​សុខភាព​សាធារណៈ​នៃ​សាកល​វិទ្យាល័យ Brown និង​វិទ្យាស្ថាន​ច្បាប់​សុខភាព​ជាតិ​និង​សាកល​នៃ​សាកល​វិទ្យាល័យ Georgetown នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​ទៅ​លើ​ការ​ហក់​ឡើង​នៃ​ជំងឺកូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន។
 
ថ្លែង​តាម​រយៈ​សំណេរ​ដាច់ដោយឡែក​ពី​គ្នា​មក​កាន់​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន ក្រុម​មន្ត្រី​ជំនាញ​បាន​និយាយ​ថា ការ​ដាក់​លក្ខខណ្ឌ​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​មុន​ការ​ធ្វើ​ដំណើរ​ពី​សំណាក់​រដ្ឋាភិបាល​នានា​នៅ​លើ​ពិភពលោក​អាច​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​វីរុស​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ ​បាន​តិច​តួច​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​រដ្ឋាភិបាល​ទាំង​នោះ​យល់​អំពី​មហិច្ឆតា​ផ្នែក​នយោបាយ​ដែល​តម្រូវឱ្យពួក​គេ​ដាក់​វិធានការរឹតបន្ដឹង​មួយ​ចំនួន។
 
លើស​ពី​នេះ​ទៀត ពួក​គេ​មាន​ចម្ងល់​ទៅលើ​ការសម្រេច​ចិត្ត​របស់​ចិន​ដែល​បដិសេធមិន​ប្រើប្រាស់​វ៉ាក់សាំង mRNA ដែល​ចំណុច​នេះ​ពួក​គេ​ថ្លែង​ថា មិន​មាន​អ្វី​ពាក់​ព័ន្ធ​នឹង​វិទ្យាសាស្ត្រ​នោះ​ទេ ប៉ុន្តែ​ការ​បដិសេធ​នេះ​ទំនង​ជា​ដោយសារតែ​ចិន​មិន​ចង់​សារភាព​ថា វ៉ាក់សាំង​របស់​ខ្លួន​មិន​មាន​ប្រសិទ្ធភាព​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com