ជាតិ
ថ្នាក់ដឹកនាំ​ប្រទេសមេគង្គជួបប្រជុំកំពូល​លើកទី៤នៅ​វៀង​ចន្ទន៍​ខែមេសា ដើម្បី​ឆ្លើយ​តបបញ្ហា​ប្រឈមនានា
11, Jan 2023 , 11:15 am        
រូបភាព
មេដឹកនាំនៃបណ្តាប្រទេសមេគង្គ នាកិច្ច​ប្រជុំកំពូលលើកទី៣នៅសៀមរាប កាលពីខែមេសា ឆ្នាំ២០១៨។ រូបថត MRC
មេដឹកនាំនៃបណ្តាប្រទេសមេគង្គ នាកិច្ច​ប្រជុំកំពូលលើកទី៣នៅសៀមរាប កាលពីខែមេសា ឆ្នាំ២០១៨។ រូបថត MRC
ដោយ: រួបរួម
ប្រមុខ​រដ្ឋាភិបាល​នៃបណ្តា​ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (MRC) នឹងជួបគ្នា​នា​កិច្ច​ប្រជុំកំពូល​លើកទី៣ និង​សន្និសីទ​អន្តរជាតិ​របស់ MRC ពីថ្ងៃទី២ ដល់ថ្ងៃទី​៥ ខែមេសា ខាងមុខ នៅក្រុង​វៀងចន្ទន៍ ប្រទេសឡាវ។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់ MRC នៅ​ថ្ងៃទី១០ ខែ​មករា ដោយ​កិច្ច​ប្រជុំ​នឹង​ផ្តោត​លើ​ការកំណត់​ជោគវាសនា​របស់អាង​ទន្លេ​មេគង្គ។

 
បញ្ហា​ប្រឈម​នានា​ដោយ​រាប់ចាប់តាំងពី​ផល​វិបាក​នៃ​ការ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នឹង​ទឹក ​រហូតដល់​ការ​ប្រែប្រួល​អាកាសធាតុ កំពុង​ជះឥទ្ធិពលដល់ទន្លេមេគង្គ ដែលជាមធ្យោបាយ​ផ្លូវ​ទឹក​ធំជាងគេ​បំផុត​នៅ​តំបន់អាស៊ីអាគ្នេយ៍។ ទាំងនេះជាបញ្ហា​ដែល​មេដឹកនាំនយោបាយ​កម្រិតខ្ពស់​របស់​កម្ពុជា ឡាវ ថៃ និង​វៀតណាម រួមទាំង​គណៈប្រតិភូជាន់ខ្ពស់​ពី​ដៃគូសន្ទនារបស់ MRC ពោលគឺ​ចិន និង​មីយ៉ាន់ម៉ា ត្រូវបន្ត​ស្វែងរកគន្លឹះ​រួមគ្នា​ដោះស្រាយ។
 
«ទន្លេមេគង្គ​កំពុង​បាន​ឆ្លង​កាត់​នូវ​ការ​ផ្លាស់ប្តូរ​យ៉ាងសម្បើម។ យើងត្រូវ​តែ​ច្នៃប្រឌិត​ឥតឈប់ឈរទាំងនៅ​ក្នុងផ្នែកគោល​នយោបាយ យុទ្ធសាស្ត្រ និង​បច្ចេក​វិទ្យា​ដើម្បីនាំឲ្យ​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍អាងទន្លេមេគង្គ​កាន់តែមានទំនួល​ខុស​ត្រូវ និង​ប្រកប​ដោយចីរភាព»។ នេះជាការលើកឡើង​របស់​បណ្ឌិត អានុល័ក ខិធិឃួន (Anoulak Kittikhoun) នាយកប្រតិបត្តិ​នៃលេខាធិការ​ដ្ឋាន MRC។
 
សេចក្តី​ប្រកាសព័ត៌មាន​ដដែល បាន​បញ្ជាក់ថា កិច្ច​ប្រជុំកំពូល​លើកទី៤ ដែល​នាំមុខ​ដោយសន្និសីទអន្តរជាតិ ផ្តោត​លើ​ប្រធានបទ «នវានុវត្តន៍ និង​កិច្ច​សហប្រតិបត្តិការសម្រាប់សន្តិសុខទឹក និងទន្លេមេគង្គប្រកបដោយចីរភាព»។ សន្និសីទនេះ ត្រូវបាន​រំពឹងថា នឹងមាន​ការចូលរួមពីភាគីពាក់ព័ន្ធ ជំនាញ​ការ និង​អ្នក​ចាប់អារម្មណ៍ ប្រមាណ​៤០០នាក់។
 
សារសំខាន់ៗ និង​អនុសាសន៍នានា​ដែលបានពី​សន្និសីទពីថ្ងៃទី២ ដល់ថ្ងៃទី​៣ ខែមេសា នឹង​ត្រូវដាក់​ចូល​សម្រាប់ការពិភាក្សា​ក្នុង​កិច្ច​ប្រជុំកំពូល​លើកទី៤ ដើម្បីកំណត់ពី​អនាគត និងទិសដៅយុទ្ធសាស្ត្រ​សម្រាប់​ទន្លេមេគង្គ​ ដូចកិច្ច​ប្រជុំកំពូល​៣លើក​កន្លងមក ដោយឆ្នាំ២០១០ រៀបចំនៅ​ប្រទេសថៃ ឆ្នាំ២០១៤នៅវៀតណាម និង​ឆ្នាំ​២០១៨នៅ​កម្ពុជា។
 
គណៈកម្មការទន្លេមេគង្គ (MRC) ជាស្ថាប័ន​អន្តររដ្ឋាភិបាលដែល​ត្រូវបាន​បង្កើតឡើង​កាលពីឆ្នាំ១៩៩៥។ ស្ថាប័ន​នេះ បំពេញ​តួនាទីជា​វេទិកាថ្នាក់​តំបន់​សម្រាប់​ការទូតទឹក​ និងជាមជ្ឈមណ្ឌល​ចំណេះដឹង ដោយអនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទន្លេមេគង្គ​ក្នុង​ចំណោម​ប្រទេសកម្ពុជា ឡាវ ថៃ និង​វៀតណាម៕
 
 
 
 

Tag:
 មេគង្គ​
  MRC
© រក្សាសិទ្ធិដោយ thmeythmey.com