អន្តរជាតិ
អាជ្ញាធរ​ប្រេស៊ីល​សន្យា​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ក្រោយ​មាន​ការវាយ​ប្រហារ​លើ​អគារ​រដ្ឋាភិបាល
11, Jan 2023 , 7:29 pm        
រូបភាព
ដោយ: VOA
នៅ​ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ទាហាន​ម្នាក់​ប្រមូល​ទង់ជាតិ បន្ទាប់ពី​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro បាន​សម្រុក​ចូល​អគារ​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា កាលពី​ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣។

 
កាលពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​ប្រេស៊ីល​បាន​សន្យា​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​ថ្កោលទោស​«សកម្មភាព​ភេរវកម្ម» ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​របស់​អតីត​ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro បាន​សម្រុក​ចូល​និង​បំផ្លិចបំផ្លាញ​អគារ​សភា តុលាការ​កំពូល និង​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា។
 
ប្រធានាធិបតី​ប្រេស៊ីល​លោក Luiz Inácio Lula da Silva ថ្នាក់​ដឹកនាំ​សភា និង​ប្រធាន​តុលាការ​កំពូល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​បញ្ជាក់​ថា «អ្នក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ» នៅ​ក្នុង​ប្រទេស​ប្រេស៊ីល «ទាត់ចោល​នូវ​សកម្មភាព​ភេរវកម្ម ការ​បំផ្លិចបំផ្លាញ ឧក្រិដ្ឋកម្ម និង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ» ហើយ​«រួម​គ្នា​ជា​ធ្លុង​មួយ​នៅ​ក្នុង​ការ​ចាត់​វិធានការ​បែប​ស្ថាប័ន​ស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេស​ប្រេស៊ីល»។
 
លោក Lula បាន​ទៅ​ពិនិត្យ​មើល​អគារ​រដ្ឋាភិបាល​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទាំង​នោះ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ និង​បាន​ចេញ​បញ្ជា​ឱ្យ​មាន​ការ​អន្តរាគមន៍​ផ្នែក​សន្តិសុខ​ពី​រដ្ឋាភិបាល​សហព័ន្ធ​នៅ​ក្នុង​សង្កាត់​សហព័ន្ធ​របស់​ទីក្រុង​ប្រាស៊ីលីយ៉ា។ បទ​បញ្ជា​នេះ​ផ្ដល់​អំណាច​ពិសេស​ដល់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ស្ដារ​ច្បាប់​និង​របៀប​រៀបរយ​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​និង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​មករា​ខាង​មុខ។
 
អាជ្ញាធរ​ប្រេស៊ីល​បាន​និយាយ​ថា ពួកគេ​បាន​ឃុំ​ខ្លួន​អ្នក​គាំទ្រ​លោក Bolsonaro ជាង ១.២០០ នាក់។ លោក Bolsonaro គឺ​ជា​អតីត​មេដឹកនាំ​ប្រេស៊ីល​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម​ជ្រុល ដែល​បាន​ចាញ់​លោក Lula ដែល​ជា​អ្នក​ប្រកាន់​ទស្សនៈ​ឆ្វេង​និយម យ៉ាង​ប្រផិតប្រផើយ​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​តុលា​ឆ្នាំ​មុន។
 
នាពេល​បច្ចុប្បន្ន​នេះ លោក Bolsonaro កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង Orlando រដ្ឋ Florida សហរដ្ឋ​អាមេរិក។
 
សមាជិក​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ជូន​លោក Bolsonaro ត្រឡប់​ទៅ​ប្រទេស​ប្រេស៊ីល​វិញ។
 
សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Texas លោក Joaquin Castro បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា៖ «សហរដ្ឋ​អាមេរិក​មិន​គួរ​ជា​ទី​ជ្រក​ពួន​សម្រាប់​ជន​ផ្ដាច់ការ​នេះ​ទេ ដែល​ជន​នេះ​បាន​ជំរុល​ទឹកចិត្ត​ឱ្យ​មាន​អំពើ​ភេវកម្ម​ក្នុង​ស្រុក​កើតឡើង​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល»។
 
សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​មិន​ទាន់​ទទួល​បាន​សំណើ​ណា​មួយ​ពី​រដ្ឋាភិបាល​ប្រេស៊ីល​ទាក់ទិន​នឹង​រឿង​លោក Bolsonaro នេះ​នៅ​ឡើយ​ទេ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com