អន្តរជាតិ
ក្រុម​បរិស្ថាន​ Extinction Rebellion ផ្អាក​យុទ្ធសាស្រ្ត​ «រំខាន​តាម​ទីសាធារណៈ»
12, Jan 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ ក្រុមស​កម្មជន ​Extinction Rebellion តវ៉ា​ប្រឆាំង​នៅ​ខាង​មុខ​រូប​គំនូរ​
រូបឯកសារ៖ ក្រុមស​កម្មជន ​Extinction Rebellion តវ៉ា​ប្រឆាំង​នៅ​ខាង​មុខ​រូប​គំនូរ​ 'Guernica' របស់​វិចិត្រករ Pablo Picasso នៅ​សារមន្ទីរ Reina Sofia ដើម្បី​ប្រឆាំង​នឹង​កិច្ចប្រជុំ​កំពូល​មួយ​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ម៉ាទ្រីដ ប្រទេស​អេស៉្បាញ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២។
ដោយ: VOA
ក្រុមសកម្មជន​បរិស្ថាន Extinction Rebellion បាន​និយាយ​កាល​ពី​ថ្ងៃ​ទី១ ខែមករា​ថា ខ្លួន​នឹង​លែង​បង្កការ​បិទ​បណ្តាញ​ផ្លូវ​គមនាគម៍​នៅ​ចក្រភពអង់គ្លេស​ត​ទៅ​ទៀតហើយ​ តែថា​នឹង​ត្រៀម​ធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​អង់គ្លេស ​នៅ​ខែ​មេសា​ ជំនួស​វិញ។

 
ក្រុមសកម្មជន​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ ​២០១៨ ​បាន​ធ្វើ​ការ​តវ៉ា​ក្នុង​ទម្រង់​ផ្សេងៗ​ជា​ប្រចាំ​ ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា ភាព​អសកម្មរបស់​រដ្ឋាភិបាល​លើ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ។
 
ក្រុម​សកម្មជន​នេះ​ទទួល​បាន​ភាព​ល្បីរន្ទឺ​ដ៏​អាក្រក់​ចំពោះ​ការ​បិទ​ប្រព័ន្ធផ្លូវ​រថភ្លើង ​ព្រលានយន្ត ហោះ​ និង​ផ្លូវ​ថ្នល់ ដោយ​បង្ក​ចលាចល​ដល់​អ្នក​ធ្វើ​ដំណើរ។ កាលពី​ចុង​ខែ​សីហា ពួកគេ​បាន​បិទ​ស្ពាន​ជា​និមិត្តរូប Tower Bridge ក្នុង​ក្រុង​ឡុងដ៍​ផងដែរ។
 
ក្រុម​នេះ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ខណៈ​យើង​អបអរសាទរ​ឆ្នាំ​ថ្មី យើង​បាន​ធ្វើ​សេចក្តី​សម្រេច​ដ៏​ចម្រូង​ចម្រាស​មួយ​ ដោយ​ងាកចេញ​ជា​បណ្តោះអាសន្ន​ពី​ការ​រំខាន​នៅ​តាម​ទីសាធារណៈ​ ដែល​ធ្លាប់​ត្រូវ​បានប្រកាន់​យក​ជា​យុទ្ធសាស្រ្ត​ចម្បង»។
សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា៖ «នា​ឆ្នាំ​នេះ យើង​ផ្តល់​អាទិភាព​លើ​ការ​ចូលរួម​ជាជាង​ការ​ចាប់ខ្លួន​និង​ទំនាក់​ទំនង​ជាជាង​ការ​បិទផ្លូវ ស្រប​ពេល​យើង​ឈរ​ជាមួយ​គ្នា និង​ក្លាយ​ជា​អ្វី​មួយ​ដែល​មិន​អាច​ត្រូវ​មើលរំលង»។
 
ខណៈ​ពេល​ទទួល​ស្គាល់​នូវ «ឥទ្ធិពល​នៃ​សកម្មភាព​រំខាន​ដើម្បី​ធ្វើឲ្យមាន​ការ​ដឹងឮ» ក្រុម​សកម្មជន​នេះ​និយាយ​ថា ឥឡូវ​នេះ​ ខ្លួន​នឹង​ផ្តោត​លើ​ការបង្អាក់​ «ការ​រំលោភ​បំពាន​អំណាច​ និង​អតុល្យភាព» តាមរយៈ​ការ​ទាមទារ​ឲ្យ​អ្នក​នយោបាយ​បញ្ឈប់​ការ​ប្រើប្រាស់​ឥន្ធនៈ​ផូស៊ីល។
 
ក្រុម​នេះ​កំពុង​កោះហៅ​មនុស្ស​ចំនួន​ ១០០.០០០​នាក់ ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​សភា​អង់គ្លេស​ ក្នុង​ក្រុង​ឡុងដ៍​ នៅ​ថ្ងៃ​ទី២១ ខែ​មេសា។
សកម្មភាព​របស់​ក្រុម​នេះ​បាន​បង្ក​ឲ្យ​សាធារណជន​មួយ​ភាគធំ​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​អភិរក្ស​ និង​បណ្តាញ​ផ្សព្វផ្សាយ​ភាគច្រើន​ មាន​ការ​ខឹង​សម្បា។
 
សកម្មជន​មួយ​ចំនួន​ត្រូវ​បាន​ចាប់ខ្លួន ហើយ​រដ្ឋាភិបាល​កំពុង​ស្វែងរក​ផែនការ​ដើម្បី​ដាក់​ឲ្យ​ខុស​ច្បាប់​ចំពោះ​យុទ្ធសាស្រ្ត​តវ៉ា​របស់​ក្រុម​នេះ។
 
ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុងក្រោយបង្អស់​ ក្រុម​សកម្មជន​នេះ​បាន​អះអាង​ថា៖ «ការប៉ុនប៉ង​យ៉ាង​ឃោឃៅ​ចុងក្រោយ​បង្អស់​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទនិងដាក់​បាតុកម្មដ៏​មាន​ឥទ្ធិពល​នេះ​ខុសច្បាប់​គឺ​គ្រាន់​តែ​បង្កើន​នូវ​ការ​អាណិត​ពី​សាធារណៈ​ចំពោះ​ក្រុម​សកម្មជន​ដ៏​ក្លាហាន​ ដែល​ប្រើ​ប្រាស់​សំឡេង​របស់​ពួកគេ​ដើម្បី​ទាមទារ​យុត្តិធម៌ និង​ការ​ការពារ​ប្រកប​ដោយ​ក្តីស្រឡាញ់​ចំពោះ​មនុស្សជាតិ​តែ​ប៉ុណ្ណោះ»។ ​
 
ក្រៅពី​នេះ​ ក៏​មាន​ក្រុម​ជ្រុលនិយម​ជាង​ក្រុម​សកម្មជន ​Extinction Rebellion ​ផង​ដែរ​ដូចជា ក្រុម ​Just Stop Oil ​និង​ក្រុម ​Insulate Britain​ជា​ដើម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com