អន្តរជាតិ
​ថៃ​​ គ្រោងយកប្រាក់៩ដុល្លារពីភ្ញៀវ​ទេសចរបរទេស​ចាប់ពី​ខែមិថុនា​
12, Jan 2023 , 9:29 am        
រូបភាព
ចាប់ពីខែមិថុនា ថៃនឹងចាប់ផ្តើមប្រមូលប្រាក់៣០០បាតដែលស្មើនឹង៩ដុល្លារពីភ្ញៀវ​ទេសចរបរទេសដែលចូលប្រទេសខ្លួន។ ប្រាក់៣០០បាតនេះ នឹងចូលរួមចំណែកជាផ្នែកមួយសម្រាប់ជួយដល់ភ្ញៀវទេសចរពេលមានបញ្ហាពាក់ព័ន្ធនឹងគ្រោះថ្នាក់ និងដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍ក្នុងប្រទេស។



ទេសចរណ៍ ជាវិស័យដ៏សំខាន់មួយសម្រាប់ប្រទេសថៃដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍។ វិស័យទេសចរណ៍ក៏បានរួមចំណែកប្រហែល១២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ថៃមុនពេលជំងឺកូវីដ-១៩ផងដែរ។
 
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ Phiphat Ratchakitprakarn ​ជនបរទេសដែលចូលក្នុងប្រទេសថៃនឹងត្រូវយកប្រាក់៩ដុល្លារលើកលែងតែជនបរទេសដែលមានប័ណ្ណការងារ និងជនបរទេសដែលចូលក្នុងប្រទេសថៃរយៈពេលខ្លីប៉ុណ្ណោះ។ លោកក៏បានបញ្ជាក់ថា ថៃរំពឹងថានឹងមានភ្ញៀវទេសចរចំនួន២៥លាននាក់នៅឆ្នាំនេះ។ 
 
លោក Phiphat ក៏បានបន្ថែមថា ការ​ចំណាយ​លើ​វិស័យ​ទេសចរណ៍ក្នុងឆ្នាំនេះត្រូវ​បាន​ព្យាករ​ថា​នឹង​ឡើង​ដល់​យ៉ាង​ហោច​ណាស់២,៣៨ពាន់​ពាន់​លាន​បាត។ 
 
គួរបញ្ជាក់ថា សំណើ​នេះ​ត្រូវ​បានយកមកពិចារណា​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​មុន និងកំពុងរង់ចាំការអនុម័ត​ពី​គណៈរដ្ឋមន្ត្រី។ កាលពីឆ្នាំ ២០១៩ កន្លងទៅថៃបានស្វាគមន៍ភ្ញៀវ​ទេសចរបរទេសជាង៤០លាននាក់​៕
​ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com