សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
World Bank ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ១,៧៥ភាគរយ
12, Jan 2023 , 9:59 am        
រូបភាព
ធនាគារពិភពលោក (WB) បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ដោយអះអាងថា បណ្តាប្រទេសនានានឹងបន្តប្រឈមមុខការលំបាកជាច្រើន។

 
ធនាគារ​ពិភពលោក​ទើប​តែ​ចេញ​ផ្សាយ​នូវការ​ព្យាករ​ចុង​ក្រោយ​របស់​ខ្លួន​ដោយបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ មកត្រឹម ១,៧៥ភាគរយ ជំនួសឱ្យអត្រា ៣ភាគរយដែលខ្លួនបានព្យាករកន្លងមក។ ការ​ធ្លាក់​ចុះ​នៃ​កំណើន​នេះ បាន​កើត​ឡើង​ស្របពេលដែល​ប្រទេស​​មាន​សេដ្ឋកិច្ចខ្លាំងខ្លា​ភាគច្រើនមានសន្ទុះកំណើនយឺតយ៉ាវ។
 
ធនាគារពិភពលោកបាន​ព្យាករ​​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​មានកំណើន​ត្រឹម​តែ​ ០,៥ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២៣ ខណៈ​ប្រទេស​ចិន​មានកំណើន ​៤,៣ភាគរយ។ ប្រទេសវៀតណាមត្រូវបានគេព្យាករថានឹងមានអត្រាកំណើនខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាមួយនឹងអត្រា ៦,៣ភាគរយនៅឆ្នាំ ២០២៣។
 
លោក Ayhan Kose នាយកនៃក្រុមទស្សនវិស័យធនាគារពិភពលោកបានអះអាងថា ៖« ជារួមបណ្តាប្រទេសនានាត្រូវតែធានាឱ្យមានការអភិវឌ្ឍន៍ប្រកបដោយភាពច្បាស់លាស់ មានក្របខ័ណ្ឌគោលនយោបាយរឹងមាំ និងផែនការរយៈពេលមធ្យមច្បាស់លាស់។ ពួកគេកំពុងអនុវត្តកំណែទម្រង់ដែលចាំបាច់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច» ។
 
ការកើនឡើងអត្រាការប្រាក់ វិបត្តិស្បៀងអាហារ និងថាមពល និងជម្លោះប្រដាប់អាវុធបាននាំឱ្យបណ្តាប្រទេសជាច្រើនប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច។ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសរីកចម្រើន អាចប្រឈមមុខនឹងការលំបាកជាច្រើននៅពេលដោះស្រាយបន្ទុកបំណុលសាធារណៈ និងរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះ។
 
ធនាគារពិភពលោកក៏ជឿជាក់ផងដែរថាការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងអតិផរណាខ្ពស់នឹងបង្ខំឱ្យធនាគារកណ្តាលបន្តរឹតបន្តឹងអត្រាការប្រាក់។ នេះទំនងជាធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែបន្តធ្លាក់ចុះថែមទៀត៕
 

Tag:
 WB អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com